ដូចប្រិយមិត្តជាច្រើនបានជ្រាបមកហើយថា ខ្សែភាពយន្តរឿង «កុមារី២៥ឆ្នាំ» បានបញ្ចេញជាលើកដំបូងនៅឆ្នាំ២០១២ ហើយបន្ទាប់ពីជោគជ័យនៅក្នុងការបញ្ជាំងដោយមានការគាំទ្រយ៉ាងខ្លាំងក្លានោះ រឿង «កុមារី២៥ឆ្នាំ វគ្គ២» ក៏បានបញ្ចេញជាថ្មីនៅឆ្នាំ២០១៣។ ក្រោយពីសម្រុកថតអស់រយៈពេលប៉ុន្មានខែមកនេះ «កុមារី ២៥ ឆ្នាំ វគ្គ៣» ស្រាប់តែប្រកាសចាក់បញ្ចាំងក្នុងពេលឆាប់ៗខាងមុខនេះហើយ។
តាមរយៈទំព័រផេកភាពយន្តរឿង «កុមារី ២៥ឆ្នាំ»បានឱ្យដឹងថា ភាពយន្តខ្នាតធំបែបកំប្លែង សើចចុកពោះប្រចាំឆ្នាំ ២០២០ នេះគឺរឿង «កុមារី ២៥ ឆ្នាំ វគ្គ៣»ដែលជាស្នាដៃនិពន្ធ និង ដឹកនាំរឿងដោយអ្នកស្រី ពាន់ ភួងបុប្ផា រួមសម្តែងដោយ ញ៉ែម សុគន្ធ និង នី មុល្លិកា រួមទាំងតារាកំប្លែងល្បីៗមួយចំនួនទៀតផង។ ជាពិសេសភាពយន្តនេះត្រូវបានសហការផលិតរួមគ្នារវាងផលិតកម្ម កងចក្រភីកឈ័រ និង ផលិតកម្ម អិមស៊ីអិនវីភីកឈ័រ។ ត្រៀមចាក់បញ្ចាំងឆាប់ៗនេះ នៅគ្រប់រោងភាពយន្តក្នុងព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបថាភាយន្តនេះមិនទាន់មានវីដេអូ Trailer ចាក់បង្ហាញដល់ទស្សនិកជននៅឡើយទេ តែប្រិយមិត្តជាច្រើនទាយទុកមុនថារឿង «កុមារី ២៥ឆ្នាំ» វគ្គចុងក្រោយនេះ នឹងធ្វើឱ្យពួកគេផ្ទុះសំណើចក្អាកក្អាយ ហ៊ោរកញ្ជៀវពេញរោងភាពយន្តមិនខាន។ យោងតាមផេកហ្វេសប៊ុករឿង «កុមារី ២៥ឆ្នាំ» បង្ហោះកាលពីចុងឆ្នាំ ២០១៩ បានបង្ហើបតិចៗថាភាពយន្តនេះត្រៀមនឹងចាក់បញ្ចាំង នាពេលឆាប់ៗខាងមុខនេះគ្រប់រោងភាពយន្តនៅក្នុងស្រុកខ្មែរ។ ចង់ដឹងថាក្នុងវគ្គចុងក្រោយនេះ នឹងមានអ្វីប្លែកខ្លះ? រង់ចាំទស្សនាទាំងគ្នា៕