
មិត្តអ្នកអានប្រហែលជាធ្លាប់បានឮពាក្យដែលគេនិយាយថា សុខភាពល្អមិនអាចរកទិញនៅទីណាបានឡើយ បើចង់បានទាល់តែអនុវត្តដោយខ្លួនឯង។ ទោះជាដឹង និងយល់ច្បាស់ពីប្រយោគនេះហើយក៏ដោយ តែមានជាច្រើនដងណាស់ ដែលយើងធ្វេសប្រហែស និងព្រងើយកន្តើយចំពោះរឿងងាយៗ ដើម្បីទៅប្រឈមមុខនឹងរឿងលំបាកៗ និងបញ្ហាជាច្រើនដែលនឹងកើតឡើងក្នុងពេលអនាគត នោះគឺមានន័យថា យើងរស់នៅពីមួយថ្ងៃទៅមួយថ្ងៃដោយគ្មានយកចិត្តទុកដាក់ពីរឿងមើលថែទាំសុខភាព ទាំងវាជារឿងដ៏ងាយសែនងាយ រហូតបណ្តោយឱ្យសុខភាពចុះទ្រុឌទ្រោម យ៉ាប់យ៉ឺន និងត្រូវព្យាបាលយ៉ាងសកម្ម ដែលជាចុងក្រោយទៅអាចនឹងគ្មានផ្លូវព្យាបាលឱ្យជាបានផងក៏មិនដឹង។ តទៅនេះគឺជាពាក្យណែនាំក្នុងការមើលថែទាំសុខភាពបែបងាយៗ ដែលធ្វើហើយនឹងបានទទួលលទ្ធផលល្អ ដែលមានចំណុចខ្លះ មនុស្សជាច្រើនអាចធ្លាប់ដឹងរួចមកហើយ តែភ្លេច ឬក៏មិនទាន់បានចាប់ផ្តើមធ្វើយ៉ាងពិតប្រាកដនៅឡើយ។
1. ចេញទៅទទួលយកពន្លឺថ្ងៃនាពេលព្រលឹម
ការភ្ញាក់ពីព្រឹក ហើយចេញទៅទទួលយកពន្លឺថ្ងៃស្រទន់ៗ មុនម៉ោង 9:00 រៀងរាល់ថ្ងៃ 1ថ្ងៃ 10 -15នាទីនោះ នឹងជួយឱ្យរាងកាយបានទទួលវីតាមីន D យ៉ាងគ្រប់គ្រាន់ ខណ:ពេលជាមួយគ្នា ក៏នឹងធ្វើឱ្យលោកអ្នកមានអារម្មណ៍ស្រស់ស្រាយ ភ្លឺថ្លា និងមានជីវិតរស់រវើកផងដែរ។
2. ក្រេបទឹកតែ អ៊ូលង់ ក្តៅៗ
ក្រេបទឹកតែ អ៊ូលង់ មួយថ្ងៃឱ្យបាន 3ពេល នឹងមានចំណែកជួយកាត់បន្ថយបរិមាណជាតិខ្លាញ់រាវនៅក្នុងសរសៃឈាម និងកាត់បន្ថយកម្រិតកូលេស្តេរ៉ូលបានយ៉ាងល្អ ព្រោះសារធាតុនៅក្នុងស្លឹកតែ ឈ្មោះថា Catechin Polyphenol នឹងជួយកាត់បន្ថយបញ្ហាក្លិនមាត់ និងបាក់តេរីក្នុងប្រអប់មាត់ ហើយការពារធ្មេញមិនឱ្យពុកបានទៀតផង។

3. ញ៉ាំទឹកលាយទឹកឃ្មុំ
បើកើតអាការគេងមិនលក់ សូមកុំអាលនឹកដល់ថ្នាំគេងលក់ដែលមានឥទ្ធិពលខ្លាំងៗអី ចូរសាកល្បងទទួលទានទឹកឃ្មុំ 1ស្លាបព្រាបាយ លាយជាមួយទឹកក្តៅឧណ្ហៗ នៅពេលបាយល្ងាចរៀងរាល់ថ្ងៃ វានឹងជួយឱ្យយើងគេងលក់បានស្កប់ ភ្ញាក់ព្រឹកឡើងនឹងមានអារម្មណ៍ថា ធូរស្រាល និងស្រស់ស្រាយក្នុងពេលជាមួយគ្នា ហើយទឹកឃ្មុំនៅមានគុណសម្បត្តិជួយកាត់បន្ថយអាការលោហិតស្លេក ដោយ-សារតែទឹកឃ្មុំមានសារធាតុដែកដែលជាអង្គប្រកបមួយរបស់ហេម៉ូគ្លោប៊ីន ទើបវាអាចជួយបង្កើនគ្រាប់ឈាមក្រហមបាន។
4. រកមើលឱសថបុរាណក្បែរៗខ្លួន
មិនបាច់ស្វែងរកអ្វីដែលពិបាកៗនោះទេ ព្រោះឱសថបុរាណ គឺជារឿងក្បែរខ្លួនយើង និងមានគុណប្រយោជន៍ជាច្រើន លើកឧទាហរណ៍ងាយៗ ដូចជា ស្លឹកម្រះព្រៅមានឥទ្ធិពលក្នុងការបណ្តេញជាតិខ្លាញ់ និងជាតិស្ករដែលលើសចេញពីរាងកាយ ហើយស្លឹកម្រះព្រៅ ថែមទាំងជួយក្នុងការបញ្ចេញទឹកប្រមាត់ក្នុងថ្លើមឱ្យមកជួយរំលាយជាតិខ្លាញ់បានកាន់តែល្អឡើងទៀតផង ។
5. ធ្វើម៉ាស្សាបន្ធូរអារម្មណ៍ និងរាងកាយ
ឈ្លីសៀតផ្កាដោយប្រេង ភេផើរ៍មិនត៍ ឬទឹកប្រេងក្រអូបហើរតាមខ្យល់ផ្សេងទៀត នឹងជួយធ្វើឱ្យមានអារម្មណ៍ធូរស្រាលរួចផុតពីភាពតានតឹងធុញថប់អារម្មណ៍បាន។
6. ជ្រើសរើសពាក់ស្បែកជើងបាតាល្អៗមួយគូ
ការជ្រើសរើសពាក់ស្បែកជើងបាតាក្រណាត់ល្អៗ 1គូ វានឹងជួយឱ្យការហាត់ប្រាណតាមរយ:ការដើររបស់អ្នក ប្រព្រឹត្តទៅយ៉ាងរលូន និងក្រៅពីបានបញ្ចេញញើសហើយនោះ នៅបានជួយថ្នមសុខភាពប្រអប់ជើងទៀតផង។
7. កុំភ្លេចញ៉ាំសាច់ត្រីផងណា!
សាច់ត្រី គឺជាសាច់សត្វដែលមានគុណប្រយោជន៍ បើលោកអ្នកមានអាការស្ងួតភ្នែក ចូរសាកល្បងពិសាសាច់ត្រីសាល់ម៉ុន ឬត្រីម៉ាកខឺរេល ដែលមានសារធាតុអូមេហ្កា-3 ដែលរាងកាយប្រើប្រាស់សម្រាប់ផលិតទឹកភ្នែក។
8. ហិតក្លិនផ្កាឡាវេនឌើរ៍
ឡាវេនឌើរ៍ គឺជាក្លិនផ្កាដ៏មានថាមពល ជួយបន្ធូរ-បន្ថយភាពតានតឹងក្នុងអារម្មណ៍ និងធ្វើឱ្យគេងលក់ស្រួល និងថែមទាំងមានគុណសម្បត្តិក្នុងការសម្លាប់មេរោគ កាត់បន្ថយអាការផ្សាក្រហាយរបស់ស្បែក ព្រោះមានឬទ្ធិប្រឆាំងនឹងការរលាក។ ពេលបានហិតស្រូបក្លិនហើយ ឡាវេនឌើរ៍នឹងជួយកាត់បន្ថយអាការឈឺក និងរលាកបំពង់ខ្យល់បាន។
9. ជជែកលេងជាមួយមិត្តភក្តិខ្លះផង
ការនិយាយជជែកលេងជាមួយមិត្តភក្តិ លេងហ្គេម ចោទសួរប្រស្នាគ្នាលេង ត្រឹមតែ 1ថ្ងៃ 10នាទី នឹងជួយថែរក្សាប្រព័ន្ធចងចាំឱ្យនៅល្អបាន។
10. កុំចង់ឱ្យស្បែកឡើងពណ៌ខ្មៅស្រអែមអី
ការធ្វើឱ្យស្បែកឡើងពណ៌ខ្មៅស្រអែម ចាប់ផ្តើមទទួលបានការពេញនិយមនៅក្នុងចំណោមក្រមុំៗ កំលោះៗមួយចំនួនហើយ ព្រោះពួកគេមានជំនឿថា ការមានសម្បុរខ្មៅស្រអែម គឺជាមន្តស្នេហ៍ម៉្យាងដែរ តែការធ្វើឱ្យស្បែកឡើងពណ៌ខ្មៅស្រអែមដោយ Sun Bed គឺជារឿងមួយដែលមិនគួរធ្វើឡើយ ព្រោះអំពូលភ្លើងនឹងធ្វើឱ្យកើតកាំរស្មី UVA ដែលមានផលធ្វើឱ្យស្បែកឆាប់ចុះទ្រុឌទ្រោម ចាស់មុនអាយុ កើតស្នាមយារជ្រួញលើផ្ទៃមុខ ឬអាចឈានទៅដល់កើតរោគមហារីកស្បែកទៀតផង។
11. បា៎យបា៎យ សូដា
ការញ៉ាំទឹកសូដាជាប្រចាំយ៉ាងហោចណាស់ 1ថ្ងៃ 2 កែវនោះ នឹងហុចផលឱ្យក្រលៀនឆាប់ចុះខ្សោយជាងអ្នកដែលមិនបានញ៉ាំដល់ទៅ 3ដងឯណោះ នោះគឺមានន័យថា អាចនឹងមានភាពប្រថុយក្នុងការកើតអាការក្រលៀនលែងធ្វើការ(គាំង) ហើយអ្នកដែលញ៉ាំសូដារាល់ថ្ងៃ អាចនឹងមានភាពប្រថុយប្រថានក្នុងការកើតរោគសរសៃឈាមក្នុងខួរក្បាលណែនស្ទះ និងជំងឺបេះដូង ដែលជាជំងឺដ៏មានគ្រោះថ្នាក់ខ្លាំងជាងអ្នកមិនញ៉ាំសូដា ដល់ទៅ 43% ឯណោះ។ ដូច្នេះបើអាចកាត់បន្ថយបាន ក៏គួរតែកាត់បន្ថយ និងបើចៀសវាងបាននោះ រឹតតែល្អទៅទៀត។
12. ញ៉ាំទឹកម្តងបន្តិច តែញ៉ាំពេញ 1ថ្ងៃ
ការញ៉ាំទឹកក្នុងបរិមាណច្រើនៗក្នុងពេលតែមួយ មិនមែនជាវិធីញ៉ាំទឹកដែលត្រឹមត្រូវឡើយ តែគួរញ៉ាំទឹកម្តងបន្តិចៗ តែឱ្យបានញឹកញាប់ពេញ 1ថ្ងៃ ដើម្បីឱ្យរាងកាយមានពេលវេលាក្នុងការបឺតជ្រាបវិញទើបជាការប្រសើរ៕

