មនុស្សជាច្រើនប្រហែលជាឆ្លើយថា ដោយសារឃ្លាន និងលាន់ចេញមកពីក្រពះយ៉ាងពិតប្រាកដ តែការពិតវិញ មិនត្រឹមត្រូវទាំងអស់ទេ ព្រោះពេលមិនឃ្លានក៏កើតអាការកូរពោះបានដែរ ដូច្នេះតើមានយន្តការអ្វីនៅក្នុងរាងកាយទៅ ទើបធ្វើឱ្យកើតសំឡេងកូរពោះនេះឡើង ហើយសំឡេងកូរពោះនេះវាលាន់ចេញមកពីផ្នែកណាមួយរបស់រាងកាយ?។
មូលហេតុដែលធ្វើឱ្យកើតសំឡេងកូរពោះដោយសារតែ ៖
ក្រពះនឹងបំពេញតួនាទីរំលាយអាហារ និងបញ្ជូនចូលឆ្ពោះទៅរកពោះវៀនតូច ហើយសាច់ដុំរបស់ក្រពះ និងពោះវៀនតូច បើដឹងថា គ្មានអាហារវានឹងបង្រួញខ្លួន ធ្វើឱ្យកើតអាការញ័រ និងមានសំឡេងលាន់ឮឡើង។ ការរួញសាច់ដុំដែលបណ្តាលមកពីភាពឃ្លាន អាចនឹងយូរដល់ទៅ 10 – 20នាទីក្នុងអំឡុងពេលដំបូង និងបន្ទាប់ពីនោះមក វានឹងបង្រួញខ្លួនជាចង្វាក់ៗ រៀងរាល់ 1 – 2ម៉ោង រហូតទាល់តែមានអាហារចូលក្នុងរាងកាយ។
មូលហេតុដែលពោះច្រើនតែកូរនៅពេលឃ្លាននោះ ព្រោះតែ ៖
ខួរក្បាលដែលជាផ្នែកគ្រប់គ្រងអារម្មណ៍ឃ្លានរបស់យើង នឹងចាំចាត់លំដាប់ការធ្វើការងាររបស់ក្រពះ ដោយពិចារណាតាមរយៈសារជាតិអាហារនៅក្នុងឈាម ដូច្នេះពេលដែលយើងឃ្លាន សារជាតិអាហារនៅក្នុងឈាមមានតិច ប្រព័ន្ធរំលាយអាហារនឹងធ្វើការកាន់តែលឿនឡើង តែពេលឆ្អែត នៅក្នុងឈាមមានសារជាតិអាហារគ្រប់គ្រាន់ ខួរក្បាលក៏នឹងបញ្ជាឱ្យប្រព័ន្ធរំលាយអាហារធ្វើការយឺតវិញ ទើបមិនសូវកើតមានឮសំឡេង។
កើតឡើងតែពេលឃ្លានប៉ុណ្ណោះ ឬយ៉ាងណា?
ទោះជាប្រក្រតី យើងបានឮសំឡេងកូរពោះពេលដែលឃ្លាន និងពោះទទេមែន តែការពិត វាអាចកើតឡើងបានគ្រប់ពេលវេលា មិនថាតែពេលក្រពះទំនេរ ឬអត់ក៏ដោយ ដូចជាពេលញ៉ាំបាយហើយថ្មីៗ សាច់ដុំក្រពះ និងពោះវៀនតូចច្របាច់ខ្លួន ដើម្បីច្របល់អាហារ និងធ្វើការរំលាយ ក៏កើតមានសំឡេងឡើងបានដូចគ្នា។
ការញ៉ាំទឹកភេសជ្ជៈដែលមានហ្គាស់នៅក្នុងក្រពះក្នុងបរិមាណច្រើន មានអាស៊ីតនៅក្នុងក្រពះច្រើន ឬកើតភាពតានតឹងធុញថប់ខ្លាំង រហូតហុចផលដល់ការរំលាយអាហារ ឬកើតរោគរលាកពោះវៀន ក៏មានផលប៉ះពាល់ធ្វើឱ្យកើតមានសំឡេងកូរពោះ ក្រៅពីពេលឃ្លានបានដែរ៕