មន្ទីរពេទ្យកុមារអង្គរបានបង្ហាញគម្រោងមួយដែលមានឈ្មោះថា វេទិកាតុកាហ្វេវិទ្យាសាស្ដ្រ ឬ Science Café ជាវេទិកាផ្តល់ចំណេះដឹងបន្ថែមដល់ឪពុកម្ដាយ ឬអាណាព្យាបាលដែលមានកូនមកសម្រាកព្យាបាលជំងឺក្នុងមន្ទីរពេទ្យកុមារអង្គរ ដើម្បីបន្ថែមការការពារ និងថែទាំបុត្រធីតាមិនឱ្យមានជំងឺ និងចេះថែទាំនៅពេលពួកគេឈឺថ្កាត់ផងដែរ។
ការពិតទៅ វេទិកាតុកាហ្វេវិទ្យាសាស្ដ្រនេះ បានបង្កើតឡើងអស់រយៈពេល 3ឆ្នាំមកហើយ គឺតាំងពីឆ្នាំ2016 មកម៉្លេះ ដោយមានកម្មវិធីបង្រៀនជាប្រចាំ សម្រាប់ចែករំលែកចំណេះដឹងសុខភាព ដល់មាតាបិតាដែលនាំកូនមកព្យាបាលជំងឺ ក្នុងមន្ទីរពេទ្យកុមារអង្គរ។ វេទិកានេះ ដូចជាថ្នាក់រៀនមួយដូច្នោះដែរដែលបង្រៀនមេរៀនពីជំងឺផ្សេងៗដែលងាយកើតលើកុមារតូចៗ និងរបៀបថែទាំពួកគេ។
កញ្ញា ប៉ុល ស្រីមុំ អ្នកស្រាវជ្រាវការិយាល័យស្រាវជ្រាវវិទ្យាសាស្ដ្រ Oxford ប្រចាំប្រទេសកម្ពុជា នៅក្នុងមន្ទីរពេទ្យកុមារអង្គរបានឱ្យដឹងថា គោលបំណងនៃវេទិកានេះ គឺផ្តល់ភាពជិតស្និទ្ធរវាងគ្រូពេទ្យនិងអាណាព្យាបាលកុមារ បង្កើនការយល់ដឹងបន្ថែមពីសុខភាពកុមារក៏ដូចជាជំងឺផ្សេងៗដែលកំពុងកើតមាន។ កញ្ញា ស្រីមុំ បានឱ្យដឹងថា រយៈពេល 3ឆ្នាំមកនេះ វេទិកានេះបានអញ្ជើញគ្រូពេទ្យតាមឯកទេសជាច្រើនសម្រាប់ការធ្វើបទបង្ហាញ និងផ្តល់ចំណេះដឹងផ្នែកថែទាំកុមារដល់ឪពុកម្ដាយ និងអាណាព្យាបាលកុមារ ហើយមេរៀនមួយចំនួនគឺបានពីការសម្ភាសអាណាព្យាបាលដែលពួកគេមានចម្ងល់ និងចង់ដឹងបន្ថែមពីអាការជំងឺ និងរបៀបថែទាំឱ្យបានល្អប្រសើរ។ ការបង្រៀននេះទៀតសោត បានផ្តោតលើជំងឺតាមរដូវកាល ដែលឧស្សាហ៍កើតលើកុមារ ដូចជាជំងឺផ្ដាសាយ គ្រុនឈាម និងកង្វះអាហារូបត្ថម្ភជាដើម។
អ្នកស្រី ចាន់ លីណា ដែលបានចូលរួមក្នុងវេទិកាកាហ្វេវិទ្យាសាស្ដ្របាននិយាយថា កម្មវិធីនេះពិតជាល្អ និងមានសារៈសំខាន់ណាស់ និងធ្វើឱ្យអ្នកស្រីទទួលបានចំណេះដឹងថ្មីបន្ថែមទាក់ទងនឹងអនាម័យថែទាំកូន។
លោកវេជ្ជបណ្ឌិត មីលីយ៉ា ធី ដែលធ្វើជាគ្រូឧទ្ទេសក្នុងវេទិកាតុកាហ្វេវិទ្យាសាស្ដ្រកាលពីពេលទៅថ្មីៗនេះ បាននិយាយថា លោកបានចែករំលែកចំណេះដឹងទាក់ទងនឹងជំងឺដែលកើតឡើងតាមរដូវកាលទាំងរដូវប្រាំង និងវស្សា។ លោកវេជ្ជបណ្ឌិតបានពន្យល់ថា រដូវកាលទាំង2 នេះតែងនាំមកនូវជំងឺផ្សេងៗគ្នាដែលអាណាព្យាបាលគួរស្វែងយល់ ពិសេសជំងឺផ្ដាសាយ និងជំងឺគ្រុនឈាមដែលតែងកើតលើកុមារភាគច្រើន ប្រសិនបើមិនមានការថែទាំត្រឹមត្រូវពីអាណាព្យាបាល។
សម្រាប់លោកវេជ្ជបណ្ឌិត មីលីយ៉ា ការយល់ដឹងពីជំងឺជាមុន ពិតជាសំខាន់ណាស់សម្រាប់ឪពុកម្ដាយ ព្រោះដើម្បីឱ្យកូនៗរបស់ពួកគាត់មានអនាម័យ និងចេះថែទាំកុមារកុំឱ្យឈឺ។ លោកថា ការការពារប្រសើរជាងការព្យាបាល ហើយលោកជឿថា អាណាព្យាបាលទាំងអស់នឹងយកចំណេះដឹងដែលបានរៀនពីគ្រូពេទ្យទៅអនុវត្តប្រសិនពួកគេស្រឡាញ់សុខភាពកូន។
កញ្ញា ប៉ុល ស្រីមុំ យល់ថា វេទិកានេះមានសារៈសំខាន់ និងជាឱកាសដែលឱ្យវាគ្មិនជាគ្រូពេទ្យមានពេលផ្តល់ព័ត៌មានកាន់តែលម្អិតទាក់ទងនឹងជំងឺ រីឯអាណាព្យាបាលអ្នកជំងឺវិញ ក៏ពួកគាត់មានឱកាសជជែកវែកញែកទាក់ទងនឹងអាការជំងឺរបស់កូន និងមានសំណួរទាក់ទងនឹងជំងឺរបស់កូនពួកគាត់ដែរ៕