រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសថា ឈ្មួញទាំងឡាយណាដែលឆ្លៀតឱកាសដំឡើងថ្លៃម៉ាស់ និងផលិតផលជួយទប់ស្កាត់វីរុសកូរ៉ូណា នឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគាររហូតដល់ពី 2ឆ្នាំ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកូរ៉េខាងត្បូង បានឱ្យដឹងកាលពីម្សិលម៉្ងៃ (3កុម្ភៈ) ថា តម្រូវការរបស់ពលរដ្ឋបានកើនឡើងច្រើន ធ្វើឱ្យមានសកម្មភាពឆ្លៀតឱកាសដំឡើងតម្លៃម៉ាស់ និងផលិតផលការពារមេរោគនៅប្រទេសនេះ ក៏បានកើនឡើងច្រើនផងដែរ។ ផលិតផលទាំង 2មុខនេះ ត្រូវបានចាត់ចូលក្នុងមុខទំនិញពិសេស។
ចាប់ពីថ្ងៃនេះ (5កុម្ភៈ) តទៅ ឈ្មួញទាំងឡាយណាដែលរក្សាទុកផលិតផលទាំង 2មុខខាងលើ ក្នុងបរិមាណច្រើនជាង1,5ដង បើធៀបនឹងបរិមាណមធ្យមប្រចាំខែរបស់ពួកគេ នឹងត្រូវប្រឈមមុខជាមួយការជាប់ពន្ធនាគាររយៈពេល 2ឆ្នាំ ឬត្រូវពិន័យជាប្រាក់ឡើងដល់ 50លានវ៉ុន (ជាង 42,000ដុល្លារអាមេរិក)។
បទបញ្ញត្តិខាងលើនេះ ត្រូវបានធ្វើឡើងក្នុងស្ថានភាពអាសន្នរោគរលាកសួតពីវីរុសកូរ៉ូណាប្រភេទថ្មី (nCoV) បាន និងកំពុងឆ្លងរាលដាលយ៉ាងឆាប់រហ័ស ចេញពីក្រុង Wuhan ប្រទេសចិនទៅដល់ប្រទេស និងតំបន់ចំនួន 28 ក្នុងពិភពលោក ក្នុងនោះមានកម្ពុជាផងដែរ និងបណ្ដាលឱ្យមានអ្នកស្លាប់ 492នាក់ និងអ្នកឆ្លងមេរោគនេះមានចំនួន 24,469នាក់។
ប្រជាជនកូរ៉េខាងត្បូងមានការព្រួយបារម្ភយ៉ាងខ្លាំង ក្រោយពីប្រទេសនេះបានរកឃើញអ្នកផ្ទុកមេរោគកូរ៉ូណាចំនួន 16នាក់។ ពលរដ្ឋចំនួនជាងកន្លះលាននាក់ បានចុះហត្ថលេខាលើញត្តិមួយផ្ញើទៅកាន់វិមានខៀវ (The Blue House) ស្នើឱ្យរដ្ឋាភិបាលហាមជនជាតិចិនចូលស្រុកជាបណ្ដោះអាសន្ន។ កូរ៉េខាងត្បូងបានជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីតំបន់ Wuhan ប្រទេសចិនរួចហើយ និងបានដាក់ពួកគេឱ្យនៅដាច់ដោយឡែក ដើម្បីតាមដានសុខភាព។
ចំណែកឯរដ្ឋាភិបាលចិនវិញ បានប្រកាសថា ប្រទេសនេះកំពុងត្រូវការម៉ាស់ សម្លៀកបំពាក់ការពារ និងវ៉ែនតាការពារមេរោគក្នុងបរិមាណច្រើនជាបន្ទាន់ ដើម្បីទប់ទល់នឹងមេរោគកូរ៉ូណាប្រភេទ nCoV។ ជាការឆ្លើយតបនឹងតម្រូវការខាងលើ ប្រទេសជប៉ុន កូរ៉េខាងត្បូង និងកាហ្សាក់ស្ថាន ជាដើម បានផ្ដល់ជំនួយសម្ភារវេជ្ជសាស្ត្រទៅឱ្យប្រទេសចិនជាបន្តបន្ទាប់ហើយ។
ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះដែរ កាលពីថ្ងៃទី 29មករាកន្លងទៅ គណៈកម្មការគ្រប់គ្រងទីផ្សារនៃក្រុងប៉េកាំង បានប្រកាសនៅលើគេហទំព័ររបស់ខ្លួនថា ខ្លួនបានផ្ញើលិខិតពិន័យទៅកាន់ឱសថស្ថាន Beijing Jimin Kangtai Pharmacy ព្រោះតែឱសថស្ថានមួយនេះបានដំឡើងតម្លៃហួសហេតុទៅលើម៉ាស់ប្រភេទ N95។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters។
ទូរទស្សន៍ជាតិរបស់ចិន បានរាយការណ៍ថា ឱសថស្ថាននេះបានដំឡើងថ្លៃម៉ាស់ដែលមានរូបសញ្ញា 3M ឡើងដល់ 850យន់ (121ដុល្លារអាមេរិក)ក្នុង 1ប្រអប់ ខណៈនៅក្នុងទីផ្សារអនឡាញមានតម្លៃតែ 143យន់។ ជាមធ្យម ម៉ាស់នៅតាមឱសថស្ថាននានា 1ប្រអប់មានម៉ាស់ចំនួន 50បន្ទះ។
ទន្ទឹមនឹងនេះដែរ នៅឯប្រទេសជិតខាងចិន ដូចជាវៀតណាមជាដើម តម្លៃម៉ាស់ និងទឹកសម្អាតមេរោគ ក៏បានឡើងថ្លៃខ្លាំងដែរ ព្រោះថា ឈ្មួញខ្លះបានប្រមូលទិញម៉ាស់ក្នុងស្រុកយកទៅលក់ឱ្យឈ្មួញនៅតាមព្រំដែនជាប់ជាមួយចិន។ ជាក់ស្ដែង កាលពីថ្ងៃទី3កុម្ភៈ អាជ្ញាធរខេត្ត Vinh Phuc នៅវៀតណាមខាងជើងបានឃាត់ខ្លួនឈ្មួញជាច្រើននាក់ ដែលនាំម៉ាស់ពីប្រទេសវៀតណាមទៅកាន់ប្រទេសចិនដោយខុសច្បាប់។ ម៉ាស់ដែលត្រូវបានរឹបអូសក្នុងថ្ងៃនោះ មានចំនួនសរុប 26,100បន្ទះ។ នេះបើតាមសារព័ត៌មាន Thanhnien៕
ប្រភព៖ សារព័ត៌មានបរទេស