នៅពេលនិយាយពីអាហារបន្លែដែលផលប្រយោជន៍ចំពោះសុខភាព ឆៃថាវមានគុណប្រយោជន៍ ច្រើនជាងអាហារបន្លែដទៃទៀត ប៉ុន្តែឆៃថាវប្រហែលមិនមែនជាបន្លែដែលមនុស្សជាច្រើនចូលចិត្តនោះទេ។ គេអាចបរិភោគវាស្រស់ៗ ឬបន្ថែមវាទៅក្នុងមុខម្ហូបសម្ល ឬស្ងោរដែលធ្វើឱ្យមានរសជាតិឆ្ងាញ់ម្យ៉ាង និងឆៃថាវ ថែមទាំងជាបន្លែដែលផ្ទុកទៅដោយសារធាតុចិញ្ចឹមដ៏ច្រើននេះមានគុណប្រយោជន៍ជាច្រើនដល់សុខភាពទៀតផង។
ឆៃថាវ ឬស្ពៃមើម នៅក្នុង 1ឆ្នាំ គេអាចដាំវាបានច្រើនរដូវ។ ឆៃថាវងាយដាំ មានរយៈពេលលូតលាស់ខ្លី និងឆាប់ផ្តល់ផល ដីសម្រាប់ដាំឆៃថាវល្អបំផុត គីជាដីល្បាប់ចាស់ ឬល្បាយខ្សាច់ផុសមានមមោកច្រើន ជាដីល្បាប់បង្ហួតទឹកបានល្អ។ ឆៃថាវ ជាបន្លែមើម ដែលចូលចិត្តឤកាសធាតុត្រជាក់បន្តិច មិនក្តៅហែង និងជាដំណាំដែលត្រូវការទឹកច្រើន។ បើបានដីធូរល្បាយខ្សាច់ផង ឆៃថាវនឹងលូតលាស់ល្អ និងឆាប់ធំ។ នេះជាការរៀបរាប់របស់អ្នកស្រី ហួត ម៉ិចស៊ីវ ជាម្ចាស់សិប្បកម្មធ្វើឆៃប៉ូវ “ម៉ិចស៊ីវ999” អំពីបទពិសោធនៃការដាំដំណាំបន្លែឆៃថាវ និងការធ្វើឆៃប៉ូវ។
អ្នកស្រី ហួត ម៉ិចស៊ីវ បានប្រាប់កាសែតឡារ៉ែនពាណិជ្ជថា៖“ខ្ញុំប្រកបរបរដាំឆៃថាវធ្វើឆៃប៉ូវនេះអស់រយៈពេលជាង 10ឆ្នាំមកហើយ គឺធ្វើបន្តពីយាយ និងម្តាយរបស់ខ្ញុំ ដែលស្ថិតនៅភូមិព្រែកស្នាយ ស្ថិតក្នុងឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។ ពីមុនខ្ញុំក៏ដាំបន្លែឆៃថាវនេះដែរ តែក្រោយមក ក៏ទិញឆៃថាវពីអ្នកភូមិ និងពីតំបន់ដទៃក្នុងស្រុក មកធ្វើជាសិប្បកម្មឆៃប៉ូវតែម្តង ដោយមិនបាច់ហត់ក្នុងការថែទាំដំណាំទៀតទេ គឺផ្តោតតែលើការធ្វើឆៃប៉ូវមួយមុខប៉ុណ្ណោះ”។
ម្ចាស់សិប្បកម្មធ្វើឆៃប៉ូវ “ម៉ិចស៊ីវវ999” ក៏បានប្រាប់ឱ្យដឹងពីបទពិសោធក្នុងការដាំបន្លែឆៃថាវនេះដែរថា វិធីដាំគ្មានអ្វីស្មុគស្មាញទេ គឺយើងត្រូវត្រៀមដីដែលត្រូវដាំ ដោយត្រូវភ្ជួរវា ហើយហាលសំដិលអាចម៍ដីយ៉ាងហោចឱ្យបាន 1សប្ដាហ៍ រួចរាស់វាឱ្យអស់បែក ហើយរើសឫសស្មៅចេញឱ្យស្អាត រួចលាយជីលាមកសត្វ ឬជីកំប៉ុស។ រួចហើយជីករណ្តៅទទឹង ប្រមាណមួយចំឤមរាក់ៗ បន្តក់គ្រាប់ពូជដែលឤចរកទិញបានតាមទីផ្សារ 1រណ្តៅ 2-3គ្រាប់។
អ្នកស្រីបញ្ជាក់ថា អ្នកខ្លះគេដាំមិនបាច់ជីករណ្តៅក៏បាន គឺព្រួសគ្រាប់យកតែម្តង តែត្រូវយកដី លាយជាមួយជីឤចម៍សត្វបាចពីលើឱ្យលុបពីលើគ្រាប់ពូជ ប្រមាណជា 1ថ្នាំងម្រាមដៃ រួចស្រោចទឹកឱ្យជោករួចហើយទើបយកចំបើង ឬស្មៅស្ងួតក្រាលគ្របពីលើស្តើងៗ 1ស្រទាប់ រួចស្រោចទឹកឱ្យសើម (ក្នុងកម្រិតសំណើមពី 75 ដល់80%) ដើម្បីឱ្យគ្រាប់ចេញពន្លកបានល្អ។
អ្នកស្រីបន្តថា កាលណាកូនឆៃថាវលាស់ឡើង 1ដើម 5សន្លឹកហើយ ទើបគេដកដើមណាដែលមិនរឹងមាំចោល ទុកតែដើមដែលរឹងប៉ឹងល្អជាងគេ ឱ្យឃ្លាតគ្នាពី 1ដើមទៅ 1ដើម ប្រមាណជាង 1ចំឤម ឬប្រមាណ 3តឹក ហើយត្រូវស្រោចទឹក និងបោចស្មៅចេញជាប្រចាំ។ បន្ទាប់ពីដាំបានពី 45 ទៅ 50ថ្ងៃ គឺបងប្អូនកសិករយើងអាចប្រមូលផលឆៃថាវបានហើយ។
ឆៃថាវគេច្រើនដាំនៅតាមតំបន់មាត់ទន្លេ ដូច្នេះហើយបានជាគេឃើញមានដាំច្រើននៅខេត្តកំពង់ចាម។ វិធីទុកឆៃថាវសម្រាប់បរិភោគឱ្យបានយូរ ទាំងតាមទម្លាប់របស់ជនជាតិចិន និងជប៉ុន ភាគច្រើនគេធ្វើជ្រក់វា ដែលយើងហៅថា ឆៃប៉ូវ។ ឆៃប៉ូវ មានទាំងឆៃប៉ូវប្រៃ និងឆៃប៉ូវផ្អែម។
អ្នកស្រី ម៉ិចស៊ីវ បានប្រាប់ឱ្យដឹងដែរថា៖“ចំពោះឆៃថាវដែលខ្ញុំទិញមកធ្វើឆៃប៉ូវ គឺមានម៉ូយដឹកមកឱ្យតាំងពីស្រុកសំឡូត ខេត្តបាត់ដំបង ខេត្តកំពង់ចាម តាកែវ និងស្រុកកោះធំ ខេត្តកណ្តាល ត្រាំខ្នារ និងខេត្តពោធិ៍សាត់ជាដើម គឺគេយកមកលក់ឱ្យដល់ផ្ទះតែម្ដង។ ការប្រមូលទិញឆៃថាវ គឺខ្ញុំទិញច្រើនពី 20-40តោនឯណោះ។ ការប្រមូលទិញច្រើនដូច្នេះ គឺដើម្បីស្តុកទុកដល់ពេលរដូវដែលក្សត់ មិនមានមើមឆៃថាវលក់ ដូចជានៅក្នុងរដូវវស្សា ជាដើម”។
អ្នកស្រីបន្តថា៖“ការធ្វើឆៃប៉ូវលក់ គឺត្រូវប្រើដើមទុនច្រើនគួរសមដែរ ព្រោះមើមឆៃថាវ នៅពេលណាសម្បូរ គឺទិញក្នុងតម្លៃ 1គីឡូ 400រៀល តែបើពេលមិនសូវសម្បូរវិញ វាអាចឡើងដល់ក្នុង 1គីឡូតម្លៃ 700រៀល។ ចំពោះមើមឆៃថាវ 1តោនយើងអាចធ្វើឆៃប៉ូវបានតែជាង 200គីឡូក្រាមទេ”។
អ្នកស្រី ម៉ិចស៊ីវ ក៏បានបញ្ជាក់ពីបទពិសោធនៃការធ្វើឆៃប៉ូវលក់អស់រយៈពេលជាច្រើនឆ្នាំមកនេះដែរថា ឆៃប៉ូវដែលអ្នកស្រីបានធ្វើ មានរសជាតិឆ្ងាញ់ និងរក្សាទុកបានយូរ ហើយអ្នកស្រីលក់ដាច់ច្រើនជាងអ្នកភូមិជិតខាង។ អ្នកស្រីបានរៀបរាប់អំពីការធ្វើឆៃប៉ូវដូចខាងក្រោម…៖
1- របៀបធ្វើឆៃប៉ូវផ្អែមធម្មតា គឺគេយកឆៃថាវមកលាងឱ្យស្អាតដី រួចពុះវាជា 2 ហើយយកឆៃថាវដែលពុះហើយនោះទៅចាក់ចូលក្នុងពាង រួចរោយអំបិលគ្រួសតាមស្រទាប់។ ឆៃថាវប្រមាណ 800គីឡូក្រាម ត្រូវរោយអំបិលប្រហែល 50គីឡូក្រាម ហើយត្រូវផ្អាប់ទុក 1យប់កុំឱ្យត្រូវភ្លៀង។ ស្អែកឡើង គេជាន់លាងទឹកអំបិល(ជាន់ឱ្យចូលជាតិ)។ បន្ទាប់ពីជាន់ហើយ គេស្រង់វាដាក់ក្នុងពាងទី2 ហើយរោយអំបិលតាមស្រទាប់ៗមួយសាទៀត ប៉ុន្តែដំណាក់កាលនេះ គេបន្ថយអំបិលនៅត្រឹមតែ 20-30 គីឡូក្រាម។ ការរោយអំបិលនៅលើកទី2 នេះ ក៏គេត្រូវបានផ្អាប់វាទុក 1យប់ដែរ។ បន្ទាប់មកគេជាន់វាឱ្យចូលជាតិជាលើកទី2 ដើម្បីឱ្យឆៃប៉ូវទន់ និងស រួចទើបស្រង់ស្រទាប់លើ ហើយបន្តជាន់ទៀត(ម្ដង 1ស្រទាប់) និងស្រង់តាមស្រទាប់ៗមួយសាៗ រហូតដល់អស់ឆៃប៉ូវពីពាង។ បន្ទាបើមក គេយកឆៃប៉ូវដែលជាន់ហើយនោះទៅលាង រួចហាលថ្ងៃរយៈពេល 1ថ្ងៃ បន្ទាប់មកចាក់ចូលក្នុងពាងម្តងមួយស្រទាប់ៗ រួចចាក់ស្ករត្នោតចូលប្រមាណ 30គីឡូក្រាម។ ធ្វើរបៀបនេះម្តង 1ស្រទាប់ៗរហូតដល់អស់ឆៃប៉ូវ (ស្ករត្នោតដាក់អស់ប្រមាណ 80គីឡូក្រាម)។ បន្ទាប់មក គេផ្អាប់វាទុក 3យប់ ទើបស្រង់ហាលថ្ងៃ រយៈពេល 2-4ថ្ងៃ រហូតដល់ឆៃប៉ូវស្ងួត ទើបយកទៅប្រឡាក់ជាមួយស្ករសតិចៗជាការស្រេច។
2- របៀបធ្វើឆៃប៉ូវផ្អែមលេខ1 ដើម្បីឱ្យឆៃប៉ូវផ្អែមលេខ1 គឺនៅពេលដែលស្រង់ចេញពីពាងអំបិលលើកទី2 គេត្រូវយកវាទៅហាលថ្ងៃ ត្រូវជ្រើសរើសយកឆៃប៉ូវដែលមូលល្អ និងតូចៗប្រមាណ 200គីឡូក្រាម យកទៅប្រឡាក់ជាមួយស្ករសប្រមាណ 30-35គីឡូក្រាម ហើយជាន់វាឱ្យសព្វ រួចផ្អាប់ទុករយៈពេល 2-3ថ្ងៃ រួចស្រង់វាហាលថ្ងៃរយៈពេល 2-3ថ្ងៃ។ បន្ទាប់មកយកវាទៅជាន់ប្រឡាក់ជាមួយស្ករសប្រមាណ 10គីឡូក្រាម ហើយផ្អាប់ទុករយៈពេល 2យប់ទៀត ទើបស្រង់វាហាល 1ថ្ងៃ។ក្រោយពីហាលបានរយៈពេល 1ថ្ងៃមក គេត្រូវយកឆៃប៉ូវនោះទៅជាន់ប្រឡាក់ជាមួយស្ករសជាលើកទី3ម្តងទៀត ដោយបន្ថយស្ករមកនៅត្រឹមប្រមាណតែ 6-7គីឡូក្រាមប៉ុណ្ណោះ ហើយអប់វាទុកជាការស្រេច។
3- របៀបធ្វើឆៃប៉ូវប្រៃ ចំពោះឆៃប៉ូវប្រៃវិញ ត្រូវយកឆៃថាវលាងទឹកឱ្យអស់ដី រួចពុះវាជា 2 ហើយដាក់គរទុក 1ពំនូក។ យកឆៃថាវដាក់ចូលក្នុងពាង រួចដាក់អំបិលចូលប្រមាណ 50គីឡូក្រាមជាន់ឱ្យសព្វ បន្ទាប់មករៀបឆៃថាវដាក់ចូលពាង រួចដាក់អំបិលចូលប្រមាណ 40គីឡូក្រាមទៀត ហើយបន្តជាន់ឱ្យសព្វរហូតអស់ឆៃថាវប្រមាណ 1,000គីឡូក្រាម។ បន្ទាប់មកទៀត គេត្រូវយកអំបិលប្រមាណ 10គីឡូក្រាម កូរជាមួយទឹកឱ្យរលាយអស់ រួចចាក់ត្រាំឱ្យលិចឆៃថាវ ហើយត្រាំទុករយៈពេល 3-4យប់។ បន្ទាប់មកស្រង់ហាលថ្ងៃរយៈពេល 3-4ថ្ងៃ រហូតដល់បែកផ្កាអំបិល ទើបអាចយកឆៃប៉ូវនោះទៅលក់បាន។
អ្នកស្រីបានឱ្យដឹងទៀតថា៖“ការធ្វើឆៃប៉ូវផ្អែម ឬប្រៃនេះមិនសូវពិបាកទេ តែត្រូវការកម្លាំងពលកម្មច្រើនដែរ ដោយសព្វថ្ងៃខ្ញុំប្រើកម្លាំងកម្មករជាង 10នាក់ ក្នុងនោះប្រុស 4-5នាក់។
ខ្ញុំរៀបចំធ្វើឆៃប៉ូវម្តង 2-3តោនឆៃថាវ។ ចំពោះតម្លៃលក់ឆៃប៉ូវប្រៃ គឺ 4,000រៀលក្នុង 1គីឡូក្រាម ផ្អែមធម្មតា 4,000រៀលដូចគ្នា និងឆៃប៉ូវផ្អែមពិសេសលេខ 1 តម្លៃ 8,000រៀល ក្នុង 1គីឡូក្រាម ដោយខ្ញុំបានបញ្ជូនលក់ទៅតាមខេត្តមួយចំនួន ដូចជាខេត្តបាត់ដំបង ខេត្តកំពង់ចាម តាកែវ សៀមរាប ភ្នំពេញ កណ្តាល ប៉ោយប៉ែត។ល។ សូម្បីតែអ្នកនៅភ្នំពេញ ក៏ទំនាក់ទំនងទិញឆៃប៉ូវរបស់ខ្ញុំដែរ ដោយទូរស័ព្ទឱ្យ ខ្ញុំដឹកយកទៅឱ្យ ហើយនិងមានបងប្អូនអតិថិជនខ្លះ គាត់បានទិញផ្ញើបងប្អូននៅប្រទេសក្រៅទៀតផង”។
អ្នកស្រី ម៉ិចស៊ីវ ក៏បានបញ្ជាក់ប្រាប់ឡារ៉ែនដែរថា៖“ការធ្វើឆៃប៉ូវកន្លងមក ពេលខ្លះមិនបានផ្គត់ផ្គង់គ្រប់តាមតម្រូវវការទីផ្សារទេ។ ដូច្នេះខ្ញុំនឹងបង្កើនការផលិតបន្ថែមទៀតឱ្យគ្រប់តាមតម្រូវការទីផ្សារ ព្រោះផលិតផលឆៃប៉ូវរបស់ខ្ញុំក៏មានការទទួលស្គាល់ពីបងប្អូននៅក្រៅប្រទេសដែលធ្លាប់បានមកជាវទិញផលិតផលឆៃប៉ូវខ្ញុំយកទៅប្រទេសក្រៅផងដែរ ដូចជាអ្នកមកពីកាណាដា សហរដ្ឋអាមេរិក កូរ៉េ និងប្រទេសអូស្ត្រាលីជាដើម”៕