កង្វះពលកម្មជំនាញផ្នែកបច្ចេកទេសជាបញ្ហាប្រឈមមួយរបស់កម្ពុជា ខណៈវិស័យកសិកម្មឧស្សាហកម្ម និងសំណង់មានការលើកឡើងពីមួយថ្ងៃទៅមួយថ្ងៃ តែចំនួននិស្សិតដែលចូលរៀនជំនាញបច្ចេកទេសនៅមានកម្រិតតិចតួចនៅឡើយ។
ឯកឧត្តម ពេជ សោភ័ន រដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងថា ប្រសិនបើក្រឡេកមើលទីផ្សារការងារជាក់ស្តែង និងការបណ្តុះបណ្តាលនៅកម្ពុជា គឺមានភាពផ្ទុយគ្នាទាំងស្រុង ព្រោះបើយោងតាមទិន្នន័យនាពេលថ្មីៗនេះ បានបង្ហាញឱ្យឃើញថា ធនធានមនុស្សដែលរៀនចប់ចាប់ពីថ្នាក់បរិញ្ញាបត្រ រហូតដល់ថ្នាក់បណ្ឌិតមានចំនួនដល់ទៅ 249,869 នាក់នៅចន្លោះឆ្នាំ 2015 ខណៈដែលធនធានមនុស្សកម្រិតមូលដ្ឋាន និងកម្រិតមធ្យមបច្ចេកទេសមានចំនួនត្រឹមតែ 32,769 នាក់តែប៉ុណ្ណោះ។ ចំណុចនេះអាចឆ្លុះបញ្ចាំងឱ្យឃើញពីអតុល្យភាពនៃការផ្គត់ផ្គង់ធនធានមនុស្សក្នុងវិស័យការងារនៅកម្ពុជា ព្រោះធនធានមនុស្សដែលស្ថិតក្នុងកម្រិតខ្ពស់ត្រូវសល់ ឬធ្វើការខុសជំនាញ ហើយបែរជាខ្វះខាតធនធានផ្នែកកម្មករជំនាញ និងមធ្យមយ៉ាងច្រើនលើសលប់។
ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងផងដែរថា តម្រូវការទីផ្សារការងារនៅកម្ពុជាត្រូវបានបែងចែកជា3កម្រិតធំៗ ទី1 កម្រិតមូលដ្ឋានសំដៅលើកម្មករជំនាញ កម្មករពាក់កណ្តាលជំនាញ ឬកម្មករគ្មានជំនាញ ទី2 តម្រូវការពលកម្មកម្រិតមធ្យម និងទី3 គឺតម្រូវការពលកម្មកម្រិតខ្ពស់បំផុត។ តម្រូវការការងារនៅកម្រិតមូលដ្ឋានមានចំនួនច្រើនជាងគេបំផុត បន្ទាប់មកគឺតម្រូវការកម្រិតមធ្យម ហើយចុងក្រោយគេគឺតម្រូវការពលកម្មកម្រិតខ្ពស់ជាកម្រិតជំនាញដែលសង្គមត្រូវការតិចតួច។ ជាក់ស្តែងប្រសិនបើយើងក្រឡេកមើលការដ្ឋានសំណង់មួយយើងនឹងឃើញថា គេត្រូវការអ្នកគ្រប់គ្រង ឬវិស្វករតែម្នាក់ប៉ុណ្ណោះ ហើយបន្ទាប់មកគេអាចត្រូវការមេការសាងសង់ពីរបីនាក់តែស្ថិតនៅក្រោមបីនាក់នោះគឺមានកម្មករជំនាញជាច្រើនដែលត្រូវការជាចាំបាច់៕