ក្រុមហ៊ុនផលិតទូរស័ព្ទធំៗរបស់ចិន បានសហការគ្នាក្រោមឈ្មោះ Global Developer Service Alliance (ហៅកាត់ GDSA) ដែលទំនងជានឹងធ្វើការប្រកួតប្រជែងនឹងការកាន់កាប់អំណាចលើទីផ្សារអន្តរជាតិរបស់សេវាកម្ម Play Store របស់ Google ។
Huawei, Xiaomi, OPPO និង Vivo កំពុងចាប់ដៃគ្នាបង្កើតនូវ Platform មួយដែលអាចឱ្យអ្នកបង្កើតកម្មវិធី (Developer) នៅក្រៅទឹកដីប្រទេសចិន អាចបង្ហោះកម្មវិធីទៅកាន់ Store ជាច្រើនក្នុងពេលតែមួយ។ នេះបើតាមការចុះផ្សាយរបស់ Reuters។
Google Play Store ត្រូវបានហាមឃាត់មិនឱ្យដំណើរការនៅប្រទេសចិន អ្នកប្រើប្រាស់ទូរស័ព្ទ Android បានងាកទៅដោនឡូដកម្មវិធីពី App Store ផ្សេងៗគ្នាជាច្រើន ដែលភាគច្រើន គឺទទួលបានការមើលថែទាំពីក្រុមហ៊ុន ដូចជា Huawei និង OPPO ជាដើម។
ចំណែកនៅក្រៅទឹកដីប្រទេសចិនវិញ Google Play Store ស្ទើរតែវាយផ្ដាច់ទីផ្សារសកល ជាទីតាំងមួយដែល Developer ងាយស្រួលបង្ហោះកម្មវិធីរបស់ពួកគេចូលទៅ។ ដែនអំណាចរបស់ Google Play Store មានន័យថា App Store ដទៃទៀត ពិបាកក្នុងការទទួលបានការគាំទ្រពី Developer លើទីផ្សារសកល ហើយ GDSA នឹងអាចជួយដោះស្រាយបញ្ហានេះបាន។
នៅក្នុងវេបសាយគំរូសម្រាប់ GDSA មានបញ្ជាក់ថា សេវាកម្មរបស់ខ្លួន គ្រោងបញ្ចេញឱ្យប្រើនៅក្នុងប្រទេស និងតំបន់ចំនួន 9 ដូចជាឥណ្ឌា ឥណ្ឌូនេស៊ី រុស្ស៊ី និងម៉ាឡេស៊ី។ Reuters បញ្ជាក់ថា ក្រុមហ៊ុននីមួយៗ គឺខ្លាំងក្នុងតំបន់ផ្សេងៗគ្នា ដូចជា Xiaomi ខ្លាំងនៅឥណ្ឌា ហើយ Huawei ខ្លាំងនៅអឺរ៉ុប។ ប៉ុន្តែបើរួបរួមគ្នា ពួកគេនឹងកាន់កាប់ទីផ្សារទូរស័ព្ទពិភពលោកជាង 40% បើគិតត្រឹមត្រីមាសទី4 ឆ្នាំ2019។ Platform ថ្មី នឹងអនុញ្ញាតឱ្យ Developer បង្ហោះកម្មវិធីរបស់ខ្លួនទៅកាន់ App Store ជាច្រើនក្នុងពេលតែមួយ។
ការគ្របដណ្ដប់ទីផ្សារសកលរបស់ Google Play Store ជាបញ្ហាចម្បងមួយសម្រាប់ Huawei ដែលបាត់បង់អាជ្ញាប័ណ្ណសម្រាប់កម្មវិធី និងសេវាកម្ម Google កាលពីឆ្នាំមុន រួមមាន Google Play Store ជាដើម។ Reuters បានចុះផ្សាយថា Platform ថ្មីនេះគឺគ្រោងនឹងដំណើរការនាខែមីនាខាងមុខ ប៉ុន្តែវាប្រហែលជាត្រូវពន្យារពេលដោយសារការផ្ទុះវីរុសកូរ៉ូណា៕