អគ្គនាយកដ្ឋានពន្ធដារទទួលបានលទ្ធផលយ៉ាងល្អប្រសើរក្នុងការប្រមូលពន្ធ-អាករគ្រប់ប្រភេទក្នុងរយៈពេល12ខែ នៃឆ្នាំ2019 កន្លងទៅនេះ ដោយសម្រេចបានទឹកប្រាក់ប្រមាណជិត 3,000លានដុល្លារសហរដ្ឋអាមេរិក។ នេះបើផ្អែកតាមការប្រកាសនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែធ្នូ និងប្រចាំឆ្នាំ2019 ព្រមទាំងដាក់ទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី21 ខែមករា ឆ្នាំ2020 នៅសាលាជាតិពន្ធដារ។
តាមរយៈការចុះផ្សាយរបស់អគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញថា សម្រាប់រយៈពេល 12ខែនៃឆ្នាំ2019 កន្លងមកនេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលពន្ធ-អាករគ្រប់ប្រភេទ(តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ) មានចំនួន 11,277.32ប៊ីលានរៀល (ប្រមាណ 2819,33 លានដុល្លារ) ធៀបនឹងផែនការប្រចាំឆ្នាំ2018 ឃើញថា ទទួលបានលទ្ធផលលើសផែនការប្រមាណ 23.20% ឬត្រូវជាប្រមាណ2,123.69ប៊ីលានរៀល ស្មើនឹងប្រមាណ 530,92លានដុល្លារអាមេរិក។
ទំហំទឹកប្រាក់ដែលទទួលបាននៅក្នុងឆ្នាំ2019 ខាងលើនេះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ2018 ឃើញថា ចំណូលពន្ធ-អាករសម្រាប់រយៈពេល 12ខែ នៃឆ្នាំ2019 កើនឡើងចំនួន 2,485.92ប៊ីលានរៀល (ប្រមាណជា 621.48លានដុល្លារអាមេរិក)ស្មើនឹង28.28%។
ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែធ្នូ និងប្រចាំឆ្នាំ2019 កាលពីថ្ងៃទី21 ខែមករា ឆ្នាំ2020 កន្លងមកថា៖“ដោយមានការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ក្នុងការប្រមូលចំណូលពន្ធរបស់មន្ត្រីគ្រប់លំដាប់ថ្នាក់ និងការកែទម្រង់ប្រព័ន្ធគ្រប់គ្រងជាច្រើនរបស់អគ្គនាយកដ្ឋានពន្ធដារ ជាក់ស្តែងការប្រមូលពន្ធក្នុងរយៈពេល 12ខែក្នុងឆ្នាំ2019 កន្លងមកនេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធបានប្រមាណជាង 11,277.32 ប៊ីលានរៀល ត្រូវជាប្រមាណជាង 2,819.33លានដុល្លារអាមេរិក”។
ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងនូវការកោតសរសើរ និងផ្តល់មូលវាចារណ៍ដ៏ថ្លៃថ្លា ចំពោះសមិទ្ធផលដែលសម្រេចបានរបស់អគ្គនាយកដ្ឋានពន្ធដារក្នុងនាមជាស្ថាប័នប្រមូលចំណូល សម្រេចបានលទ្ធផលជាប្រវត្តិសាស្ត្រជាបន្តបន្ទាប់ ហើយជាពិសេសសម្រាប់ឆ្នាំ2019 ដែលផ្តល់មោទនភាព ចំពោះរាជរដ្ឋាភិបាល និងចំពោះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ឯកឧត្តម គង់ វិបុល បានមានប្រសាសន៍ថា៖“ក្នុងឆ្នាំ2019 អគ្គនាយកដ្ឋានពន្ធដារ បានដាក់ឱ្យអនុវត្តនូវប្រព័ន្ធអនឡាញ សម្រាប់ការស្នើសុំការបង្វិលសង និងការប្រើប្រាស់ឥណទានអាករលើតម្លៃបន្ថែមតាមប្រព័ន្ធអនឡាញ សម្រាប់ការគ្រប់គ្រងអាករលើតម្លៃបន្ថែមរបស់អគ្គនាយកដ្ឋានពន្ធដារ (E-VAT Refund) ដោយបានបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងប្រមូលអាករលើតម្លៃបន្ថែម និងបានទប់ស្កាត់ការគេចវេះកេងបន្លំប្រាក់ពន្ធផងដែរ”។
ឯកឧត្តម គង់ វិបុល បានបញ្ជាក់ថា “ជាលទ្ធផលក្នុងរយៈពេល 12ខែនៃឆ្នាំ2019 ចំណូលអាករលើតម្លៃបន្ថែមបានកើនឡើង 31.05% ប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ2018 ហើយតាមរយៈវិធានការ E-VAT រួមជាមួយវិធានការពន្ធដារសំខាន់ផ្សេងៗទៀត បានជំរុញកំណើនពន្ធលើប្រាក់ចំណូលប្រមាណ28.47%, អាករពិសេស 30.72%, ពន្ធប្រថាប់ត្រា43.73%, ពន្ធលើប្រាក់បៀវត្សរ៍ 18.21% និងពន្ធលើឈ្នួលដី និងផ្ទះ 68.20% ប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ2018”។
ឯកឧត្តម គង់ វិបុល បានបញ្ជាក់ឱ្យដឹងថា លទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលសម្រាប់ឆ្នាំ2019 គឺបានឆ្លុះបញ្ចាំងនូវការវិនិយោគ និងកំណើនសេដ្ឋកិច្ចជាតិជាបន្តបន្ទាប់ ដែលជាសមិទ្ធផលមិនអាចកាត់ថ្លៃបាន និងបានអរគុណចំពោះសុខសន្តិភាព ស្ថិរភាពនយោបាយ ដែលជួយសម្រេចនូវសមិទ្ធផលដ៏ថ្លៃថ្លានេះ។ ក្នុងឆ្នាំ2019 គឺឆ្លុះបញ្ចាំងអំពីជោគជ័យនៃការអនុវត្តនូវយុទ្ធសាស្ត្រកៀរគរចំណូល2019-2020 ដែលជានវានុវត្តន៍ប្រកបដោយនិរន្តរភាពនៃការបន្តអនុវត្តប្រកបដោយភាពជោគជ័យនូវកិច្ចកំណែទម្រង់គោលនយោបាយរដ្ឋបាលសារពើពន្ធ និងទំនើបកម្មពន្ធដារ ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី4 កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFMRP)៕