ភ្នំពេញ៖ ឯកឧត្តម Zhang Xilong អគ្គនាយករដ្ឋបាលទេសចរណ៍ជាតិចិនបានលើកឡើងថា រដ្ឋាភិបាលចិននឹងបញ្ជូនអ្នកជំនាញទេសចរណ៍មកបង្ហាត់ជំនាញដល់មគ្គុទេសក៍ទេសចរណ៍កម្ពុជា ឱ្យកាន់តែមានចំណេះដឹងប្រសើរឡើង។
ការលើកឡើងខាងលើធ្វើឡើងក្នុងជំនួបពិភាក្សាជាមួយឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ដើម្បីពន្លឿនការអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍គ្រប់ជ្រុងជ្រោយសម្រាប់តំបន់អង្គរវត្តឱ្យបានឆាប់រហ័សដើម្បីធានាការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព និងបរិយាប័ន្នឆ្លើយតបទៅនឹងនិន្នាការកើនឡើងនៃចំនួនភ្ញៀវទេសចរមកទស្សនាតំបន់សៀមរាបអង្គរជារៀងរាល់ឆ្នាំ។
ឯកឧត្តម Zhang Xilong បន្តថា លោកនឹងស្នើសុំគោលការណ៍ពីឯកឧត្តមប្រធានរដ្ឋបាលទេសចរណ៍ជាតិចិនដើម្បីបញ្ជូនអ្នកជំនាញមកសហការជាមួយក្រុមការងារក្រសួងទេសចរណ៍កម្ពុជាដើម្បីសិក្សារៀបចំបង្កើតផែនការនេះក្នុងពេលឆាប់ៗខាងមុខ ព្រោះថាចិនមានបទពិសោធច្រើនក្នុងការរៀបចំតំបន់បេតិកភណ្ឌពិភពលោក(លំដាប់ទី2) រហូតដល់បច្ចុប្បន្ននេះ ចិនបានដាក់តំបន់បេតិកភណ្ឌចំនួន52កន្លែងទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
ឯកឧត្តម Zhang Xilong ក៏បានសន្យាដែរថា នឹងបន្តចែករំលែកបទពិសោធដែលចិនបាននិងកំពុងធ្វើឱ្យប្រសើរឡើងនូវស្តង់ដាឧស្សាហកម្មទេសចរណ៍ ស្តង់ដារតំបន់ទេសចរណ៍សម្រាកលំហែ ការអភិវឌ្ឍវិស័យទេសចរណ៍នៅតាមជនបទ កសិ-ទេសចរណ៍ និងបដិវត្តន៍កំណែទម្រង់បង្គន់អនាម័យ។ ដើម្បីជំរុញការងារនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ក្រសួងទេសចរណ៍កម្ពុជាបានបង្កើតក្រុមការងារមួយដើម្បីសហការជាមួយភាគីចិន ដែលក្រុមការងារនេះនឹងដឹកនាំដោយឯកឧត្តមរដ្ឋមន្ត្រីផ្ទាល់។
តាមការបញ្ជាក់របស់ឯកឧត្តម ថោង ខុន ឱ្យដឹងទៀតថា ការរៀបចំផែនការនេះទាមទារឱ្យមានការសិក្សាហ្មត់ចត់គ្រប់ជ្រុងជ្រោយដើម្បីធានាថា ការធ្វើផែនការអភិវឌ្ឍន៍តំបន់អង្គរ និងតំបន់ជុំវិញស្របតាមទស្សនទាន “ស្អាត និងបៃតង” ដោយប្រែក្លាយតំបន់សៀមរាបទៅជាទីក្រុងស្អាត និងបៃតងក្នុងការទាក់ទាញទេសចរណ៍ឱ្យបានកាន់តែច្រើនឡើង៕