ក្រោយពីបានចុះអនុវត្តដោយផ្ទាល់អស់រយៈពេលជាច្រើនឆ្នាំ ជាមួយក្រុមអ្នកជំនាញការអន្តរជាតិលើផ្នែកជួសជុល អភិរក្ស និងការពារតំបន់ប្រាសាទនានាក្នុងខេត្តសៀមរាបរួចមក បច្ចុប្បន្ន អ្នកបច្ចេកទេសខ្មែរបានបង្ហាញសមត្ថភាពក្នុងការជួសជុល រៀបចំផ្គុំចូលវិញនូវបំណែកថ្មបុរាណ ដើម្បីអភិរក្ស ថែរក្សាតាមលក្ខណៈទ្រង់ទ្រាយដើម ក្នុងបំណងដើម្បី ការពារ និងលើកសម្រស់ទីបុរាណស្ថានប្រវត្តិសាស្ត្រតំបន់អង្គរវត្ត ខេត្តសៀមរាបឱ្យកាន់តែមានភាពទាក់ទាញ និងជួយទប់លំនឹងស្ពានហាលដើរចូលទៅកាន់គោបុរៈ នៃប្រាសាទអង្គរវត្ត ប្រកបដោយចីរភាព។
បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលជាមួយអ្នកជំនាញជួសជុលប្រាសាទ នៃអង្គការអន្តរជាតិនានា ដែលជាដៃគូក្នុងការអភិរក្សប្រាសាទ ក្រោមការជ្រោមជ្រែងពីគណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ(អាស៊ីស៊ី)កាលពីពេលកន្លងមក បច្ចុប្បន្ន អាជ្ញាធរអប្សរា មានអ្នកជំនាញជួសជុលប្រាសាទជាច្រើនរូប ដែលមានសមត្ថភាពអាចជួសជុលប្រាសាទនានាបានដោយខ្លួនឯង។ជាក់ស្ដែងច្រាំងកសិន្ធុអង្គរវត្តនៅខាងមុខប្រវែង 160ម៉ែត្រ ត្រូវបានអ្នកជំនាញអាជ្ញាធរជាតិអប្សរាកំពុងធ្វើការជួសជុលឡើងវិញជាបន្តបន្ទាប់ ក្នុងគោលបំណង ដើម្បីលើកសោភណភាពទេសភាពប្រាសាទអង្គរវត្តឱ្យកាន់តែមានភាពទាក់ទាញ ពង្រឹងច្រាំងមានរូបរាងឡើងវិញ និងទប់លំនឹងស្ពានហាលសម្រាប់ភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលទស្សនាប្រាសាទអង្គរវត្តផងដែរ។
មន្ត្រីជំនាញបង្ហាញថា ច្រាំង និងជណ្តើរថ្មបុរាណនៅព័ទ្ធជុំវិញគូទឹក នៃប្រាសាទអង្គរវត្ត ដែលធ្លាប់បានទទួលរងគ្រោះដោយសារពេលវេលាផង ធម្មជាតិផង ដោយសារសង្គ្រាម និងដោយសារមនុស្សផង បានធ្វើឱ្យជណ្តើរព័ទ្ធជុំវិញគូទឹក នៃប្រាសាទអង្គរវត្ត ស្រុតធ្លាក់ចុះរប៉ាត់រប៉ាយគ្មានសណ្ដាប់ធ្នាប់ បាត់បង់ទ្រង់ទ្រាយដើម បើទោះបីជាអ្នកជំនាញការជាតិ និងអន្តរជាតិ បានរើជួសជុលរៀបចំឡើងវិញតាំងពីទសវត្សរ៍ទី60 រហូតមកក្តី។បច្ចុប្បន្ននេះ ច្រាំងកសិន្ឋុ និងជណ្តើរថ្ម នៃគូទឹកប៉ែកខាងលិចឆៀងខាងជើង នៃប្រាសាទអង្គរវត្ត បាននិងកំពុងរើរៀបជួសជុលសាឡើងវិញ ដោយមន្ត្រីជំនាញជនជាតិខ្មែរ នៃអាជ្ញាធរជាតិអប្សរា ចំនួនជាង 40នាក់ ចែកជាក្រុមតូចៗ មានក្រុមកាយថ្ម ក្រុមចាំងថ្ម ក្រុមបិទ និងតបំណែកថ្ម ក្រុមរៀបថ្ម ក្រុមបង្ហាប់ដី ជាដើម ជាទូទៅយើងប្រើបច្ចេកទេសបែបបុរាណ សាមញ្ញៗ ក្នុងគម្រោងទាំងមូលយើងទទួលបានថវិកាពីអាជ្ញាធរជាតិអប្សរាផ្តល់ដោយរាជរដ្ឋាភិបាល តិចច្រើនទៅតាមទំហំ នៃគម្រោងនីមួយៗ។ នេះបើតាមលោក ម៉ៅ សុខនី មន្ត្រីបច្ចេកទេស នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ របស់អាជ្ញាធរអប្សរា បានឱ្យដឹង កាលពីថ្ងៃទី7 ខែកុម្ភៈ ឆ្នាំ2020 នៅឯការដ្ឋានផ្ទាល់។
បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរា បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការអភិរក្ស និងជួសជុលទាំងប្រាសាទ ទាំងកសិន្ធុ ដើម្បីឲ្យនៅរឹងមាំយូរអង្វែង និងលើកតម្លៃសោភ័ណភាពសំណង់បេតិកភណ្ឌឲ្យកាន់តែមានភាពស្រស់ស្អាតជាទីទាក់ទាញភ្ញៀវទេសចរមកទស្សនាកាន់តែច្រើនបន្ថែមទៀត៕