ការអាន បានក្លាយជាប្រធានបទយ៉ាងសំខាន់សម្រាប់ប្រជាជនលើពិភពលោកក្នុងសតវត្សរ៍ទី21នេះ ព្រោះបើទោះបីជាបច្ចេកវិទ្យាបានរីករាលដាល និងមានតួនាទីកាន់តែសំខាន់ប៉ុនណាក៏ដោយក៏ការអាននៅតែជាយន្តការសំខាន់ក្នុងការអប់រំផ្នែកអក្សរសាស្ត្រដដែល។
នៅកម្ពុជា គេសង្កេតឃើញថា ចំនួនអ្នកអានមិនសូវមានច្រើនប៉ុន្មានទេ បើទោះបីជាថ្មីៗនេះយើងឃើញថា កំណើននៃអំណាន
មានស្ថានភាពវិជ្ជមានដែលឆ្លុះបញ្ចាំងតាមរយៈការចូលរួមរបស់យុវជនក្នុងកម្មវិធីថ្នាក់ជាតិធំៗ ដូចជាពិព័រណ៍សៀវភៅ និងកំណើននៃការបោះពុម្ពផ្សាយស្នាដៃថ្មីៗយ៉ាងច្រើនក៏ដោយ។ នៅក្នុងនោះមានប្រជាជនជាច្រើនក៏បានចាប់អារម្មណ៍ និងចង់ឃើញការជំរុញរបស់ក្រសួងពាក់ព័ន្ធផងដែរចំពោះការអាននៅកម្ពុជា។
ពាក់ព័ន្ធនឹងបញ្ហានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា តាមពិតទៅក្រសួងអប់រំបានយកចិត្តទុកដាក់ខ្លាំងពាក់ព័ន្ធនឹងការអាននេះផងដែរ។ ជាក់ស្តែងនៅរៀងរាល់ថ្ងៃទី11 ខែមីនាជារៀងរាល់ឆ្នាំក្រសួងអប់រំបានរៀបចំទិវាអំណានជាតិដើម្បីបំផុសចលនាក្នុងការអាន និងមានកម្មវិធីសិក្សាជាច្រើនដែលពាក់ព័ន្ធនឹងការជំរុញការអាន។
សម្រាប់កម្មវិធីសិក្សាវិញ ក្រសួងបានចាប់ផ្តើមជំរុញកុមារៗ ចាប់តាំងពីកុមារតូច តាមរយៈកម្មវីធីអំណានដំបូងដែលយើងបានដាក់ដើម្បីឱ្យលោកគ្រូ-អ្នកគ្រូជួយសិស្សានុសិស្សឱ្យចេះអានជាបឋម មុននឹងក្លាយជាអ្នកពូកែអាននៅថ្ងៃអនាគត។
បន្ថែមពីលើនេះ កម្មវិធីសិក្សាដែលយើងអនុវត្តជាយូរណាស់មកហើយ និងកំពុងមានសារៈសំខាន់សម្រាប់ការបណ្តុះបណ្តាលការអាន និងការសរសេរ គឺមុខវិជ្ជាតែងសេចក្តី។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា៖ «មុខវិជ្ជាតែងសេចក្តីជាមុខវិជ្ជាយ៉ាងសំខាន់មួយដែលអាចជួយឱ្យសិស្សអាន និងចេះវិភាគស៊ីជម្រៅ។ មុខវិជ្ជានេះទាមទារឱ្យសិស្សត្រូវអានឱ្យបានច្រើន ទាំងអក្សរសិល្ប៍ជាតិ អក្សរសិល្ប៍បរទេស ប្រវត្តិសាស្រ្ត និងចំណេះដឹងទូទៅឱ្យបានច្រើន»។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានបន្ថែមទៀតថា ជាធម្មតានៅក្នុងសំណេរតែងសេចក្តី គឺត្រូវទាញយកហេតុផលជាក់ស្តែង ដែលមាននៅក្នុងអក្សរសិល្ប៍ និងក្នុងសង្គមជាក់ស្តែងមកគាំទ្រដល់ការលើកឡើងរបស់អ្នកសរសេរ។
ហេតុនេះដើម្បីក្តោបបានអត្ថន័យ និងមានលទ្ធភាពទាញយកតម្លៃអប់រំពីក្នុងរឿងប្រលោមលោក ឬក្នុង
អត្ថបទអប់រំនានាមកពង្រីកការសរសេរអត្ថបទ
តែងសេចក្តីឱ្យកាន់តែមានទម្ងន់ អ្នកសិក្សាចាំបាច់ត្រូវតែអានឱ្យបានច្រើន។
លោក ឈិន សីហា សាស្ត្រាចារ្យ និងជាអ្នកអក្សរសាស្ត្រខ្មែរ បានលើកឡើងថា ការតែងសេចក្តីមានសារៈសំខាន់ខ្លាំងណាស់ក្នុងការជំរុញការអានសម្រាប់សិស្សានុសិស្ស ព្រោះទាល់តែអានច្រើនទើបមានគំនិតសរសេរ ហើយវាក៏ជាមុខវិជ្ជាយ៉ាងសំខាន់មួយផងដែរ ដែលសិស្សគ្រប់គ្នាត្រូវតែចេះ។
លោកថា បើទោះបីជាសិស្សសិក្សាថ្នាក់វិទ្យាសាស្រ្តសង្គមក៏ដោយ ថ្នាក់វិទ្យាសាស្ត្រពិតក៏ដោយ ក៏គាត់ត្រូវតែចេះតែងសេចក្តី ព្រោះវាជាមុខវិជ្ជាសំខាន់ និងអាចជួយបានច្រើនសម្រាប់ការធ្វើការងារ ឬការរស់នៅនាថ្ងៃអនាគត។
មុខវិជ្ជាដ៏មានសារៈសំខាន់នេះ មិនស្មុគស្មាញពេកនោះទេប្រសិនបើយើងដឹងពីទម្រង់ និងឧស្សាហ៍អនុវត្តឱ្យបានច្រើន ជាពិសេស គឺអានឱ្យបានច្រើន។
សម្រាប់អ្នកចង់ពូកែតែងសេចក្តីគួរអានទាំងអក្សរសិល្ប៍ អត្ថបទទូទៅ ចំណេះដឹងនានាពីខាងក្រៅ អត្ថបទសារព័ត៌មាន និងអត្ថបទតែងសេចក្តីដែលគេបានរៀបចំជាគំរូឱ្យបានច្រើន។
លោក ឈិន សីហា បាននិយាយថា៖ «ការអានអត្ថបទអក្សរសិល្ប៍ និងអត្ថបទចំណេះដឹងទូទៅ នឹងអាចជួយឱ្យសិស្សមានហេតុផលច្រើន និងគំនិតទូលំទូលាយក្នុងការលើកហេតុផលដើម្បីគាំទ្រប្រធានបទនីមួយៗ ចំណែកឯអត្ថបទតែងសេចក្តីគំរូគឺអាចជួយឱ្យសិស្សយល់ដឹងច្រើនពីរចនាបទនៃការសរសេរ រួមទាំងសិល្បៈនានាក្នុងការប្រទាក់សាច់រឿងនីមួយៗឱ្យកាន់តែមានភាពច្បាស់លាស់»។
សាស្រ្តាចារ្យខាងលើបានបន្ថែមទៀតថា ដោយហេតុនេះហើយទើបនៅក្នុងមុខវិជ្ជាភាសាខ្មែរគេតម្រូវឱ្យយើងសិក្សាទាំងវេយ្យករណ៍ អត្ថបទអំណាន និងសម្រង់អត្ថបទអក្សរសិល្ប៍នានា។ អត្ថបទទាំងអស់នេះ គឺជាច្រកយ៉ាងសំខាន់មួយដែលធ្វើឱ្យសិស្សអាចបន្តអានឱ្យបានកាន់តែច្រើន។
ជាក់ស្តែងប្រសិនបើនៅក្នុងសៀវភៅសិក្សាគោលមានសម្រង់អត្ថបទទាក់ទងនឹងស្នាដៃអក្សរសិល្ប៍ណាមួយ គ្រូតែងតែណែនាំឱ្យសិស្សគាត់ទៅអានសៀវភៅរឿងនោះទាំងមូលតែម្តង ដើម្បីឱ្យសិស្សយល់ច្បាស់ពីសាច់រឿង ហើយក្នុង 1ឆ្នាំៗមានអត្ថបទ និងរឿងជាច្រើនដែលមានក្នុងសៀវភៅសិក្សាគោល។
ហេតុនេះហើយទើបសិស្សមានឱកាសច្រើនក្នុងការអាន។ លោកថា ចាប់ផ្តើមពីទម្លាប់នៃការអានក្នុងសៀវភៅសិក្សាគោលនេះ សិស្សានុសិស្សអាចនឹងក្លាយជាមនុស្សដែលមានមូលដ្ឋានគ្រឹះអំណានរឹងមាំ សម្រាប់ឈានទៅអានសៀវភៅប្រភេទផ្សេងៗទៀតកាន់តែច្រើន ដែលនឹងធ្វើឱ្យគាត់កាន់តែមានចំណេះដឹងទូលំទូលាយឡើងនៅថ្ងៃខាងមុខ៕