ក្នុងចំណោមប្រទេសទាំងឡាយដែលបញ្ជូនពលករ និងកម្មសិក្សាការីទៅធ្វើកម្មសិក្សា ក៏ដូចជាទៅធ្វើការនៅបរទេស កម្ពុជាក៏ជាប្រទេសដ៏សំខាន់មួយផងដែរ ដែលបានបញ្ជូនមនុស្សទៅបំពេញសេចក្តីត្រូវការផ្នែកកម្លាំងពលកម្មនៅតាមប្រទេសអភិវឌ្ឍន៍នានា។
ពាក់ព័ន្ធនឹងបញ្ហានេះ គេសង្កេតឃើញថា ក្រសួងការងារ និងអង្គការដៃគូបានព្យាយាមដើម្បីធ្វើយ៉ាងណាពលករ ក៏ដូចជាកម្មសិក្សាការីទាំងអស់ដែលទៅធ្វើការងារនៅបរទេស ទទួលបានសិទ្ធិ និងមានការអភិវឌ្ឍកាន់តែប្រសើរសម្រាប់សិទ្ធិការងារ។
ដោយមើលឃើញពីសារៈសំខាន់នៃការគាំពារសិទ្ធិពលករ ភាគីពាក់ព័ន្ធនានា ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អង្គការអន្តរជាតិខាងការងារ (ILO) សមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា (ACRA) និងសមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជា (MAC) បានបោះពុម្ពផ្សាយក្រមសីលធម៌សម្រាប់ទីភ្នាក់ងារជ្រើសរើសឯកជនដើម្បីគាំពារសិទ្ធិដល់ពលករទាំងអស់របស់កម្ពុជា។
ឯកឧត្តម អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ក្រមសីលធម៌សម្រាប់ទីភ្នាក់ងារជ្រើសរើសពលករឯកជននេះជាឯកសារដ៏មានសារៈសំខាន់ក្នុងការចូលរួមចំណែកពង្រឹងប្រសិទ្ធភាពការងារ ការលើកកម្ពស់សិទ្ធិការងារ និងសុខុមាលភាពរបស់ពលករ។ បន្ថែមពីលើនេះ វាក៏អាចគាំទ្រដល់ការអនុវត្តរបស់ទីភ្នាក់ងារឯកជនឱ្យធ្វើការប្រកបដោយគណនេយ្យភាព ក្នុងការគ្រប់គ្រង ជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និងការគ្រប់គ្រងពលករទៅធ្វើការនៅបរទេស។
លោកស្រី Anna Engblom តំណាងជាន់ខ្ពស់របស់អង្គការអន្តរជាតិខាងការងារ (ILO) បានឱ្យដឹងថា ក្រមសីលធម៌សម្រាប់ទីភ្នាក់ងារជ្រើសរើសពលករឯកជន មានសារៈប្រយោជន៍យ៉ាងខ្លាំងសម្រាប់គ្រប់ភាគីជាពិសេស គឺប្រទេសដែលបញ្ជូនពលករទៅធ្វើការងារ និងប្រទេសទទួលពលករ។
លោកស្រីមានប្រសាសន៍ថា ប្រទេសដែលបានបញ្ជូនពលករទៅធ្វើការងារ អាចទទួលបានការគាំពារសិទ្ធិល្អប្រសើរ និងកាត់បន្ថយភាពក្រីក្រ ចំណែកឯប្រទេសទទួលយកពលករវិញ ក៏ទទួលបានកម្លាំងពលកម្មល្អ ដើម្បីបំពេញបន្ថែមតម្រូវការសម្រាប់អភិវឌ្ឍន៍នៅក្នុងប្រទេសផងដែរ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានឱ្យដឹងថា ការដាក់ឱ្យប្រើប្រាស់ក្រមសីលធម៌សម្រាប់ទីភ្នាក់ងារជ្រើសរើសពលករឯកជននៅកម្ពុជានេះ ពិតជារឿងល្អខ្លាំងណាស់សម្រាប់ប្រទេសកម្ពុជា និងអូស្ត្រាលី។
ជាក់ស្តែងបច្ចុប្បន្ននេះ អូស្ត្រាលី និងសមាជិកនៃសមាគមអាស៊ានបានខិតខំលុបបំបាត់បញ្ហា ដូចជាការរំលោភបំពាននានាលើពលករ ការយកថ្លៃហួសហេតុ ជាថ្នូរនឹងឱកាសបញ្ជូនទៅធ្វើការងារនៅក្រៅប្រទេស ការធ្វើពលកម្មដោយបង្ខំ និងការជួញដូរមនុស្ស ជាដើម។ តាមរយៈឯកសារដ៏មានសារៈសំខាន់នេះ ពលករអាចមានឱកាសក្នុងការចូលរួមជាកម្លាំងពលកម្មប្រកបដោយអត្ថន័យ និងអាចផ្លាស់ប្តូរដោយសេរីក្នុងតំបន់់ ដើម្បីចាប់យកឱកាសការងារប្រកបដោយប្រសិទ្ធភាព។
ឯកឧត្តម Pablo Kang មានប្រសាសន៍ថា៖ “ប្រទេសអូស្ត្រាលីសង្ឃឹមថា ក្រមសីលធម៌នេះនឹងក្លាយជាឧបករណ៍ដើម្បីឱ្យទីភ្នាក់ងារជ្រើសរើសពលករអនុវត្តបានកាន់តែត្រឹមត្រូវ និងចូលរួមលើកកម្ពស់សិទ្ធិរបស់ពលករបានកាន់តែប្រសើរឡើងដើម្បីចូលរួមចំណែកអភិវឌ្ឍ”។
រហូតមកដល់បច្ចុប្បន្ននេះ ប្រទេសកម្ពុជាបានបញ្ជូនពលករប្រមាណជាង 1លាននាក់ទៅធ្វើការងារនៅក្នុង 6ប្រទេស ដូចជាប្រទេសថៃ ប្រទេសកូរ៉េ ប្រទេសម៉ាឡេស៊ី ប្រទេសសិង្ហបុរី និងតំបន់រដ្ឋបាលពិសេសហុងកុង៕