ភ្នំពេញៈ ក្រសួងបរិស្ថាននឹងរៀបចំពង្រឹងសមត្ថភាពលើការអភិវឌ្ឍសេដ្ឋកិច្ចបៃតងតាមរយៈការពង្រឹងសមត្ថភាពមន្រ្តីវ័យក្មេង និងយន្តការជាច្រើនទៀត។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថានដែលទទួលបាននៅព្រឹកថ្ងៃទី14 កក្កដានេះបានឲ្យដឹងថា ក្រសួងនេះនឹងរៀបចំសិក្ខាសាលារយៈពេល 2ថ្ងៃ ចាប់ពីថ្ងៃទី17 ដល់18 កក្កដាខាងមុខនេះដើម្បីចែករំលែកបទពិសោធ និងភាពជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចបៃតង ដែលរៀបចំឡើងដោយផ្ទាល់ពីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពនៃក្រសួងបរិស្ថាន។
សិក្ខាសាលានេះនឹងផ្តល់ឲ្យអ្នកចូលរួមទទួលបានការស្វែងយល់ស៊ីជម្រៅ លើទស្សនទាន និងបទពិសោធនៃការអភិវឌ្ឍបៃតងរបស់កម្ពុជា។ សិក្ខាសាលានេះក៏នឹងពិភាក្សាលើបញ្ហាប្រឈមនានាដែលអាចគំរាមកំហែងដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជាផងដែរ។
លោកហូ វណ្ឌីទីប្រឹក្សាសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ថា នេះជាការផ្តួចផ្តើមរបស់ក្រសួងដើម្បីជំរុញឲ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរក្សាបាននូវកំណើនរឹងមាំតាមរយៈគោលនយោបាយ និងយុទ្ធសាស្រ្តផែនការរបស់រាជរដ្ឋាភិបាល។ សិក្ខាសាលានេះជាការផ្តល់ចំណេះដឹង និងផែនការនេះជាការលើកទឹកចិត្តដល់កសិករ អ្នកស្រែចម្ការ ពិសេសអ្នកទទួលបានកសិផលពីការដាំដុះ ដូចជា ទី1 កម្ពុជាអាចនាំចេញអង្ករបានជាង50ម៉ឺនតោន ទី2 ការនាំចេញផល្លានុផលមួយចំនួន ខណៈមហាមិត្តចិនបានផ្តល់បច្ចេកវិទ្យាថ្មីៗដើម្បីការពារកុំឲ្យមានការបំផ្លាញពីសត្វល្អិត។
តើអ្វីជាសេដ្ឋកិច្ចបៃតង? លោក ហូ វណ្ឌី បានពន្យល់ថា សេដ្ឋកិច្ចបៃតងសំដៅលើរឿងកសិកម្មជាមួយនឹងការនាំចេញនូវផលិតផលកសិកម្ម ពិសេសការដាំដុះរបស់បងប្អូនប្រជាពលរដ្ឋតាមភូមិ ឃុំ សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃដែលជាការចូលរួមកាត់បន្ថយភាពក្រីក្រដោយស្វ័យប្រវត្តិ៕