
មេរោគ អេបូឡា អេដស៍ និងគ្រុនឈាម ឬគ្រុនផ្ដាសាយតាមរដូវជាដើម សុទ្ធតែបានសម្លាប់មនុស្សក្នុងអត្រាខ្ពស់ ហើយវាតែងតែគំរាមកំហែងដល់មនុស្សលោកជានិច្ច។
មេរោគ ម៉ារបឺក (Marburg Virus)
ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញវីរុសម៉ាបឺកនេះក្នុងឆ្នាំ 1967 នៅពេលអាសន្នរោគនេះបានឆ្លងរាលដាលលើបុគ្គលិកនៃមន្ទីរពិសោធន៍អាល្លឺម៉ង់ ដោយពួកគេបានប៉ះពាល់សត្វស្វាមានផ្ទុកមេរោគម៉ាបឺកដែលនាំមកពីប្រទេសអ៊ូហ្គង់ដា (Uganda)។ មេរោគម៉ាបឺក ដូចទៅនឹងមេរោគអេបូឡា (Ebola) ត្រង់ថា វាបង្កឱ្យអ្នកជំងឺមានអាការគ្រុនឈាម មានន័យថា អ្នកជំងឺនឹងត្រូវគ្រុនក្ដៅ ហើយចេញឈាមតាមសរសៃឈាមក្នុងខួរក្បាល និងក្រពះជាដើម បណ្ដាលឱ្យស្លាប់បាន។

អត្រាស្លាប់ក្នុងការផ្ទុះឆ្លងលើកដំបូង ត្រឹម20% ប៉ុន្តែ វាបានឡើងដល់80% ក្នុងការផ្ទុះឆ្លងរាលដាលចាប់ពីឆ្នាំ 1998-2000 នៅប្រទេសកុងហ្គោ (Congo) និងឆ្នាំ 2005 នៅអាងហ្គោឡា (Angola) នេះបើតាមអង្គការសុខភាពពិភពលោក WHO។
មេរោគអេបូឡា (Ebola Virus)
ការផ្ទុះឆ្លងរាលដាលនៃមេរោគអេបូឡាដំបូងនៅលើមនុស្ស បានកើតឡើងក្នុងអំឡុងពេលតែមួយនៅស៊ូដង់ និង កុងហ្គោ ក្នុងឆ្នាំ 1976។ អេបូឡា ឆ្លងតាមរយៈការប៉ះពាល់ឈាម ឬទឹករងៃនៃរាងកាយ ឬជាលិការបស់មនុស្ស ឬសត្វដែលមានផ្ទុកមេរោគនេះ។ ប្រភេទមេរោគអេបូឡាផ្សេងៗគ្នា បង្កគ្រោះថ្នាក់ក្នុងកម្រិតផ្សេងៗគ្នាដែរ។អេបូឡាប្រភេទ Reston ភាគច្រើនមិនធ្វើឱ្យអ្នកជំងឺធ្លាក់ខ្លួនឈឺនោះទេ ប៉ុន្តែ ប្រភេទ Bundibugyo សម្លាប់មនុស្សក្នុងអត្រា 50% និងប្រភេទ Sundan គឺ 71%។ អាសន្នរោគនេះ បានរាតត្បាតខ្លាំងបំផុតគឺនៅដើមឆ្នាំ 2014 ហើយវាក៏មានភាពស្មុគស្មាញបំផុតគិតមកដល់បច្ចុប្បន្ន។
មេរោគឆ្កួត (Rabies Virus)
បើទោះជាថ្នាំវ៉ាក់សាំងការពារជំងឺឆ្កួតនៅលើសត្វចិញ្ចឹម ត្រូវបានប្រើប្រាស់តាំងពីឆ្នាំ 1920 ធ្វើឱ្យជំងឺនេះមិនសូវកើតមាននៅក្នុងបណ្ដាប្រទេសអភិវឌ្ឍ ប៉ុន្តែ វានៅតែជាបញ្ហាធំនៅប្រទេសឥណ្ឌា និងបណ្ដាប្រទេសនៅទ្វីបអាហ្វ្រិក។
សាស្ត្រាចារ្យឯកទេសខាងមីក្រូជីវសាស្ត្រនៃសកលវិទ្យាល័យ Boston លោក Elke Muhlberger បានឱ្យដឹងថា ៖ “មេរោគឆ្កួត បំផ្លាញខួរក្បាលរបស់មនុស្ស និងសត្វដែលបានឆ្លងមេរោគនេះ ហើយវាពិតជាអាសន្នរោគដ៏កាចសាហាវ។ បើសិនមានអ្នកណាម្នាក់ត្រូវសត្វដែលមានផ្ទុកមេរោគឆ្កួតនេះ យើងអាចព្យាបាលបាន ប៉ុន្តែ បើសិនព្យាបាលមិនទាន់ពេល នោះហានិភ័យនៃការស្លាប់គឺ 100%។
មេរោគអេដស៍ (HIV)
អេសដ៍អាចជាមេរោគដ៏គ្រោះថា្នក់ក្នុងពិភពលោកនាបច្ចុប្បន្ន ព្រោះវានៅតែជាមេរោគដែលសម្លាប់មនុស្សច្រើនបំផុត នៅទូទាំងពិភពលោក។ មេរោគនេះបានសម្លាប់មនុស្សប្រមាណជា 36លាននាក់ រាប់ចាប់ពីវាត្រូវបានគេរកឃើញកាលពីទសវត្សរ៍ឆ្នាំ 1980 នេះបើតាមការលើកឡើងរបស់បណ្ឌិត Amesh Adalja អ្នកឯកទេសផ្នែកជំងឺឆ្លង និងជាអ្នកនាំពាក្យនៃសមាគមជំងឺឆ្លងអាមេរិក។
យោងតាមអង្គការសុខភាពពិភពលោក (WHO) ថ្វីបើបច្ចុប្បន្ន យើងមានថ្នាំព្យាបាលជំងឺអេដស៍ ប៉ុន្តែ មេរោគនេះនៅតែឆ្លងរាលដាលខ្លាំងនៅតំបន់ដែលមានប្រជាជនក្រីក្រច្រើនរស់នៅ។ របាយការណ៍របស់ WHO បានឱ្យដឹងថា នៅក្បែរតំបន់សាហារ៉ានៃទ្វីបអាហ្វ្រិក ក្នុងចំណោមមនុស្សពេញវ័យ 20នាក់ គឺមានម្នាក់មានផ្ទុកមេរោគអេដស៍។
មេរោគអុតធំ (Smallpox)
ឆ្នាំ 1980 មហាសន្និបាតសុខភាពពិភពលោក បានប្រកាសថា ជំងឺអុតធំ ត្រូវបានកម្ចាត់ចោលទាំងស្រុង។ ប៉ុន្តែ មុននោះ មនុស្សជាតិត្រូវចំណាយពេលរាប់ពាន់ឆ្នាំក្នុងការប្រយុទ្ធប្រឆាំងជំងឺនេះ ដោយក្នុងចំណោមអ្នកជំងឺ3នាក់ គឺមានម្នាក់ស្លាប់។ ចំណែកអ្នកដែលបានជាសះស្បើយពីជំងឺនេះ ពួកគេខ្លះក៏ត្រូវពិការភ្នែក។
ក្រុមប្រវត្តិវិទូ បានឱ្យដឹងថា គិតត្រឹមសតវត្សរ៍ទី20 ជំងឺនេះបានសម្លាប់មនុស្សយ៉ាងតិច 300លាននាក់។
មេរោគស្ទះសួត ហានតា (Hantavirus)
មេរោគនេះត្រូវបានរកឃើញកាលពីឆ្នាំ 1993 នៅសហរដ្ឋអាមេរិក នៅពេលដែលប្ដីប្រពន្ធមួយគូបានស្លាប់ បន្ទាប់ពីមានអាការហត់ និងដង្ហក់តែប៉ុន្មានថ្ងៃប៉ុណ្ណោះ។ ពលរដ្ឋអាមេរិកាំងជាង 600នាក់បានឆ្លងមេរោគនេះ ក្នុងនោះ 36% បានបាត់បង់ជីវិត នេះបើតាមមជ្ឈមណ្ឌលគ្រប់គ្រង និងទប់ស្កាត់ជំងឺឆ្លងនៃសហរដ្ឋអាមេរិក។មេរោគ Hanta មិនឆ្លងពីមនុស្សទៅមនុស្ស ប៉ុន្តែវាឆ្លងតាមរយៈការប៉ះពាល់លាមករបស់សត្វកណ្ដុរមួយប្រភេទដែលមានផ្ទុកមេរោគនេះ។ កាលពីជំនាន់សង្គ្រាមឧបទ្វីបកូរ៉េ មេរោគនេះ បានឆ្លងទៅទាហានប្រមាណជា 3,000នាក់ ក្នុងនោះមានទាហានប្រហែល 12% ដែលមានផ្ទុកមេរោគនេះ បានបាត់បង់ជីវិត នេះបើតាមការចុះផ្សាយនៅលើទស្សនាវដ្ដី Clinical Microbiology Reviews កាលពីឆ្នាំ 2010។
មេរោគផ្ដាសាយតាមរដូវ (flu season)
WHO បានឱ្យដឹងថា ក្នុងរដូវផ្ដាសាយ មនុស្សប្រហែល 500,000នាក់នៅក្នុងពិភពលោក អាចបាត់បង់ជីវិតដោយឆ្លងមេរោគផ្ដាសាយ។ អាសន្នរោគផ្ដាសាយដែលបានសម្លាប់មនុស្សច្រើនបំផុតគឺមេរោគផ្ដាសាយអេស្ប៉ាញ ដែលចាប់ផ្ដើមក្នុងឆ្នាំ 1918 និងបានឆ្លងទៅមនុស្ស 40% ក្នុងពិភពលោក ក្នុងនោះមានអ្នកស្លាប់ដល់ទៅ 50លាននាក់។
គ្រុនចាញ់
ជំងឺនេះបានកើតឡើងដំបូងនៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ 1950 នៅប្រទេសហ្វីលីពីន និងប្រទេសថៃ។ ក្រោយមកវាបានឆ្លងរាលដាលពេញតំបន់ត្រូពិក។ អាសន្នរោគដែលកើតឡើងដោយសារមូសខាំនេះ នឹងរាតត្បាតកាន់តែខ្លាំងនៅពេលផែនដីកើនកំដៅជាងនេះ។
យោងតាម WHO មេរោគនេះបានឆ្លងទៅមនុស្សចាប់ពី 50-100លាននាក់ជារៀងរាល់ឆ្នាំ។ មកដល់បច្ចុប្បន្ន ពិភពលោកមិនទាន់មានថ្នាំវ៉ាក់សាំងការពារមេរោគនេះនៅឡើយ ប៉ុន្តែ ក្រុមហ៊ុនផលិតឱសថ Sanofi របស់បារាំង បាន និងកំពុងពិសោធថ្នាំវ៉ាក់សាំងមួយប្រភេទដែលបង្ហាញលទ្ធផលល្អបង្គួរ។
មេរោគរាកសូស (Rotavirus)
សារព័ត៌មាន Live Science បានចេញផ្សាយថា មេរោគ Rota ធ្វើឱ្យក្មេង និងទារកត្រូវរាករូសខ្លាំងពេលឆ្លងមេរោគនេះ។ មេរោគនេះអាចឆ្លងយ៉ាងឆាប់រហ័សតាមរយៈការប៉ះពាល់លាមកមនុស្ស។ ឆ្នាំ 2008 WHO បានរាយការណ៍ថា ក្មេងអាយុក្រោម 5ឆ្នាំ ប្រមាណជា 453,000នាក់បានស្លាប់ដោយសារឆ្លងមេរោគរាករូសនេះ។ បច្ចុប្បន្ន ពិភពលោកកំពុងប្រើថ្នាំវ៉ាក់សាំងពីរប្រភេទដើម្បីទប់ស្កាត់មេរោគនេះ៕
ប្រភព៖ សារព័ត៌មានបរទេស
