មនុស្សជាង 8លាននាក់បានស្លាប់ដោយសារការប្រើប្រាស់ផលិតផលថ្នាំជក់ ជារៀងឆ្នាំ ដែលភាគច្រើននៃអ្នកស្លាប់ ស្ថិតនៅក្នុងប្រទេសដែលមានចំណូលមធ្យម និងទាប។ ចំណែកឯអ្នកស្រូបផ្សែងបារីពីគេ ក៏រងផលប៉ះពាល់ធ្ងន់ធ្ងរ បង្កឱ្យមានជំងឺផ្លូវដង្ហើម ជំងឺបេះដូង មហារីក និងជំងឺផ្សេងៗបណ្តាលឱ្យស្លាប់ប្រមាណ ១.២លាននាក់ក្នុង 1ឆ្នាំទូទាំងសកលលោក។ ដោយឡែកប្រជាជនកម្ពុជា ចំនួនប្រមាណ 15,000នាក់បានស្លាប់ជារៀងរាល់ឆ្នាំ ដោយសារការជក់បារី និងការស្រូបផ្សែងបារីពីគេ។ នេះបើយោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកឆ្នាំ2019 នៅក្នុងវគ្គបណ្តុះបណ្តាលស្តីពីផលប៉ះពាល់នៃការប្រើប្រាស់ផលិតផលថ្នាំជក់កាលពីថ្ងៃទី4 ខែកុម្ភៈ ឆ្នាំ2020 នេះ នៅសណ្ឋាគារលាភវិរៈសារ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ប្រធានអង្គការចលនាដើម្បីសុខភាពកម្ពុជា លោកវេជ្ជបណ្ឌិត មុំ គង់ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះថ្វីបើមិនមានការផ្សាយពាណិជ្ជកម្មផលិតផលបារី តាមរយៈទូរទស្សន៍ តាមរយៈផ្ទាំងប៉ាណូធំៗ ប៉ុន្តែការបិទផ្សាយពាណិជ្ជកម្មតូចៗតាមកន្លែងលក់កាហ្វេ តាមហាងលក់គ្រឿងទេសផ្សេងៗ ក៏ដូចជាការបញ្ជូនស្ត្រីស្អាតដើរផ្សាយពាណិជ្ជកម្មបារី នៅតែបន្តមាននៅឡើយ ខណៈដែលយើងកំពុងមានវិធានការតាមរយៈដំឡើងពន្ធផលិតផលថ្នាំជក់ឱ្យដល់កម្រិតមួយ ដែលធ្វើឱ្យចំណេញដល់សេដ្ឋកិច្ច និងកាត់បន្ថយអ្នកស្លាប់ដោយសារការប្រើប្រាស់ថ្នាំជក់។
លោកវេជ្ជបណ្ឌិតបានមានប្រសាសន៍បន្ដទៀតថា ទន្ទឹមនេះយើងបានជំរុញការអប់រំប្រជាពលរដ្ឋឱ្យយល់ដឹងពីគ្រោះថ្នាក់នៃការជក់បារី តាមរយៈការដាក់សារព្រមានសុខភាពជារូបភាពធំៗនៅលើកញ្ចប់បារី និងជំរុញការហាមឃាត់ការជក់បារីនៅកន្លែងធ្វើការ និងកន្លែងសាធារណៈ ដូចជាតាមភោជនីយដ្ឋាន តាមសណ្ឋាគារ អាហារដ្ឋាន និងតាមតៀមកាហ្វេជាដើម ដែលតម្រូវឱ្យម្ចាស់ភោជនីយដ្ឋាន សណ្ឋាគារត្រូវបិទសញ្ញាហាមជក់ ហើយត្រូវប្រាប់ដល់ភ្ញៀវដែលជក់បារីឱ្យចេញទៅជក់នៅខាងក្រៅកន្លែងគ្មានមនុស្ស ដើម្បីការពារអ្នកមិនចេះជក់បារី ជាពិសេសស្ត្រី និងកុមារ។ តែទោះបីមានអនុក្រឹត្យតម្រូវឱ្យបោះពុម្ពសារព្រមានសុខភាពជារូបភាពលើផលិតផលថ្នាំជក់តាំងពីឆ្នាំ2016 មកក្ដី ក៏បច្ចុប្បន្នយើងនៅតែសង្កេតឃើញថា ផលិតផលថ្នាំជក់មួយចំនួនពុំទាន់មានបោះពុម្ពផ្សាយសារព្រមានពីការប៉ះពាល់សុខភាព ដូចការកម្រិតរបស់រាជរដ្ឋាភិបាលនៅឡើយ៕