ភ្នំពេញ៖ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលនៃធនាគារជាតិនៃកម្ពុជាបានលើកឡើងថា ទុនបម្រុងអន្តរជាតិបានកើនឡើងជាលំដាប់ដែលអាចធានាការនាំចូលទំនិញ និងសេវាបានរហូតដល់ 6ខែ។ ចំពោះវិស័យធនាគារ លំហូរវិនិយោគផ្ទាល់បរទេសមានកំណើនប្រមាណ 89% ដែលរួមចំណែកដោយលំហូរទុនវិនិយោគរបស់ធនាគារបរទេសថ្មីចំនួនពីរគឺប្រេដប៊ែង ខេមបូ ភីអិលស៊ី និងសាខាធនាគារមីហ្ស៊ូហូ អិលធីឌី គួបផ្សំនឹងការបន្ថែមដើមទុនរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដើម្បីអនុលោមតាមបទប្បញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា។
ការលើកឡើងខាងលើធ្វើឡើងក្នុងជំនួបជាមួយក្រុមបេសកកម្មពិគ្រោះយោបល់មាត្រាទី4 របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលដឹកនាំដោយ លោក Jarkko Turunen អនុប្រធានការិយាល័យនៃនាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិករបស់ IMF ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារដែលបេសកកម្មនេះមានគោលបំណងតាមដាន និងវាយតម្លៃអំពីវឌ្ឍនភាពស្ថានភាពសេដ្ឋកិច្ច និងវិស័យហិរញ្ញវត្ថុកម្ពុជា ព្រមទាំងផ្តល់ជាអនុសាសន៍គោលនយោបាយនានាដើម្បីបន្តពង្រឹងកំណើនសេដ្ឋកិច្ច។
ឯកឧត្តមបញ្ជាក់បន្ថែមថា ចំណែកកំណើនឥណទានបានថយចុះគួរឱ្យកត់សម្គាល់ពីប្រមាណជាមធ្យម 28%ក្នុងរយៈពេល5ឆ្នាំចុងក្រោយនេះមកត្រឹម16% នៅឆមាសទី1 ឆ្នាំ2017។ ម្យ៉ាងវិញទៀតធនាគារជាតិនៃកម្ពុជាបន្តពង្រឹងក្របខ័ណ្ឌបទប្បញ្ញត្តិ និងដាក់ចេញនូវវិធានការមីក្រូ និងម៉ាក្រូប្រុងប្រយ័ត្ននានា សំដៅរក្សាស្ថិរភាពហិរញ្ញវត្ថុ។ ការពង្រឹងឧបករណ៍គោលនយោបាយរូបិយវត្ថុផ្អែកលើយន្តការទីផ្សារ ព្រមទាំងវិធានការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ក៏ត្រូវបានបន្តយកចិត្តទុកដាក់បន្ថែមទៀតក្នុងគោលដៅរក្សាស្ថិរភាពថ្លៃ ក៏ដូចជាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។
លោក Jarkko Turunen មានប្រសាសន៍ថា IMF នឹងបន្តគាំទ្ររាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា តាមរយៈការផ្តល់ជំនួយបច្ចេកទេសក្នុងការអភិវឌ្ឍធនធានមនុស្ស។ នៅពីរសប្តាហ៍ខាងមុខនេះក្រុមបេសកកម្មរបស់លោកនឹងជួបពិភាក្សាការងារជាមួយភាគីពាក់ព័ន្ធនានា ដើម្បីវាយតម្លៃឱ្យបានស៊ីជម្រៅ ពីវឌ្ឍនភាព និងបញ្ហាប្រឈមចម្បងៗរបស់សេដ្ឋកិច្ចកម្ពុជា និងរួមចំណែកផ្តល់ជាអនុសាសន៍សំខាន់ៗដល់កម្ពុជា ក្នុងការបន្តសម្រេចបាននូវកំណើនរឹងមាំប្រកបដោយចីរភាព៕