ក្រសួងពាណិជ្ជកម្ម កំពុងរៀបចំស្នើសុំចុះបញ្ជីផលិតផលខ្មែរចំនួន 5មុខបន្ថែមទៀត ដើម្បីការពារម៉ាកសញ្ញាពាណិជកម្ម ។ នេះជាការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្ម នៅក្នុងសន្និសីទសារព័ត៌មានស្តីពី«បច្ចុប្បន្នភាព និងវឌ្ឍនភាពរបស់ក្រសួងពាណិជ្ជកម្ម» នៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី6 កុម្ភៈម្សិលមិញ។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា ក្រសួងកំពុងសិក្សា និងប្រមូលព័ត៌មានបឋមពាក់ព័ន្ធនឹងការចុះបញ្ជីម៉ាកយីហោកសិផលទាំង 5មុខនោះ មាន ក្រូចពោធិ៍សាត់ ផ្កាអំបិលកំពត សូត្រមាស អង្ករសរីរាង្គ និងអំបុកខ្មែរ។ លោក ស៊ាង ថៃ អ្នកនាំពាក្យនៃក្រសួងពាណិជ្ជកម្មការបានថ្លងថា ចុះបញ្ជីការពារម៉ាកផលិតផលរបស់ខ្មែរ គឺដើម្បីបង្កើនទំនុកចិត្តដល់អ្នកបរិភោគ ជាពិសេសទប់ស្កាត់ការបន្លំផលិតផលរបស់ខ្មែរយើង នៅក្នុងទីផ្សារសេរីនេះ។អ្នកនាំពាក្យរូបនេះ បានបន្ថែមថា៖ «ធម្មតាយើងតាំងគោលដៅចុះបញ្ជីការពារម៉ាកសញ្ញា កសិផលចំនួន 5មុខនេះ បើគេទទួលស្គាល់ត្រឹមតែ3 ឬ4 ក៏វាជាជោគជ័យរបស់យើងដែរ ព្រោះវាអាស្រ័យលើទំហំការងារជាក់ស្ដែង»។
កាលពីពេលកន្លងមក ក្រសួងពាណិជ្ជកម្មបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវម៉ាកសញ្ញា «ម្លិះអង្គរ» ដែលជាម៉ាកវិញ្ញាតកម្មទី1 និងម៉ាកសញ្ញា «ក្រូចថ្លុងកោះទ្រង់» ដែលជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញទី3 របស់កម្ពុជា បន្ថែមពីលើម៉ាកសញ្ញា «ម្រេចកំពត» និង«ស្ករត្នោតកំពង់ស្ពឺ» ដែលកំពុងទទួលការពេញនិយមលើទីផ្សារក្រៅប្រទេស។ ក្រសួងពាណិជ្ជកម្មថែមទាំងបានតាក់តែងគោលនយោបាយ និងចងក្រងលិខិតបទដ្ឋានគតិយុត្ត ដើម្បីការពារម៉ាកសញ្ញាពាណិជ្ជកម្មនេះទៀតផង។
អ្នកនាំពាក្យខាងលើ បានបន្ថែមឱ្យដឹងទៀតថា កាលពីឆ្នាំ2019 កន្លងមក ក្រសួងពាណិជ្ជកម្មបានទទួលពាក្យស្នើសុំចុះបញ្ជីការពារម៉ាកសញ្ញាពាណិជ្ជកម្ម បានចំនួន 5, 278ច្បាប់ ដោយកើនឡើង 13ភាគរយ បើធៀបនឹងឆ្នាំ2018៕