ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលរាជធានីភ្នំពេញ បានប្តេជ្ងានឹងធ្វើការរួមគ្នាជំរុញឱ្យមានការវិនិយោគលើគម្រោងសាងសង់ចំណតយានយន្តសាធារណៈ ឬចំណតរថយន្តក្រោមដីឱ្យបានច្រើនកន្លែងថែមទៀតនៅក្នុងរាជធានីភ្នំពេញ។ ស្របពេលគ្នានេះប្រជាពលរដ្ឋ និងអ្នកជំនាញខាងអភិវឌ្ឍន៍ បានបង្ហាញការសាទរ និងរំពឹងថា ផែនការនេះនឹងជួយកាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍ដល់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។
យុវជន ជា វណ្ណណេត ជានិស្សិតផ្នែកគ្របគ្រងឆ្នាំទី3 នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង បានយល់ស្របចំពោះផែនការរបស់រដ្ឋាភិបាលលើការសាងសង់ចំណតក្រោមដីនៅភ្នំពេញ។
យុវជនរូបនេះបាននិយាយថា៖ “ការចតយានយន្តនៅក្នុងទីក្រុងភ្នំពេញ ខ្ញុំឃើញអ្នកខ្លះ សូម្បីតែកន្លែងហាមចត ក៏ពួកគាត់ចតដែរ វាជាហេតុនាំឱ្យចៀសមិនរួចពីការកកស្ទះចរាចរណ៍ ដូចជានៅម្តុំផ្សារដើមថ្កូវជាដើម”។
ហេតុនេះ យុវជនរូបនេះយល់ថា “ដើម្បីដោះស្រាយបញ្ហានេះ ខ្ញុំចង់ឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធសហការគ្នាដើម្បីចាប់ផ្តើមបង្រៀនពីច្បាប់ចរាចរណ៍ និងសីលធម៌ ពិសេសកសាងចំណតក្រោមដីឱ្យបានច្រើន ដែលនេះជាមធ្យោបាយរយៈពេលវែងក្នុងការកាត់បន្ថយការស្ទះចរាចរណ៍”។
ពាក់ព័ន្ធទៅនឹងការលើកឡើងនេះដែរ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ក៏បានបង្ហាញការគាំទ្រចំពោះយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល ដែលជំរុញឱ្យមានការវិយោគលើការកសាងចំណតក្រោមដីនេះផងដែរ។ លោកយល់ថា បញ្ហាកកស្ទះចរាចរណ៍ បានធ្វើឱ្យបាត់បង់សោភណភាពនៅក្នុងរាជធានីភ្នំពេញ ហេតុនេះការវិនិយោគឱ្យមានចំណតយានយន្តក្រោមដី វាជួយច្រើនដល់ការរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយទីក្រុង ម្យ៉ាងវាក៏ជួយឱ្យមានចំណូលដល់ជាតិ និងអ្នកវិនិយោគផងដែរ។
តែយ៉ាងណា អ្នកជំនាញផ្នែកអចលនទ្រព្យរូបនេះ ក៏បានជំរុញដល់ស្ថាប័នពាក់ព័ន្ធឱ្យមានការបង្កើតវគ្គបណ្តុះបណ្តាល ដល់បណ្តាអ្នកវិនិយោគឱ្យដឹងពីគោលដៅរយៈពេលវែង ជាពិសេសពន្យល់ឱ្យប្រជាជនបានដឹងពីការប្រើប្រាស់ចំណតក្រោមដី ដើម្បីឱ្យផែនការនេះមានប្រសិទ្ធភាព។
ពាក់ព័ន្ធនឹងផែនការសាងសង់ចំណតយានយន្តក្រោមដីនេះដែរ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលថ្មីៗនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានណែនាំឱ្យអាជ្ញាធររាជធានីភ្នំពេញ និងក្រសួងពាក់ព័ន្ធមួយចំនួន ពន្លឿនការអនុវត្តគម្រោងសាងសង់ចំណតរថយន្តសាធារណៈឱ្យបានឆាប់ដើម្បីកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ព្រមទាំងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញផង។
ឯកឧត្ដមបានមានប្រសាសន៍ថា បច្ចុប្បន្ននេះ រាជធានីភ្នំពេញមិនមានចំណតសម្រាប់ឱ្យបងប្អូនប្រជាពលរដ្ឋយើង ចតយានយន្តបានត្រឹមត្រូវនៅឡើយទេ ដែលនេះជាហេតុធ្វើឱ្យមានការចតយានយន្តគ្មានសណ្តាប់ធ្នាប់ រំលោភលើដងផ្លូវ និងចំណីផ្លូវដែលនាំឱ្យមានការកកស្ទះដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ។
ឯកឧត្ដមបានបញ្ជាក់ថា៖“ក្រសួងសាធារណការ និងសាលារាជធានីភ្នំពេញ ត្រូវបន្តការយកចិត្តទុកដាក់អនុវត្តផែនការនេះឱ្យបានជោគជ័យ ដែលស្របតាមយុទ្ធសាស្ត្រ និងគោលនយោបាយជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោករបស់រដ្ឋាភិបាល”។
ឆ្លើយតបពាក់ព័ន្ធនឹងផែនការកសាងចំណតយានយន្តក្រោមដីនេះដែរ លោក ម៉េត មាសភក្តី មន្ត្រីនាំពាក្យនៃសាលារាជធានីភ្នំពេញ ធ្លាប់បានលើកឡើងថា បច្ចុប្បន្ននៅភ្នំពេញមានចំណតក្រោមដីដែលបានសាងសង់រួចរាល់ គឺស្ថិតនៅក្រោមសួនច្បារផ្សារចាស់ ដែលស្ថិតនៅមុខស្ថានីយរថភ្លើង ចន្លោះពីអគារវឌ្ឍនៈ និងអគារកាណាឌីយ៉ា និងចំណតក្រោមដី ឆ្ពោះទៅផ្សាររាត្រី។
លោកបានឱ្យដឹងថា បច្ចុប្បន្នសាលារាជធានីភ្នំពេញបាននិងកំពុងធ្វើការផ្សព្វផ្សាយដល់បងប្អូនដែលចតរថយន្តគ្មានសណ្តាប់ធ្នាប់ ហើយក៏កំពុងជំរុញឱ្យមានការចូលរួមពីវិស័យឯកជន ក្នុងការវិនិយោគលើការសាងសង់ចំណតរថយន្តសាធារណៈ និងចំណតក្រោមដីនៅក្នុងទីក្រុងភ្នំពេញឱ្យបានកាន់តែច្រើនបន្ថែមទៀត។
ជាមួយគ្នានោះដែរ ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្រៅពីពង្រឹងកិច្ចសហការបង្កើនការសាងសង់ចំណតយានយន្តក្រោមដីហើយនោះ ក្រសួងនឹងសហការជាមួយសាលារាជធានីភ្នំពេញ ដឹកនាំបន្តការងារស្ដារ ជួសជុល និងសាងសង់ផ្លូវតូចៗនៅក្នុងទីក្រុង ដើម្បីអាចធ្វើចរាចរណ៍បានទៅកាន់ផ្លូវធំៗទាំងអស់របស់ទីក្រុង សាងសង់ផ្លូវវាង និងផ្លូវរំលង ព្រមទាំងបំពាក់ភ្លើងសញ្ញាចរាចរណ៍ឱ្យបានត្រឹមត្រូវថែមទៀតផងដែរ។
គួរបញ្ជាក់ដែរថា បច្ចុប្បន្ននេះ នៅក្នុងរាជធានីភ្នំពេញមានការសាងសង់ និងកំពុងសាងសង់ចំណតរថយន្តសាធារណៈក្រោមដីមួយចំនួន ស្ថិតនៅក្រោមទីតាំងសួនច្បារមុខព្រះសក្យមុនីចេតិយ និងចំណតក្រោមដីមុខសួនច្បារសាន់វេ ខាងលិចរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំផងដែរ។ នេះបើយោងតាមការលើកឡើងរបស់ឯកឧត្ដម អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕