នាង Reina Triendl គឹជាតារាស្រីជប៉ុនដែលបានសាងកេរ្ដិ៍ឈ្មោះល្បីល្បាញតាមរយៈភាពយន្ដខ្នាតធំរឿង “TAG” កាលពីឆ្នាំ 2015 នោះ បច្ចុប្បន្ននេះនាងបានក្លាយទៅជាតារាសម្ដែងឆ្នើមប្រចាំប្រទេសជប៉ុន និងជា Idol ដែលមានអ្នកគាំទ្រច្រើនបំផុតនៅឆ្នាំ 2017 នេះ។ តារាស្រីវ័យ 25 ឆ្នាំរូបនេះ បានចូលប្រឡូកក្នុងសិល្បៈតាំងពីឆ្នាំ 2009 មកម្ល៉េះ ក៏ប៉ុន្តែនាងទើបតែទទួលបានការចាប់អារម្មណ៍នៅឆ្នាំ 2013 តាមរយៈខ្សែភាពយន្ដខ្នាតធំដំបូងបង្អស់របស់នាងដែលមានចំណងជើងថា “Bad Boys J The Movie”។
គួររំឭកបន្ដិចដែរថា នៅក្នុងខ្សែភាពយន្ដខ្នាតធំរឿង “TAG” តារាស្រីរូបនេះសម្ដែងជាសិស្សសាលាជប៉ុនដែលកំពុងរត់គេចពីសេចក្ដីស្លាប់ ព្រមទាំងជោកជាំទៅដោយឈាមប្រឡាក់ពេញខ្លួនតាំងពីលើដល់ក្រោម តែរឿងនេះមិនមែនជារឿងធម្មតាទេ ជារឿងដែលមានមនុស្សជាច្រើននិយាយតៗគ្នា អំពីមនុស្សភេទស្រីដែលគួរឱ្យស្រឡាញ់ និងស្រៀវស្រើបព្រឺសម្បុរបំផុត។ បើទោះបីជាផ្ទៃរឿងទាំងមូលពោរពេញទៅដោយឈាមពណ៌ក្រហមឆ្អៅក៏ដោយ ក៏ប៉ុន្ដែតួឯកស្រីរឿងនេះមិនត្រូវបានស្លាប់ឡើយ ពោលគឺនាងរួចរស់មានជីវិតដោយសារការរត់គេចរហូត និងភាពស្រស់ស្អាតរបស់នាង ដែលនេះជាមូលហេតុមួយធ្វើឱ្យទស្សនិកជនមានការគាំទ្រនាង Reina Triendl កាន់តែខ្លាំងឡើងចំពោះសមត្ថភាពសម្ដែងរបស់នាង។
ចុងក្រោយនេះ Reina Triendlកំពុងមានប្រជាប្រិយភាពខ្លាំងបំផុតនៅក្នុងឆ្នាំ 2017 នេះតាមរយៈរឿងភាគថ្មីរបស់នាង ដែលមានចំណងជើងថា “BIOSCOPE Theatre” ដែលកាន់តែធ្វើឱ្យនាងឡើងកូដក្លាយជាតារាស្រីជួរមុខគេក្នុងប្រទេសជប៉ុនផងដែរ៕