ខ្សែភាពយន្ដ “Real” ជារឿងថ្មីដែលសម្ដែងដោយតួឯកប្រុស Kim Soo Hyun និងតារាឯកស្រី Sulli បានរងនូវពាក្យរិះគន់ជាច្រើនចំពោះខ្សែភាពយន្តដែលទើបតែដាក់បញ្ចាំងកាលពីថ្ងៃទី28 ខែមិថុនា ឆ្នាំ2017 បន្ទាប់ពីបានឆ្លើយតបចំពោះការរង់ចាំទស្សនារបស់ទស្សនិកជនជាយូររួចមក ដោយសារតែចង់ឃើញការសម្ដែងរបស់់តារាឯកប្រុស ដែលខកខានក្នុងការបង្ហាញខ្លួនជាច្រើនឆ្នាំមកហើយ។
គួរបញ្ជាក់ផងដែរថា រឿងនេះដែរ បានទទួលនូវការចាប់អារម្មណ៍តាំងពីចាប់ផ្ដើមបើកសម្ពោធការថតមកម្ល៉េះ ហើយក៏បានទម្លាយពីព័ត៌មានអាក្រាតកាយរបស់ Sulli ក្នុងពេលជាមួយគ្នាដែរ ក៏ប៉ុន្ដែខណៈនេះបែរជាកំពុងទទួលរងនូវពាក្យរិះគន់យ៉ាងពេញទំហឹងពីបណ្ដាអ្នកគាំទ្រនៅលើបណ្ដាញសង្គមថា ជារឿងដែលយ៉ាប់បំផុតនៅក្នុងប្រវត្តិសាស្ត្រឧស្សាហកម្មភាពយន្ដកូរ៉េខាងត្បូង។
តាមរយៈគេហទំព័រល្បីប្រចាំប្រទេសកូរ៉េ Naver Movie បានឱ្យដឹងថារឿង “Real” ទទួលបានការបោះឆ្នោតគាំទ្រត្រឹមតែ 4.85 តែប៉ុណ្ណោះ បើគិតពិន្ទុពេញ10 ពីអ្នកគាំទ្រ រហូតដល់មានអ្នកលេងបណ្ដាញសង្គមម្នាក់បានពោលថា “អ្នកដែលមើលភាពយន្ដរឿងនេះយល់ ស័ក្ដិសមទទួលបានពានរង្វាន់ណូបែល” និងរងនូវពាក្យរិះគន់មួយទៀតថា “ខ្ញុំអាចមានសមត្ថភាពថតរឿងនេះបានល្អជាងដោយប្រើត្រឹមកាមេរ៉ា iPhone” និងកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀតគឺ “ខ្ញុំឈប់ជក់បារី 5 ឆ្នាំហើយ តែពេលមើលរឿងនេះហើយ ធ្វើឱ្យខ្ញុំចង់ជក់បារីឡើងវិញ”៕