គិតត្រឹមឆមាសទី1 ឆ្នាំ2017 នេះ សម្ទុះនៃការលក់ម៉ូតូរបស់ក្រុមហ៊ុន Yamaha បានកើនឡើងប្រហែល 50% បើប្រៀបធៀបជាមួយនឹងរយៈពេលដូចគ្នាកាលពីឆ្នាំកន្លងទៅ នេះបើតាមការបញ្ជាក់របស់លោក ឧកញ៉ា គង់នួន អគ្គនាយកក្រុមហ៊ុនគង់ នួន គ្រុប។
លោកឧកញ៉ាបានឱ្យដឹងថា បច្ចេកវិទ្យា Blue Core គឺជាផ្នែកមួយដែលបានជួយជំរុញការលក់ម៉ូតូ Yamaha ឱ្យមានសម្ទុះទៅមុខលឿនជាងមុន ក្រោយពីស្ងប់ស្ងាត់អស់មួយរយៈលើទីផ្សារម៉ូតូលេខអូតូ។ បច្ចេកវិទ្យាមួយនេះធ្វើឱ្យការប្រើប្រាស់ម៉ូតូមានការសន្សំសំចៃប្រេង ជួយកាត់បន្ថយកម្តៅម៉ាស៊ីន, កាត់បន្ថយសំឡេងរំខាន និងបង្កើនថាមពលម៉ាស៊ីនដែលជាកត្តាសំខាន់ជួយសន្សំសំចៃដល់អ្នកប្រើប្រាស់ជាចម្បង។
លោកថា៖«Blue Core បានជួយយើងច្រើនក្នុងការវាតយកចំណែកទីផ្សារបន្ថែម។ ចំណុចល្អសម្រាប់បច្ចេកវិទ្យាមួយនេះ គឺការសន្សំសំចៃប្រេងរបស់វា ដែលធ្វើឱ្យអតិថិជនមានការពេញចិត្ត»។
លោកឧកញ៉ា គង់ នួន បានបន្ថែមទៀតថា ក្រៅពីនេះ វាក៏ដោយសារការរៀបចំយុទ្ធសាស្រ្ដទីផ្សារបានត្រឹមត្រូវ ដោយចេះសម្លឹងមើលពីតម្រូវការ និងដាក់តម្លៃសមរម្យមួយ ព្រមនឹងការចាប់ដៃគូសហការក្នុងការបើកហាងលក់បន្តថ្មីៗ ដើម្បីបង្កភាពងាយស្រួលដល់អតិថិជន។ ហើយបច្ចុប្បន្ននេះ ក្រុមហ៊ុនបានពង្រីកទីតាំងហាងលក់តាមតំបន់ធំៗក្នុងរាជធានីភ្នំពេញបាន 3 កន្លែង ដូចជាហាងតំណាងចែកចាយថ្មី អ៊ុយ សាខននៅតំបន់រោងកុនគិរីរម្យ ហាងតំណាងចែកចាយថ្មី អ៊ីវ ភិរុណ នៅតំបន់អូរឬស្សី និងចុងក្រោយគេ គឺហាងតំណាងចែកចាយម៉ូតូ វ៉ាសៀង ដែលស្ថិតនៅតំបន់រោងកុនគិរីរម្យដូចគ្នា។ ក្នុងនោះ ក្រុមហ៊ុនមានសុទិដ្ឋិនិយមថា កំណើនការលក់ម៉ូតូ Yamaha នឹងកើនឡើងចំនួន 3 ដងនៅឆ្នាំនេះ បន្ទាប់ពីមានការចាប់ដៃគូសហការចែកចាយជាបន្តបន្ទាប់នៅរាជធានីភ្នំពេញ ក៏ដូចជានៅតាមបណ្តាខេត្តនានារួចមក៕