កូនកំលោះ និងកូនក្រមុំ រួមជាមួយឪពុកម្ដាយ ត្រូវបង្ខាំងខ្លួនឯងក្នុងផ្ទះ ខណៈដែលពិធីអាពាហ៍ពិពាហ៍របស់ពួកគេប្រារព្ធឡើងនៅឯសណ្ឋាគារតាមការគ្រោងទុក។
លោក Yu អាយុ 37ឆ្នាំ ធ្វើការផ្នែកសំណង់ បានត្រឡប់មកស្រុកកំណើតម្ដាយក្នុងខេត្ត Hunan ប្រទេសចិន មុនរដូវចូលឆ្នាំចិន ហើយបានត្រឡប់មកដល់សិង្ហបុរីវិញនៅថ្ងៃទី30 មករា។ ពិធីជប់លៀងអាពាហ៍ពិពាហ៍របស់គាត់ និងភរិយាបានត្រូវធ្វើឡើងនៅក្នុងសណ្ឋាគារមួយកាលពីថ្ងៃទី2 កុម្ភៈ ប៉ុន្តែ ដោយសារតែគេទើបត្រឡប់មកពីតំបន់មានអាសន្នរោគកូរ៉ូណា គម្រោងរបស់ពួកគេក៏ត្រូវបានផ្លាស់ប្ដូរ។
កូនកំលោះរូបនេះបាននិយាយថា ៖ “ភ្ញៀវដែលពួកខ្ញុំបានអញ្ជើញ មានការព្រួយបារម្ភនៅពេលដឹងថា ពួកខ្ញុំទើបត្រឡប់មកពីប្រទេសចិន ទើបយើងខ្ញុំសម្រេចចិត្តនៅដាច់ដោយឡែកពីមនុស្សម្នាក្នុងរយៈពេល 14ថ្ងៃ”។
ពិធីជប់លៀងអាពាហ៍ពិពាហ៍ នៅតែប្រារព្ធឡើងតាមការគ្រោងទុក ភ្ញៀវដែលបានអញ្ជើញ បានមកចូលរួមគ្រប់គ្នា។ កូនកំលោះ និងកូនក្រមុំត្រូវបង្ខាំងខ្លួនក្នុងផ្ទះ ហើយទទួលភ្ញៀវតាមរយៈអេក្រង់ទូរទស្សន៍ដោយការផ្សាយផ្ទាល់តាមអ៊ីនធើណិត។ កូនកំលោះនិយាយថា៖ “សូមអរគុណលោក លោកស្រី និងមិត្តទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងពិធីមង្គលការរបស់យើងខ្ញុំ។ សូមមេត្តាអធ្យាស្រ័យផងដែលយើងខ្ញុំមិនអាចនិយាយពាក្យអរគុណដោយផ្ទាល់បាន”។ ភ្លាមនោះ សម្លេងទះដៃក៏លាន់កងរំពងឡើង។
ជាងនេះទៅទៀត ពួកគេថែមទាំងឆ្លៀតធ្វើពិធីមង្គលការបែបប្រពៃណីចិន និងអញ្ជើញភ្ញៀវកិត្តិយសឡើង លើ ឆាកដើម្បីជល់កែវជាមួយពួកគេទៀតផង។ ដោយសារតែឪពុកម្ដាយរស់នៅជាមួយកូន ដូច្នេះពួកគេក៏ត្រូវនៅដាច់ដោយឡែកពីមនុស្សម្នា។ ក្នុងពិធីជប់លៀងនេះ មានតែប្អូនស្រីរបស់កូនកំលោះប៉ុណ្ណោះ ជាអ្នកទទួលភ្ញៀវដោយផ្ទាល់។
ទីភ្នាក់ងារសារព័ត៌មានចិន Chinapress បានឱ្យដឹងថា បន្ទាប់ពីពិធីរៀបការនៅសិង្ហបុរីនេះ កូនកំលោះនិងកូនក្រមុំនឹងបន្តរស់នៅដាច់ដោយឡែកពីគេឯង ហើយពួកគេនឹងចូលធ្វើការវិញចាប់ពីថ្ងៃទី15កុម្ភៈខាងមុខ បើសិនជាពួកគេមិនមានផ្ទុកមេរោគវីរុសកូរ៉ូណា៕
ប្រភព៖ សារព័ត៌មានបរទេស