ដោយគេមើលឃើញការលើកឡើងនៅលើបណ្ដាញសង្គមហ្វេសប៊ុកដែលបានឱ្យដឹងថា បទចម្រៀងរបស់ រាជិនីសំឡេងមាស រស់ សេរីសុទ្ធា « ចម្រៀងលាគ្នា » ត្រូវបានតារាចម្រៀងជំនាន់ក្រោយៗយកមកច្រៀងឡើងវិញយ៉ាងពីរោះរណ្ដំចិត្ត។ ក៏ប៉ុន្ដែក្នុងនោះក៏មានទង្វើធ្វេសប្រហែសមួយចំនួនដែលធ្វើឱ្យអ្នកច្រៀងប្រាសចាកឃ្លាដើមត្រង់ឃ្លា « គេងពីព្រលឹម ក្រោកពីព្រលប់ » ទាំងដែលស្ដាប់ទៅមិនទំនងន័យ។ ក្នុងនោះក៏មានការលើកឡើងរបស់អ្នកលេងបណ្ដាញសង្គម ដែលមានស្នើឱ្យការផលិតបទចម្រៀងមានការត្រួតពិនិត្យឱ្យបានល្អិតល្អន់ឡើងវិញ។ សំនួររបស់អ្នកលេងបណ្ដាញសង្គមក៏ចង់ដឹងដែលថា តើបទនេះត្រូវគេងពេលណាឱ្យប្រាកដទៅ??
យ៉ាងណាមិញ មានការលើកឡើងក្នុងហ្វេសប៊ុកថា «មកពីមិនសិក្សាប្រវត្តិបទចម្រៀងគេជាមុនសិន បានចេះតែច្រៀងមកខុសពេញទឹកពេញដី ពេលខ្លះ ខុសទាំងការដឹកនាំសម្ដែងកាយវិការ ឱ្យសមជាមួយនឹងសាច់រឿងដើមរបស់គេទៀត។ ជាក់ស្ដែងដូចជាបទចម្រៀងនេះអញ្ចឹង តួស្រីផ្ដាំតួប្រុសឱ្យ “គេងពីព្រលប់ ក្រោកពីព្រលឹម” មិនមែន “គេងពីព្រលឹម ក្រោកពីព្រលប់”នោះទេ។ សូមបញ្ជាក់ផងដែរថា បទ”ចម្រៀងលាគ្នា” របស់លោកយាយរស់សេរីសុទ្ធា គឺជាបទចំរៀងដែលប្រសូតចេញពីផលិតកម្មចិនមួយ ដើម្បីដាក់បញ្ចូលទៅក្នុងភាពយន្តចិន ដែលមានចំណងជើងថា “អូនឈឺចិត្តណាស់” ។ នៅក្នុងរឿងនេះ មានរយៈពេលបញ្ចាំងជាច្រើនម៉ោង និងសាច់រឿងដ៏កំសត់ អមជាមួយនឹងបទចម្រៀងជាច្រើនបទ។ ចម្រៀងលាគ្នា ត្រូវបានបកប្រែ និង រៀបចំទំនុកបទចម្រៀង ជាខេមរភាសា ដោយ លោកតា ម៉ក់ ឈួន។ បទដើម មានចំណងជើងថា “谁来爱我” ច្រៀងដោយអ្នកស្រី 邓丽君 ។»
ហើយក៏មានការអះអាងពីគណនីហ្វេសប៊ុកមួយទៀតដែរថា «កាលពីប៉ុន្មានថ្ងៃមុន ខ្ញុំបានបង្ហោះបទចម្រៀងដែលច្រៀងឡេីងវិញដោយអ្នកនាង ឪក សុគន្ធកញ្ញាគឺ ចម្រៀងលាគ្នា ដែលបទនេះដកស្រង់ពីខ្សែភាពយន្តភាគចិន “អូនឈឺចិត្តណាស់” រហូតដល់សារព័ត៌មានមួយចំនួនយកទៅផ្សាយ បង្កើតជាការងឿងឆ្ងល់ ប្រទាញប្រទង់គ្នា។ បេីយោងតាមបទម្ចាស់ដេីមគឺ “គេងពីព្រលប់ ក្រោកពីព្រលឹម” មិនមែនដូចអ្វីដែលអ្នកនាង កញ្ញា ច្រៀងនោះទេ ហេីយឃ្លានេះគឺវាសុីនិងបរិបទសង្គមសម្រាប់មនុស្សទូទៅផងដែរ។ វាមិនដែលមានគេងពីព្រលឹម ក្រោកពីព្រលប់ ទោះបីមនុស្សមួយចំនួនយកយប់ធ្វេីថ្ងៃ យកថ្ងៃធ្វេីយប់ក៏គេមិនដែលនិយាយដែរ»៕