
ស្ត្រីដែលទើបតែមានគភ៌ជាលើកដំបូងដែលកើតមានក្តីសង្ស័យ និងមិនប្រាកដក្នុងចិត្តថា តើក្នុងអំឡុងពេលមានគភ៌នោះ ត្រូវមើលថែទាំអ្វីខ្លះទៀត ក្រៅពីការជ្រើសរើសចំណីអាហារត្រូវតាមភោជនាការរបស់ស្ត្រីមានគភ៌ហើយ ហាត់ប្រាណយ៉ាងត្រឹមត្រូវ និងសម្រាកយ៉ាងគ្រប់គ្រាន់ហើយ តើនៅមានរឿងអ្វីដែលគួរធ្វើបន្ថែមទៀតឬទេ? និងតើមានរឿងអ្វីខ្លះដែលគួរចៀសវាង? និងកិច្ចការងារពីមុនដែលធ្លាប់ធ្វើ តើអាចធ្វើបានទៀតឬទេ? ឬហុចផលអាក្រក់ប៉ុនណា? ចំណុចសង្ស័យទាំងនេះ សុទ្ធតែជារឿងដែលអ្នកមានផ្ទៃពោះនៅសង្ស័យច្រើនគ្នាណាស់ ដូច្នេះយើងនាំគ្នាមកបកស្រាយចំណុចសង្ស័យទាំងនេះទាំងអស់គ្នា។
1. ទម្ងន់ខ្លួនដែលស័ក្តិសមសម្រាប់អ្នកមានគភ៌
បើអ្នកមានគភ៌ទទួលទានអាហារតាមការណែនាំហើយ (ប្រូតេអុីន វីតាមីន សារធាតុរ៉ែ អុីយ៉ូដ កាល់ស្យូម ហ្វូលេត និងសារធាតុដែក) នោះ ទម្ងន់ខ្លួននឹងកើនឡើងប្រមាណជា12 -15គីឡូក្រាម ជាមធ្យមកើន 1ខែ 2គីឡូក្រាម តែក្នុងត្រីមាសដំបូងទម្ងន់ខ្លួនអាចថយចុះ ដោយសារតែអាការចាញ់កូនដែលធ្វើឱ្យក្អួតចង្អោរញឹកញាប់ ឬមិនអាចញ៉ាំអាហារបានច្រើន។ ក្នុងត្រីមាសទី2 ជាអំឡុងពេលអស់អាការចាញ់កូនហើយ ស្ត្រីមានគភ៌អាចហាត់ប្រាណបានយ៉ាងត្រឹមត្រូវ ដើម្បីគ្រប់គ្រងកុំឱ្យទម្ងន់ខ្លួនកើនឡើងលឿនជ្រុលពេក។ ចំណែកត្រីមាសចុងក្រោយ ត្រូវប្រយ័ត្នប្រយែងបន្តិច ព្រោះឱកាសប្រសូតមុនកំណត់មានខ្ពស់ណាស់ បើសិនបញ្ចេញកម្លាំងធ្វើអ្វីមួយខ្លាំងជ្រុលពេក។ ក្នុងត្រីមាសនេះ ទម្ងន់ខ្លួនអ្នកម្តាយនឹងកើនឡើងខ្ពស់បំផុត។
2. បើចាក់វ៉ាក់សាំងការពារជំងឺផ្សេងៗ ក្នុងអំឡុងពេលមានគភ៌ត្រីមាសដំបូងដោយសារតែមិនដឹង តើនឹងមានគ្រោះថ្នាក់អ្វីដែរទេ?
បើវ៉ាក់សាំងដែលចាក់នោះជាវ៉ាក់សាំងការពារតេតាណូស គ្រុនផ្តាសាយធំ ឬកញ្រ្ជឹល មិនជាគ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃទេ និងជាការសាងប្រព័ន្ធការពារជំងឺឱ្យខ្លួនទារកទៀតផង។ ពេញមួយរយៈពេល 9ខែ ស្ត្រីមានគភ៌អាចត្រូវចូលទៅទទួលយកការចាក់វ៉ាក់សាំងការពារជំងឺយ៉ាងត្រឹមត្រូវ ដើម្បីទារកចម្រើនធំធាត់ រឹងប៉ឹង និងពេញលេញ ប្រាសចាកជំងឺតម្កាត់។

3. តើវីតាមីនបន្ថែម ចាំបាច់ដែរឬទេ?
សារធាតុអាហារដែលអ្នកមានគភ៌គួរទទួលទានបន្ថែមនោះគឺ សារធាតុដែកដែលជួយគាំទ្រការធ្វើការងាររបស់ហ៊ីម៉ូគ្លោប៊ីនក្នុងគ្រាប់ឈាមក្រហម ដែលជាអ្នកនាំអុកស៊ីហ្សែ៊នឆ្ពោះទៅទារកដែលនៅក្នុងផ្ទៃ បើអ្នកមានគភ៌បានទទួលសារធាតុដែកមិនគ្រប់គ្រាន់ នឹងធ្វើឱ្យកើតសភាវលោហិតស្លេកស្លាំង ហុចផលឱ្យកើតអាការនឿយល្វើយ ហត់ និងដកដង្ហើមមិនស្រួល។ ទាំងអស់នេះ ការទទួលទានសារធាតុដែកគួរស្ថិតក្នុងបរិមាណដែលសមល្មមតាមដែលរាងកាយត្រូវការ ចំណែកវីតាមីន និងសារធាតុអាហារផ្សេងទៀត បើទទួលទានអាហារគ្រប់ 5ប្រភេទក្រុមតាមពាក្យណែនាំរបស់គ្រូពេទ្យហើយនោះ មិនចាំបាច់ទទួលទានវីតាមីនបន្ថែមក៏បានដែរ តែគួរញ៉ាំទឹកដោះគោជាប្រចាំ ដើម្បីបង្កើនភាពរឹងមាំដល់ឆ្អឹងរបស់ទារកនៅក្នុងផ្ទៃ មិនគួរទទួលទានថ្នាំសារធាតុដែកលាយគ្នាជាមួយទឹកដោះគោឡើយ ព្រោះវាធ្វើឱ្យមានគុណវិបត្តិច្រើនជាងគុណសម្បត្តិ។
4. ស្វាមីទ្រាំមិនបាន សុំមានភេទសម្ពន្ធក្នុងអំឡុងពេលមានគភ៌
ការមានភេទសម្ពន្ធ មិនមែនជារឿងគ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃទេ លើកលែងតែខាងប្រុសមានជំងឺកាមរោគ។ ក្នុងអំឡុងត្រីមាសទី3 សូមឱ្យលោកប្ដីអត់ទ្រាំបន្តិច ព្រោះជាដំណាក់កាលសំខាន់ណាស់ គភ៌របស់ភរិយាមិនគួរទទួលរងកម្លាំងញ័ររញ្ជួយអ្វីទាំងអស់ ដើម្បីការពារការប្រសូតមុនកំណត់ និងអាចធ្វើឱ្យទារកមិនរឹងប៉ឹងបាន។ បើត្រីមាសទី1 និង 2 ស្ត្រីមានគភ៌គួរសង្កេតមើលផងថា តើមានអាការខុសប្រក្រតីអ្វីឬទេ? ដូចជា ឈឺពោះមុនពេលកំណត់ និងមានឈាមធ្លាក់ចេញពីមាត់ស្បូនជាដើម។ បើមានអាការទាំងនេះ គួរបញ្ឈប់ការមានភេទសម្ពន្ធ និងប្រញាប់ទៅជួបគ្រូពេទ្យភ្លាម។
5. ទឹកដោះដែលគួរញ៉ាំ
ក្នុងអំឡុងពេលមានគភ៌ ស្ត្រីអាចញ៉ាំទឹកដោះបានគ្រប់ប្រភេទ ទាំងទឹកដោះគោ ទឹកដោះពពែ ឬទឹកសណ្តែកលឿង (មិនចាំបាច់តែទឹកដោះសម្រាប់ស្រ្តីមានគភ៌ក៏បានដែរ) និងគួរញ៉ាំឱ្យបានទ្វេដង ព្រោះរាងកាយរបស់អ្នកមានគភ៌ត្រូវការកាល់ស្យូម ហើយកូនតូចក៏ត្រូវការកាល់ស្យូមដែរ ព្រោះកាល់ស្យូមនេះជួយការពារសភាវលើសឈាមបាន។
6. មុនប្រើថ្នាំក្នុងអំឡុងពេលមានគភ៌……
គួរប្រឹក្សាជាមួយគ្រូពេទ្យសម្ភព គឺជាវិធីដែលល្អបំផុត ព្រោះថ្នាំប្រភេទខ្លះមានគ្រោះថ្នាក់ដល់ទារក ដូចជាស្ត្រីមានគភ៌ដែលរក្សាសម្ផស្ស ត្រូវការញ៉ាំថ្នាំព្យាបាលមុន និងថ្នាំព្យាបាលមុនខ្លះជាប្រភេទលាប និងខ្លះទៀតជាប្រភេទលេប ដែលអាចចាត់ទុកថាជាប្រភេទថ្នាំគ្រោះថ្នាក់ ដែលមានផលប៉ះពាល់ទៅដល់ទារកនៅក្នុងគភ៌ អាចធ្វើឱ្យកើតពិការភាពបាន ដូច្នេះមុននឹងប្រើថ្នាំគួរប្រឹក្សាជាមួយគ្រូពេទ្យ និងត្រូវប្រាប់គ្រូពេទ្យគ្រប់ពេលថា ខ្លួនឯងមានគភ៌ ដើម្បីបានទទួលការផ្តល់ថ្នាំដែលត្រឹមត្រូវ។
7. មានដុំសាច់ដុះលើរាងកាយក្នុងអំឡុងពេលមានគភ៌
ភាពគ្រោះថ្នាក់ អាស្រ័យលើទីតាំង និងលក្ខណៈរបស់សាច់ដុះនោះ។ នៅពេលស្ទាបប៉ះ ស្ត្រីមានគភ៌គួរទៅប្រឹក្សាជាមួយគ្រូពេទ្យជំនាញ ដើម្បីវាយតម្លៃពីដុំសាច់ដុះនោះ និងធ្វើការព្យាបាលជាបន្ត។ យ៉ាងណាក៏ដោយ ការត្រៀមខ្លួនជាស្រេចមុនពេលមានគភ៌ គឺជារឿងចាំបាច់ ដូចជា ពិនិត្យរកមើលសាច់ដុះ និងធ្វើការព្យាបាលឱ្យជា-សះស្បើយមុនពេលសម្រេចចិត្តមានគភ៌ វានឹងជួយកាត់បន្ថយសភាវគភ៌ប្រថុយប្រថានបាន។
ការមើលថែទាំគភ៌យ៉ាងត្រឹមត្រូវតាមគោលភោជនាហារ និងពាក្យណែនាំរបស់ពេទ្យ ទារកនឹងធំធាត់ឡើងយ៉ាងល្អឥតខ្ចោះ និងរឹងប៉ឹង។ នៅពេលគេធំឡើង ឪពុកម្តាយនឹងមានមោទនភាពដែលបានមើលថែទាំគភ៌យ៉ាងល្អ។ បើមានចំណុចសង្ស័យអ្វីផ្សេងក្រៅពីនេះ ការប្រឹក្សាជាមួយពេទ្យសម្ភព នឹងទទួលបានការណែនាំយ៉ាងត្រឹមត្រូវ ព្រោះរាងកាយស្ត្រីម្នាក់ៗ មិនដូចគ្នាទេ ដូច្នេះហើយការទៅប្រឹក្សាជាមួយគ្រូពេទ្យជំនាញពេញមួយរយៈពេល 9ខែនោះ នឹងយល់បានច្បាស់ល្អជាង៕


