ក្លិបតោខៀវ Chelsea បានឈានដល់ការព្រមព្រៀងគ្នាទៅលើការផ្ទេរមួយដែលមានតម្លៃខ្លួនជិត 40លានផោន (ស្មើនឹង 51.7លានដុល្លារអាមេរិក) សម្រាប់ខ្សែបម្រើ Tiemoue Bakayoko របស់ក្លិប Monaco ខណៈដែលការផ្ទេរនេះនឹងត្រូវបំពេញជាផ្លូវការសម្រាប់ក្រុមម្ចាស់ជើងឯករបស់ក្របខ័ណ្ឌ Premier League មួយនេះដើម្បីចុះហត្ថលេខាជាមួយនឹងកីឡាករចំណូលថ្មីទី3របស់ពួកគេនៅរដូវក្តៅដែលនឹងមកដល់នាពេលខាងមុខនេះ។
ខ្សែបម្រើវ័យ22ឆ្នាំរូបនេះ បច្ចុប្បន្ននឹងត្រូវពិនិត្យសុខភាពនៅថ្ងៃសុក្រនេះ ខណៈដែលការផ្ទេរនេះត្រូវបានពន្យារពេលដោយសារតែ Bakayoko ត្រូវសម្រាកព្យាបាល ក្រោយពីទទួលការវះកាត់ក្បាលជង្គង់របស់គេក្រោយពី Monaco បានឈ្នះពាន Ligue 1។ ប៉ុន្តែរបួសនោះមិនត្រូវបានរំពឹងទុកថា នឹងធ្វើឲ្យមានបញ្ហាអ្វីឡើយ បើទោះបី Bakayoko ប្រហែលជាមិនអាចចូលលេងសម្រាប់ក្លិប Chelsea រហូតដល់ខែកញ្ញាក៏ដោយ។
ការពន្យារពេលផ្សេងទៀតត្រូវបានធ្វើឡើងដោយសារតែការចរចាផ្សេងៗរវាងក្លិបទាំងពីរ បើទោះបីកីឡាកររូបនេះផ្ទាល់បានសម្រេចចិត្តថា រូបគេចង់ចូលរួមជាមួយនឹងក្លិបនៅកីឡដ្ឋាន Stamford Bridge និងមិនចាប់អារម្មណ៍ក្នុងការផ្ទេរទៅកាន់ក្លិបផ្សេងៗ បើទោះបីមានការចាប់អារម្មណ៍ពីសំណាក់ក្លិប Manchester United ក៏ដោយ។ ប៉ុន្តែ ទីបំផុតក្លិបទាំងពីរបានឈានដល់ការព្រមព្រៀងគ្នាដែលនឹងធ្វើឲ្យ Chelsea ត្រូវចំណាយប្រាក់ 39.7លានផោនសម្រាប់ Bakayoko។
ខ្សែបម្រើរូបនេះនឹងត្រូវចូលរួមជាមួយនឹងកីឡាករថ្មីពីរនាក់ផ្សេងទៀតដែលរួមមាន Willy Caballero មកពីក្លិប Manchester City និង Antonio Rudiger មកពីក្លិប Roma៕
ប្រភពពី៖ The Independent