នាយករដ្ឋមន្ត្រីថៃបានឱ្យដឹងថា នាយទាហានថ្នាក់ព្រឹន្ទបាលម្នាក់ឈ្មោះ Jakrapanth Thomma ដែលបានបាញ់រះសម្លាប់មនុស្សអស់ 26នាក់ កាលពីថ្ងៃទី8 ខែកុម្ភៈ គឺដោយសារ “បញ្ហាផ្ទាល់ខ្លួន” ទាក់ទិននឹងការលក់ផ្ទះ 1ខ្នង។
“ករណីបែបនេះ មិនធ្លាប់បានកើតឡើងទេនៅក្នុងប្រទេសថៃ។ ខ្ញុំសង្ឃឹមថា នេះជាលើកចុងក្រោយដែលបញ្ហាបែបនេះកើតឡើង”។ នេះគឺជាប្រសាសន៍របស់នាយករដ្ឋមន្ត្រីថៃ ប្រាយុធ ចន្ទអូឆា ដែលបានថ្លែងនៅខាងក្រៅមន្ទីរពេទ្យដែលព្យាបាលជនរងគ្រោះដោយអំពើបាញ់រះដ៏សាហាវឃោរឃៅ ដែលបានកើតឡើងនៅក្នុងខេត្តនគររាជសីមា ភាគឦសានប្រទេសថៃ។ ក្នុងចំណោមអ្នករងរបួសទាំងនោះ យ៉ាងហោចណាស់ក៏មាន 2នាក់ដែរដែលត្រូវធ្វើការវះកាត់ព្យាបាលខួរក្បាលជាបន្ទាន់។
នាយករដ្ឋមន្ត្រីថៃ បានបន្ថែមថា ខ្មាន់កាំភ្លើង ឈ្មោះ Jakrapanth ខឹងនឹងមេបញ្ជាការរបស់គេ ដោយសារតែមានជម្លោះទាក់ទិននឹងបញ្ហាបំណុល។ លោក ប្រាយុធ ចន្ទអូឆា បានបន្ថែមថា ក្នុងចំណោមជនរងគ្រោះដែលបានបាត់បង់ជីវិតទាំង 26នាក់ គឺមានទាំងកងកម្លាំងសន្តិសុខ និងជនស៊ីវិល ហើយក្នុងនោះក៏មានក្មេងប្រុសអាយុ 13ឆ្នាំម្នាក់ផងដែរ។ ខ្មាន់កាំភ្លើងរូបនោះ ត្រូវសមត្ថកិច្ចបាញ់សម្លាប់កាលពីព្រឹកមិញ (9កុម្ភៈ) បន្ទាប់ពីគេព្យាយាមតតាំងប្រយុទ្ធការពារខ្លួន ខណៈនៅក្នុងផ្សារទំនើប Terminal 21 តាំងពីថ្ងៃម្សិលមិញ(ទី8)រហូតមក។
មុននេះ ប្រភពព័ត៌មានមួយបានឱ្យដឹងថា មូលហេតុដំបូងនៃអំពើបាញ់ប្រហារនេះ គឺដោយសារជនដៃដល់ និងមេបញ្ជាការរបស់គេ ទាស់សម្ដីគ្នារឿងប្រាក់កម្រៃជើងសាទាក់ទិននឹងការលក់អចលនទ្រព្យមួយកន្លែង។ ដោយសារខឹងខ្លាំងពេក នាយទាហានដែលជាជនដៃដល់ ក៏បានដកកាំភ្លើងបាញ់សម្លាប់មេបញ្ជាការរបស់ខ្លួនតែម្ដង មុននឹងទៅប្រមូលយកអាវុធបន្ថែម និងបន្តបាញ់រះទៅលើហ្វូងមនុស្សនៅឯផ្សារទំនើបខាងលើ។
ខ្មាន់កាំភ្លើងម្នាក់នេះ គឺជានាយទាហាននៃកងវរសេនាតូចលេខ22 ឈរជើងនៅមូលដ្ឋានទ័ព Suratham Phithak ក្នុងខេត្តនគររាជសីមា។
លោកប្រាយុធ ចន្ទអូឆា បានអះអាងថា សន្តិសុខនៅក្នុងឃ្លាំងអាវុធនៃជំរំទ័ព សុទ្ធតែមានការការពារយ៉ាងតឹងរ៉ឹង។
ខេត្តនគររាជសីមា គឺជាតំបន់ដែលមានបន្ទាយទាហានធំៗជាច្រើន ខណៈដែលប្រទេសមួយនេះកំពុងគ្រប់គ្រងដោយរដ្ឋាភិបាលយោធា ថ្វីបើបានឆ្លងកាត់ការបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យហើយក៏ដោយ។ ថៃក៏ជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានអ្នកកាន់កាប់កាំភ្លើងច្រើនជាងគេមួយដែរនៅក្នុងពិភពលោក។ ប្រទេសនេះក៏ធ្លាប់មានករណីផ្ទុះអាវុធនៅក្នុងតុលាការកាលពីឆ្នាំមុនផងដែរ ដែលករណីទាំងអស់នេះបានធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងអំពីការកើនឡើងនៃអំពើហិង្សាប្រដាប់អាវុធ៕
ប្រភព៖ សារព័ត៌មានបរទេស