ថ្មីៗនេះ Xiaomi បានប្រកាសបង្ហាញរថយន្តប្រភេទ SUV គឺ Bestune T77 Xiaomi Edition ដែលមានបំពាក់ឱ្យប្រើប្រាស់នូវមុខងារឆ្លាតវៃ XiaoAI ជាពិសេសតែម្តង។ ក្រុមហ៊ុនបច្ចេកវិទ្យារបស់ប្រទេសចិន Xiaomi មួយនេះ ក្រៅពីប្រឡូកក្នុងវិស័យស្មាតហ្វូន កុំព្យូទ័រ និងគ្រឿងបរិក្ខារអេឡិចត្រូនិកប្រើប្រាស់នៅក្នុងគេហដ្ឋានហើយ ក្រុមហ៊ុននេះក៏បានចូលរួមក្នុងវិស័យផលិតយានយន្តផងដែរ។
ចំពោះបច្ចេកវិទ្យា XiaoAI វិញ នឹងជួយឱ្យអ្នកបើកបរអាចដាក់គោលដៅធ្វើដំណើរលើដងវិថី ឆ្លើយតបនឹងសំណួរផ្សេងៗទាក់ទិននឹងចរាចរណ៍ ក៏ដូចជាភ្ជាប់ទៅនឹងការបញ្ជាបិទបើកឧបករណ៍គ្រឿងបរិក្ខារផ្សេងៗនៅឯគេហដ្ឋានបានតាមរយៈមុខងារ Smart Home System ផងដែរ។
ឧទាហរណ៍៖ ប្រសិនអ្នកភ្លេចបិទម៉ាស៊ីនត្រជាក់នៅឯផ្ទះ ហើយប្រើប្រាស់ម៉ាស៊ីនត្រជាក់របស់ Xiaomi នោះអ្នកអាចបញ្ជាបិទពីចម្ងាយក្នុងពេលធ្វើដំណើរក្នុងរថយន្តបាន។ កម្លាំងម៉ាស៊ីនរថយន្ត Bestune T77 Xiaomi Edition មានបំពាក់នូវម៉ាស៊ីន Turbocharged ចំណុះ 1.2លីត្រ អាចផលិតកម្លាំងបាន 143សេះ មានប្រអប់លេខ 2ប្រភេទជា MT និង AMT។
បច្ចុប្បន្នរថយន្តនេះកំពុងស្ថិតក្នុងគម្រោងអភិវឌ្ឍន៍ និងផលិតបន្ថែម។ ចំពោះតម្លៃវិញ មិនទាន់មានការបញ្ជាក់ច្បាស់នៅឡើយ តែចំពោះការកុម្ម៉ង់ទិញ ឥឡូវមានដល់ទៅ 140គ្រឿងទុកជាមុនរួចជាស្រេចហើយ៕