មន្ត្រីយោធាថៃម្នាក់ ដែលបានធ្វើការបាញ់រះទៅលើហ្វូងមនុស្ស បណ្ដាលឱ្យមានអ្នកស្លាប់ 24នាក់ នៅក្នុងតំបន់ពាណិជ្ជកម្មមួយនៅក្នុងខេត្ត Nakhon Ratchasima ភាគឦសានប្រទេសថៃនោះ ត្រូវបានសមត្ថកិច្ចបាញ់សម្លាប់ បន្ទាប់ពីបានឡោមព័ទ្ធអស់់រយៈពេលប្រហែល 12ម៉ោងរួចមក។
ការបាញ់ប្រហារដ៏សាហាវនេះ បានកើតឡើងកាលពីយប់ថ្ងៃទី8 ខែកុម្ភៈ ឆ្នាំ2020 ដោយខ្មាន់កាំភ្លើងជាទាហានម្នាក់បម្រើការនៅក្នុងជួរកងទ័ពថៃ។ មុនការបាញ់រះនៅឯទីសាធារណៈនោះ ខ្មាន់កាំភ្លើងម្នាក់នេះបានបាញ់សម្លាប់មនុស្ស 3នាក់រួចទៅហើយនៅក្នុងបន្ទាយទាហានមួយដែលជននេះកំពុងបម្រើការ ក្នុងនោះក៏មានមេបញ្ជាការរបស់ខ្លួនម្នាក់ផងដែរ។
ប្រភពព័ត៌មានបានឱ្យដឹងថា មូលហេតុដែលនាំឱ្យឈានទៅដល់ការបាញ់ប្រហារខាងលើនេះ អាចបណ្ដាលមកពីជម្លោះរវាងខ្មាន់កាំភ្លើង និងមេបញ្ជាការរបស់ខ្លួន។ មន្ត្រីយោធាម្នាក់ គឺលោក Thanya បានឱ្យដឹងថា ជនដៃដល់ Jakrapanth បានឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃ ក ជាមួយមេបញ្ជាការម្នាក់របស់ខ្លួន គឺលោក Anantharot Krasnae ទាក់ទិននឹងជម្លោះដីធ្លី ហើយក៏បានដកកាំភ្លើងបាញ់សម្លាប់លោកមេបញ្ជាការម្នាក់នោះ រួចបានយកកាំភ្លើងពីជនរងគ្រោះ រត់ចេញទៅក្រៅ បាញ់សម្លាប់មិត្តរួមការងារ 2នាក់ថែមទៀត។
បន្ទាប់មក ខ្មាន់កាំភ្លើងក៏បានចូលទៅក្នុងឃ្លាំងអាវុធ រួចប្រមូលយកអាវុធជាច្រើនបន្ថែមទៀត ព្រមទាំងបានលួចយករថយន្តពាសដែក 1គ្រឿង និងបានបើកចេញពីបន្ទាយ មុននឹងធ្វើការបាញ់រះទៅលើហ្វូងមនុស្ស និងរថយន្តនគរបាល ពេលមកដល់មជ្ឈមណ្ឌលពាណិជ្ជកម្ម Terminal 21 ក្នុងខេត្តខាងលើ។
មុនពេលចូលដល់មជ្ឈមណ្ឌលពាណិជ្ជកម្ម Terminal 21 ខ្មាន់កាំភ្លើងឈ្មោះ Jakrapanth នេះ បានបាញ់ទៅលើធុងខ្យល់ជាច្រើនធុង បណ្ដាលឱ្យមានការផ្ទុះឆេះនៅខាងក្រៅផ្សារទំនើប។ នៅក្នុងការបាញ់រះដ៏សាហាវនេះ ជនម្នាក់នេះថែមទាំងបានផ្សាយផ្ទាល់ (live video) នៅលើបណ្ដាញសង្គម និងថតសែលហ្វ៊ីជាមួយកាំភ្លើង 2ដើមដែលខ្លួនកំពុងកាន់ រួមទាំងកន្សែងយ័ន្តការពារខ្លួនដែលចងជាប់នឹងកាំភ្លើង ហើយប្រកាសថា ខ្លួនកំពុង “សងសឹក”។
“ធ្វើមានធ្វើបាន ដោយសារអំពើពុករលួយ និងកេងប្រវ័ញ្ចអ្នកដទៃ ពួកគេគិតថានឹងអាចយកលុយតាមខ្លួនទៅកាន់ស្ថាននរកមែនទេ!?”។ នេះជាសំណេររបស់ខ្មាន់កាំភ្លើងនៅលើបណ្ដាញសង្គម ដែលមិនដឹងថា សំដៅលើអ្នកណាឡើយ។
សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា ខ្មាន់កាំភ្លើងបានសម្រុកចូលទៅក្នុងផ្សារទំនើបនោះបណ្ដើរ បាញ់រះបណ្ដើរ បណ្ដាលឱ្យមនុស្សម្នាភ័យស្លន់ស្លោ រត់ចែកជើងគ្នាប្រសាច។
អ្នកនាំពាក្យនៃក្រសួងការពារប្រទេសថៃ លោក ឃុងឈីប តាន់ត្រាវ៉ានិតនិយាយថា តុល្យការបណ្ដោះអាសន្ននៃការបាញ់ប្រហារនោះ គឺមានអ្នកស្លាប់ប្រមាណជា 24នាក់៕
ប្រភព៖ សារព័ត៌មានបរទេស