ក្រុមហ៊ុនស៊ីភី (CP) របស់ថៃ បានចាប់អារម្មណ៍លើការផលិតគ្រាប់កាហ្វេនៅកម្ពុជា ដើម្បីនាំចូលទៅប្រទេសថៃ ខណៈបច្ចុប្បន្នតម្រូវការគ្រាប់កាហ្វេ កំពុងមានកម្រិតខ្ពស់នៅក្នុងប្រទេសថៃ ដែលទំហំនៃការផលិតមិនទាន់អាចផ្គត់ផ្គង់គ្រប់ក្នុងប្រទេស។
ការលើកឡើងនេះ ត្រូវបានតំណាងភាគីរបស់ក្រុមហ៊ុន CP បញ្ជាក់នៅក្នុងជំនួបប្រជុំរវាងធុរជនថៃរបស់ក្រុមហ៊ុននេះ ជាមួយឯកឧត្ដម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មដើម្បីពិភាក្សាការងារ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម កាលពីចុងសប្ដាហ៍កន្លងទៅ។
នៅក្នុងកិច្ចប្រជុំនោះ តំណាងរបស់ក្រុមហ៊ុនស៊ីភី បានជម្រាបជូនឯកឧត្ដមរដ្ឋមន្ត្រី អំពីគោលបំណងក្នុងការពិនិត្យលើការផលិតគ្រាប់កាហ្វេនៅកម្ពុជា ដើម្បីនាំចូលទៅប្រទេសថៃ ដែល បច្ចុប្បន្នតម្រូវការគ្រាប់កាហ្វេ គឺមានកម្រិតខ្ពស់ ដែលទំហំនៃការផលិតនៅប្រទេសថៃ មិនអាចផ្គត់ផ្គង់គ្រប់ចំនួននោះទេ។
ជាការឆ្លើយតបនឹងបំណងនេះ ឯកឧត្ដម ប៉ានសូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថាការដាំដុះដំណាំកាហ្វេ គឺមានច្រើននៅខេត្តមណ្ឌលគិរីនិងរតនគិរីរបស់កម្ពុជា ហើយឯកឧត្ដមបានលើកទឹកចិត្តឱ្យក្រុមហ៊ុនស៊ីភី ចុះទៅពិនិត្យដោយផ្ទាល់ និងសហការជាមួយសហគមន៍ផលិតគ្រាប់កាហ្វេនៅទីនោះ ដើម្បីពិនិត្យលើលទ្ធភាពជាក់ស្ដែង។បន្ថែមពីនេះ ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនស៊ីភី បង្កើនប្រតិបត្តិការរបស់ក្រុមហ៊ុននៅកម្ពុជាឱ្យបានច្រើន លើសពីការវិនិយោគបច្ចុប្បន្នបន្ថែមទៀត ជាពិសេសការកែច្នៃអង្ករ ដំឡូងមីពោត និងផលិតផលដទៃទៀត ដែលសុទ្ធសឹងតែជាផលិតផលមានសក្ដានុពលសម្រាប់នាំចេញ។
ក្រោយទទួលបានដំណឹងថា ក្រុមហ៊ុន CP ប្រកាសវិនិយោគលើការដាំដុះដំណាំកាហ្វេ នេះដែរ លោកចាន់ សុណាត ដែលកសិករដាំកាហ្វេនៅក្នុងខេត្តមណ្ឌលគិរី បានលើកឡើងថា ដំណាំកាហ្វេនៅខេត្តមណ្ឌលគិរី បច្ចុប្បន្នគឺមានទីផ្សារល្អធម្មតា។ លោកបន្តថា ដីក្នុងខេត្តមណ្ឌលគិរី មានជីវជាតិល្អ និងអំណោយផលយ៉ាងខ្លាំងចំពោះដំណាំកាហ្វេ ធ្វើឱ្យដំណាំប្រភេទនេះ លូតលាស់បានល្អ មិនចាំបាច់ថែទាំដិតដល់ខ្លាំង ក៏អាចទទួលបានទិន្នផលល្អសមរម្យដែរ។ជាមួយគ្នានោះ កសិករដាំកាហ្វេនៅក្នុងខេត្តមណ្ឌលគិរីរូបនេះ ក៏បានសម្តែងការស្វាគមន៍ចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុន CP របស់ថៃ ដែលបានចាប់អារម្មណ៍លើផលិតកម្មគ្រាប់កាហ្វេនៅកម្ពុជា ដើម្បីនាំចូលទៅប្រទេសថៃ ជាពិសេសនៅក្នុងខេត្តលោកតែម្ដង។
គួររំឭកឱ្យបានជ្រាបដែរ កាលពីឆ្នាំ2015 កម្ពុជាបាននាំចូលកាហ្វេដែលមានតម្លៃសរុបជាង 8លានដុល្លារ ដែលធ្លាក់ចុះពីជាង 10លានដុល្លារកាលពីឆ្នាំ2014 ខណៈដែលការនាំចេញមានតម្លៃតែជាង 70,000 ដុល្លារប៉ុណ្ណោះកាលពីឆ្នាំ2015 ដែលកើនឡើងពីជាង 2,000ដុល្លារកាលពីឆ្នាំ2014។ នេះបើតាមតួលេខបានពីក្រសួងពាណិជ្ជកម្ម ហើយនៅក្នុងរយៈពេល 6ខែឆ្នាំកន្លងទៅ កម្ពុជានាំចូលកាហ្វេមានតម្លៃត្រឹមតែជាង 3លានដុល្លារប៉ុណ្ណោះ។
យ៉ាងណា ក្នុងជំនួបប្រជុំរវាងធុរជនថៃរបស់ក្រុមហ៊ុនស៊ីភី (CP) នឹងក្រសួងពាណិជ្ជកម្ម ក៏បានបង្ហាញពីការរំពឹងទុកដែរថា ទំហំពាណិជ្ជកម្មនាំចេញកាហ្វេកម្ពុជា នឹងកាន់តែមានសក្ដានុពលទៅកាន់ទីផ្សាអន្តរជាតិ ជាពិសេសប្រទេសថៃ ក្រោយមានការវិយោគលើដំណាំនេះ។ ដើម្បីសម្រេចនៅគោលដៅនេះ ភាគីទាំង2 ក៏បានប្តេជ្ញា បន្តកិច្ចសហការ និងខិតខំប្រឹងប្រែងសម្រួលពាណិជ្ជកម្ម ដើម្បីលើកស្ទួយបរិយាកាសធុរកិច្ច និងការវិនិយោគរបស់វិនិយោគគិនថៃនិងកម្ពុជា និងដើម្បីឱ្យការនាំចេញ-នាំចូលផលិតផលរបស់ប្រទេសទាំង2 កាន់តែមានការកើនឡើង។
គួរបញ្ជាក់ថា បើគិតត្រឹមតែឆមាសទី1 ក្នុងឆ្នាំ2019 កន្លងទៅនេះ ទំហំពាណិជ្ជកម្ម កម្ពុជា-ថៃ មានប្រមាណជាង 4ពាន់លានដុល្លារអាមេរិក ដែលចំនួននេះ បានធ្វើឱ្យកម្ពុជា ឈរនៅលំដាប់ទី4 ក្នុងចំណោមបណ្តាប្រទេសជាដៃគូពាណិជ្ជកម្មតាមព្រំដែនរបស់ថៃ ដោយក្នុងនោះ ផលិតផលដែលកម្ពុជានាំចេញទៅថៃ ភាគច្រើនគឺ ពោត និងដំឡូងមី ជាដើម ខណៈដែលប្រទេសថៃ នាំចូលមកកម្ពុជាវិញ រួមមានឧបករណ៍អេឡិចត្រូនិក ប្រេងឥន្ធនៈ គ្រឿងសម្អាង និងសម្ភារសំណង់ជាដើម៕