សហគ្រិនវ័យក្មេងម្នាក់បានធ្វើឱ្យសាធារណជនភ្ញាក់ផ្អើល បន្ទាប់ពីរូបគេសុខចិត្តបោះបង់ការងារនៅក្នុងក្រុមហ៊ុនអន្តរជាតិមួយដែលមានប្រាក់ខែរហូតដល់ 2,000ដុល្លារ បែរជាលាឈប់ពីការងារដើម្បីសម្រេចក្តីប៉ងប្រាថ្នារបស់ខ្លួនដែលចង់មានអាជីវកម្មផ្ទាល់ខ្លួនមួយនៅត្រឹមអាយុ30ឆ្នាំ។
យុវជន ដួង តារា ដែលជាម្ចាស់ហាងកាហ្វេ Mister Brew Coffee បាននិយាយថា ដើម្បីសម្រេចក្តីប្រាថ្នា ដែលមានតាំងពីនៅវ័យក្មេងនោះ រូបគេបានបោះបង់ការងារជានាយកប្រតិបត្តិនៅហាងនំបុ័ងអន្តរជាតិដ៏ល្បីមួយនៅកម្ពុជា ហើយបានងាកមកបើកហាងកាហ្វេដោយសហការជាមួយមិត្តភក្តិចំនួន3នាក់ ប៉ុន្តែដោយសារការចាប់ផ្តើមអាជីវកម្មដំបូងមានការលំបាកខ្លាំង មិត្តភក្តិម្នាក់ក៏បានលាឈប់។ បើទោះបីជាសល់គ្នាតែពីរនាក់ តែពួកលោកបានខិតខំយ៉ាងខ្លាំង រហូតអាចបង្កើតសាខាបានចំនួន3 ជាបន្តបន្ទាប់នៅត្រឹមរយៈពេលតែជាង1ឆ្នាំប៉ុណ្ណោះ។
លោក បានរំឭកថា ដំបូងឡើងលោកបានបោះទុនរួមគ្នាចំនួន3នាក់ ដើម្បីសាកល្បងបើកហាងកាហ្វេនៅលើរថយន្តមួយនៅម្តុំទួលគោក ដោយបើកនៅលើរថយន្តចល័តប៉ុណ្ណោះ ហើយបើកនៅទីតាំងដែលជាបណ្តុំនៃហាងកាហ្វេមាន Franchise ពីបរទេស ពិសេសហាងកាហ្វេ Amazon តែម្តង។
មកដល់ត្រង់នេះលោក ដួង តារា បញ្ជាក់ថា៖“ដើម្បីចង់ដឹងថាកាហ្វេរបស់យើងមានការគាំទ្រពីអតិថិជនច្រើនប៉ុនណានោះ ទើបខ្ញុំសម្រេចបើកហាងនៅលើរថយន្តក្បែរហាងកាហ្វេល្បីៗ។ ក្រោយពីបើកដំណើរការក៏មានអតិថិជនប្រុសស្រីនាំគ្នាមកទិញជាហូរហែរ មិនចាញ់ហាងកាហ្វេ Franchise ល្បីៗនោះទេ ដែលធ្វើឱ្យពួកខ្ញុំពង្រីកសាខាបានរហ័ស ដោយត្រឹមរយៈពេលជាង1ឆ្នាំ ពួកខ្ញុំបង្កើតបាន3សាខា គឺសាខាទួលគោក នរោត្តម និងនៅក្រោយរោងកុនបូកគោ។ សម្រាប់ដំណាច់ឆ្នាំ2017 នេះពួកខ្ញុំគ្រោងនឹងបើកសាខាមួយនៅជិតភ្លើងស្តុបទេពផនផងដែរ”។
ជាមួយនឹងលទ្ធផលនៃភាពជោគជ័យនេះ សហស្ថាបនិកហាងកាហ្វេ Mister Brew Coffee បានប្រាប់ថា អ្វីដែលធ្វើឱ្យអតិថិជនជាច្រើនគាំទ្រផលិតផលរបស់លោកនោះគឺដោយសារការមានរូបមន្តសម្រាប់ឆុងកាហ្វេ និងគ្រាប់កាហ្វេត្រូវបានផ្សំឡើងដោយរូបមន្តពិសេសមួយនាំចូលមកពីខេត្តឈៀងរ៉ៃប្រទេសថៃ ដែលជាខេត្តពេញនិយមសម្បូរទៅដោយអ្នកចូលចិត្តទទួលទានកាហ្វេ។
បើតាមលោក តារា អតិថិជនរបស់លោកគឺមានទាំងអ្នកធ្វើការក្នុងការិយាល័យ ក្រៅការិយាល័យ និងស្រ្តីមេផ្ទះជាដើម ដោយជាមធ្យមក្នុង1ថ្ងៃលក់បានចន្លោះពី500-600កែវ។ យុវជន ដួង តារា បានរំឭកពីប្រវត្តិខ្លះៗមុនពេលចាប់ផ្តើមអាជីពបើកហាងកាហ្វេនេះថា លោកកើតក្នុងគ្រួសារដែលមានជីវភាពមធ្យមមួយមានឪពុកម្តាយជាអ្នកជំនួញ។ ក្រោយពីប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំ2007 លោកក៏បានសុំលុយម្តាយចំនួន300ដុល្លារដើម្បីយកទៅបង់រៀនមួយឆមាសនៅសាកលវិទ្យាល័យមួយ ស្រាប់តែម្តាយរបស់លោកប្រាប់ថា មិនមានលុយទេ ដោយសារបញ្ហាធ្វើជំនួញ។ ពាក្យសម្តីនេះបានធ្វើឱ្យលោកមានការភ្ញាក់ផ្អើលថា មិនគួរម្តាយធ្លាក់ខ្លួនដូច្នេះសោះ។ កន្លះខែក្រោយមកស្រាប់តែម្តាយគាត់យកលុយមកឱ្យ 300ដុល្លារដើម្បីបង់សាលារៀន ដែលចាប់តាំងពីពេលនោះមកលោកបានសន្យាជាមួយខ្លួនឯងថា នឹងប្រើលុយ300ដុល្លារនេះឱ្យក្លាយជាម្ចាស់អាជីវកម្មផ្ទាល់ខ្លួនមួយទៅថ្ងៃអនាគត។
ដោយសារជីវភាពមិនសូវធូរធារលោកក៏បានដាក់ពាក្យរកការងារធ្វើនៅពេលកំពុងសិក្សា ប៉ុន្តែទោះជាដាក់ដល់ទៅ10កន្លែងហើយក៏ដោយក៏គ្មានក្រុមហ៊ុនណាហៅដែរ។ ជាចៃដន្យថ្ងៃមួយ មានហាងការ៉េមមួយបានហៅឱ្យលោកទៅធ្វើការ ដោយផ្តល់ប្រាក់ខែត្រឹមតែ60ដុល្លារប៉ុណ្ណោះ។ ជាមួយនឹងការចិញ្ចឹមចិត្តចង់បើកហាងខ្លួនឯង លោកក៏បានខំប្រឹងធ្វើការរហូតក្លាយជាអ្នកគ្រប់គ្រងក្នុងហាងនោះតែម្តង។ ក្រោយមកលោកក៏បានឈប់ពីហាងលក់ការ៉េមនោះ ហើយផ្លាស់ទៅធ្វើការក្នុងហាងនំបុ័ងអន្តរជាតិមួយដោយមានតួនាទីជានាយកប្រតិបត្តិ និងទទួលបានប្រាក់ខែចំនួន 2,000ដុល្លារ។
លោក តារា បានអះអាងថា៖“ធ្វើការនៅទីនោះគេបានបញ្ជូនខ្ញុំឱ្យទៅចូលរួមវគ្គបណ្តុះបណ្តាលជាច្រើននៅបរទេស ដូចជា ប្រទេសថៃ សិង្ហបុរី និងម៉ាឡេស៊ីជាដើម ដែលតាមរយៈវគ្គបណ្តុះបណ្តាលនោះបានធ្វើឱ្យខ្ញុំមានបទពិសោធន៍ និងចំណេះដឹងជាច្រើនទាក់ទងនឹងការបង្កើតអាជីវកម្ម និងការគ្រប់គ្រងផ្សេងៗ។ បើទោះបីជាមានប្រាក់ខែរហូតដល់ 2,000ដុល្លារក៏ដោយក៏ខ្ញុំហាក់មិនសូវពេញចិត្តនោះទេ ពីព្រោះខ្ញុំចង់សម្រចបំណងដែលរកស៊ីដោយខ្លួនឯង”។
ចំណែកលោក អ៊ួន សុវណ្ណនឿន ដែលជាដៃគូពាណិជ្ជកម្មហាងកាហ្វេ Mister Brew Coffee បានឱ្យដឹងដែរថា ការបើកហាងកាហ្វេ គឺមិនមែនធ្វើទៅតាមចិត្តនឹកឃើញនោះទេ ប៉ុន្តែមុននឹងបើកដំណើរការគឺពួកលោកបានសិក្សាស្រាវជ្រាវដើម្បីចង់ដឹងថា តើភេសជ្ជៈអ្វីដែលប្រជាជនខ្មែរចូលចិត្តជាងគេ? ចម្លើយគឺមានតែហាងលក់កាហ្វេប៉ុណ្ណោះប្រជាជនទូទៅចូលចិត្តស្មើនឹង50%។ បន្ទាប់ពីសិក្សាទីផ្សារហើយក៏សម្រេចចិត្តបើក ដោយមានរូបមន្តឆុងឈ្ងុយឆ្ងាញ់ស្របតាមស្តង់ដារកាហ្វេអន្តរជាតិ ដោយប្រើប្រាស់ម៉ាស៊ីនទំនើបៗ ហើយពិសេសនោះគ្រឿងផ្សំក៏ដូចជាគ្រាប់កាហ្វេ ត្រូវបានដៃគូនៅប្រទេសថៃជាអ្នកផ្គត់ផ្គង់ឱ្យផងដែរ។
លោកបានបន្តថា ក្រោយពីបើកដំណើរការបានប្រមាណកន្លះឆ្នាំក៏មានមិត្តភក្តិស្នើសុំទិញ Franchiseយកទៅបើកសាខាបន្តដែរ ប៉ុន្តែដោយសារហាងកាហ្វេទើបបើកដំណើរការមិនទាន់បានសុំច្បាប់ពីក្រសួងនោះទើបមិនទាន់ហ៊ានលក់ Franchise។ យ៉ាងណាក៏ដោយយុវជនដែលជាសហគ្រិនវ័យក្មេងខាងលើបានអះអាងថានឹងរៀបចំសុំច្បាប់ទៅក្រសួង ហើយនឹងអាចលក់ Franchise នេះបាននៅពេលខាងមុខ។ ចំពោះសំណួរថា តើលោកយល់ឃើញបែបណា ខណៈបច្ចុប្បន្ននេះមានហាងកាហ្វេបរទេសម៉ាកល្បីៗជាច្រើនកំពុងចូលមកកាន់កម្ពុជា? យុវជនខាងលើបាននិយាយដោយញញឹមថា៖“មិនមានបញ្ហាអ្វីទេ! ដោយសារហាងកាហ្វេនីមួយៗតែងមានអត្តសញ្ញា និងរសជាតិផ្សេងគ្នា។ ហាងកាហ្វេរបស់ខ្ញុំ បើកឡើងនៅក្នុងស្រុក គឺធ្វើស្របទៅនឹងតម្រូវការទទួលទានរបស់ប្រជាជនខ្មែរយើងតែម្តង”។
សម្រាប់ទស្សនវិស័យនៃ Mister Brew Coffee គឺនឹងពង្រីកសាខាឱ្យបានកាន់តែច្រើន ដើម្បីបំពេញតាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋខ្មែរ និងចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីផ្តល់ការងារដល់យុវជនខ្មែរយើងឱ្យបានកាន់តែច្រើនបន្ថែមទៀត៕