យោងតាមរបាយការណ៍ផ្លូវការពី Strategy Analytics និង Counterpoint Research បានបង្ហាញឱ្យដឹងថា ពេញ 1ឆ្នាំនៃឆ្នាំ2019 កន្លងទៅ ទីផ្សារលក់ស្មាតហ្វូនដែលលក់ដាច់បំផុតលំដាប់លេខ2 លើពិភពលោក បានទៅលើក្រុមហ៊ុន Huawei ។
ការប៉ាន់ស្មានថ្មីចុងក្រោយបំផុតពីប្រភពដដែលទាំង2 ខាងលើបានបង្ហាញថា Apple ឈរនៅលំដាប់ថ្នាក់លេខ1 ប្រចាំត្រីមាសទី4 ឆ្នាំ2019 ក្លាយជាក្រុមហ៊ុនលក់ស្មាតហ្វូនបានច្រើនជាងគេលើពិភពលោក។ Apple លក់ iPhone បាន 70.7លានគ្រឿងអំឡុងរយៈពេល 3ខែ(គិតត្រឹមចុងខែធ្នូ2019) ដែលអាចកាន់កាប់ទីផ្សារបាន 18.9%។ តួលេខនេះកើនឡើង 7% បើប្រៀបនឹងឆ្នាំ2018 ដែលលក់បាន 65.9លានគ្រឿងពេលដែល Apple ឈរលំដាប់លេខ2 នៅពីក្រោយ Samsung។
សូមជម្រាបជូនថា សរុបទៅពេញ 1ឆ្នាំ2019 ក្រុមហ៊ុន Apple លក់ iPhone បាន 197.4លានគ្រឿងដែលឈរនៅលំដាប់ថ្នាក់លេខ3 គិតជាប្រចាំឆ្នាំ។ លេខ1 ប្រចាំឆ្នាំ 2019 នៅតែជា Samsung ដែលលក់បាន 295.1លានគ្រឿង តាមពីក្រោយដោយ Huawei លក់បាន 240.5លានគ្រឿង។ លេខ 4 ប្រចាំឆ្នាំ គឺបានទៅលើក្រុមហ៊ុន Xiaomi ជាមួយចំនួនលក់សរុប 124.8 លានគ្រឿង និង OPPO ស្ថិតនៅលេខ5 ជាមួយចំនួនលក់សរុប 115.1លានគ្រឿង ក្នុងរយៈពេល 12ខែកន្លងទៅ៕