តារាចម្រៀងពន្លកថ្មីលោក សម្បត្តិ ដេវីត បានធ្វើឱ្យមហាជនទាំងក្នុង និងក្រៅសិល្បៈមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពីនារីម្នាក់មានហ្វេសប៊ុកឈ្មោះ Ah Rath Love ចេញមុខទម្លាយរឿងអាស្រូវថាលោក បោកប្រាស់យកលុយស្វាមីរបស់នាង អស់ជិត២ម៉ឺនដុល្លារយកមកបើកហាងលក់សម្លៀកបំពាក់បុរសនារីមួយកន្លែងនៅម្ដុំស្ទឹងមានជ័យ។
ទាក់ទងការលើកឡើងរបស់នារីឈ្មោះ Ah Rath Love នេះដែរ ម្ចាស់បទ« ច្រលំ » រូបនេះក៏បានឱ្យដឹងថា មិនមែនជាការពិតឡើយ គ្រប់យ៉ាងលោក នឹងបកស្រាយឱ្យពុកម៉ែបងប្អូនបានដឹងក្នុងពេលឆាប់ៗនេះថាការពិតវាយ៉ាងណានោះ។ លោកថា« ខ្ញុំមិនសុខចិត្តទេព្រោះគាត់បង្ហោះនេះធ្វើឲ្យប៉ះពាល់កេរ្តិ៍ឈ្មោះខ្ញុំខ្លាំងណាស់ តែពេលនេះខ្ញុំសុំមិននិយាយអ្វីច្រើនទេ តែតិចទៀតខ្ញុំនឹងបកស្រាយឱ្យពុកម៉ែបងប្អូនបានដឹង ដើម្បីយកភាពស្អាតស្អំរបស់ខ្ញុំមកវិញ»។
សូមរំឭកបញ្ជាក់ថា នារីដែលមានហ្វេសប៊ុកឈ្មោះ Ah Rath Love នោះបានបង្ហោះសារនៅលើហ្វេសប៊ុកថា៖”ខ្ញុំទ្រាំលែងបានហើយ មើលមុខឱ្យហើយបងប្អូន ហាងដែលបានមកពីការជញ្ជក់ញើសឈាមប្ដីប្រពន្ធខ្ញុំ។ បោកប្ដីខ្ញុំឡើងអស់ពីខ្លួន ហ្នឹងហើយមិត្តល្អដែលប្ដីខ្ញុំគាត់ជឿទុកចិត្តស្មើនឹងបងបង្កើត។ ទឹកប្រាក់ដែលប្ដីខ្ញុំវេពីកូរ៉េទៅ ៦២២០ ដុល្លារ និង ១០២០០ ដុល្លារទៀត។ សរុបទាំងអស់១៦៤២០ ដុល្លារ ហើយមកនិយាយថា កម្លាំងញើសឈាមរបស់អ្នកឯងមុខអ្នកឯងវាក្រាស់អស់និយាយហ្មង”៕