កាលពីថ្ងៃទី7កុម្ភៈ ឆ្នាំ2020 នៅលើទំព័រ Facebook របស់សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀង បានសរសេរថាសមត្ថកិច្ចវៀតណាម បានសុំសហការជាមួយសមត្ថកិច្ចកម្ពុជា និងបានប្រកាសស្វែងរកចាប់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមម្នាក់ ដែលត្រូវអាជ្ញាធរអះអាងថា បានបាញ់សម្លាប់មនុស្សចំនួន5នាក់ នៅខណ្ឌ Cu Chi ជាយក្រុងហូជីមិញ (ព្រៃនគរ) ភាគខាងត្បូងប្រទេសវៀតណាម។
វៀតណាមប្រើកម្លាំងចម្រុះជាង 500នាក់ ឡោមព័ទ្ធចាប់បុរសម្នាក់ ដែលសង្ស័យថាបានសម្លាប់មនុស្ស5នាក់
កងរាជអាវុធហត្ថខេត្តស្វាយរៀង ក៏បានប្រកាសជូនដំណឹងដែលទាក់ទិននិងបញ្ហាខាងលើ ដល់កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ រួមនឹងមន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅតាមខេត្តជាប់បន្ទាត់ព្រំដែនកម្ពុជា-វៀតណាម។ ទំព័រ Facebook របស់សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀងបន្តថា ជនសង្ស័យឈ្មោះ ឡេ ក្វុក ត្វឹន (Le Quoc Tuan) ហៅ ត្វឹន ឃី (Tuan Khi) ភេទប្រុស អាយុ33ឆ្នាំ កំពស់1,66ម៉ែត្រ ជនជាតិវៀតណាម បានប្រព្រឹត្តបទល្មើសឧក្រិដ្ឋ ដោយបានសម្លាប់មនុស្សចំនួន5នាក់ កាលពីថ្ងៃទី29មករា ឆ្នាំ2020 នៅខណ្ឌ Cu Chi ជាយក្រុងហូជីមិញ ប្រទេសវៀតណាម ហើយរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ។
ប្រភពព័ត៌មានពីប្រទេសវៀតណាមបានឱ្យដឹងថា ជនសង្ស័យខាងលើ បានបាញ់សម្លាប់មនុស្សចំនួន 4នាក់ ដោយសារមានជម្លោះក្នុងពេលលេងល្បែងស៊ីសង និងបានប្លន់យកលុយ នៅក្នុងឃុំ Tan Than Dong ជាយក្រុងព្រៃនគរ កាលពីថ្ងៃទី29មករា ឆ្នាំ2020។
កាមេរ៉ាសុវត្ថិភាព បានបង្ហាញថា ជនសង្ស័យ Le Quoc Tuan បានជិះម៉ូតូ ពាក់ម៉ាស់បាំងមុខ និងដាក់កាំភ្លើងនៅពីមុខ ជិះគេចខ្លួនពីកន្លែងកើតហេតុភ្លាមៗ។ ក្រោយមក ជននេះក៏បានបាញ់សម្លាប់មនុស្ស2នាក់ផ្សេងទៀត ព្រមទាំងបានប្លន់យកម៉ូតូរបស់អ្នកស្រុកផងដែរ ខណៈកងកម្លាំងប្រដាប់អាវុធចម្រុះប្រមាណជា500នាក់ ដែលរួមមាននគរបាល និងទាហានផង កំពុងឡោមព័ទ្ធទីតាំងដែលជនសង្ស័យនេះកំពុងលាក់ខ្លួន។
សារព័ត៌មាន Vnexpress បានរាយការណ៍ថា ជនសង្ស័យ Le Quoc Tuan ដែលមានកាំភ្លើង AK មួយដើមក្នុងដៃ មិនទាន់ត្រូវបានចាប់ខ្លួននៅឡើយ។ ជនសង្ស័យ Le Quoc Tuan គឺជាមន្ត្រីនគរបាលម្នាក់ដែលធ្វើការនៅមន្ទីរឃុំឃាំងបណ្ដោះអាសន្ននៃអធិការដ្ឋាននគរបាលសង្កាត់លេខ11 ដែលមានឋានន្តរស័ក្តិអនុសេនីយ៍ទោពិសេស(ស័ក្តិ2 ត្រៀមឡើងស័ក្តិ3)។ ជនសង្ស័យនេះ មានកូន2នាក់ និងជាមនុស្សញៀនល្បែងស៊ីសងរយៈពេលច្រើនឆ្នាំមកហើយ។
កាលពីថ្ងៃទី5កុម្ភៈ សមត្ថកិច្ចវៀតណាម បានអំពាវនាវឱ្យជងសង្ស័យ Le Quoc Tuan ចេញមកសារភាព ដើម្បីទទួលបានការសម្រាលទោសទៅតាមច្បាប់នៃប្រទេសនេះ។ បច្ចុប្បន្ន គេសង្ស័យថា ជននេះកំពុងលាក់ខ្លួននៅតាមបណ្ដោយព្រំដែនជាប់ជាមួយកម្ពុជា។ ដូច្នេះ សូមបងប្អូនដែលរស់នៅតាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម មានការប្រុងប្រយ័ត្ន និងសូមរាយការណ៍ជាបន្ទាន់ បើសិនសង្ស័យថា មានមនុស្សចម្លែកដែលមានរូបរាងដូចក្នុងរូបថតនេះ ចូលក្នុងភូមិដ្ឋាន៕