រដ្ឋបាលរាជធានីភ្នំពេញ បានផ្សព្វផ្សាយឱ្យដឹងថា ប្រជាពលរដ្ឋអាចបង់ប្រាក់ថ្លៃប្រមូលសំរាមបាន ចាប់ពីដើមខែកុម្ភៈនេះតទៅ ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ ក្នុងការចូលរួម ធានាធ្វើឱ្យរាជធានីភ្នំពេញ នៅតែរក្សាបានភាពស្អាត មានផាសុកភាព និងគុណភាពបរិស្ថាន តាមរយៈប្រព័ន្ធទូទាត់ អេឡិចត្រូនិក ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ ចំណេញពេលវេលា និងកាត់បន្ថយការចំណាយផ្សេងៗ។
ដោយហេតុនេះរដ្ឋបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី1 ខែកុម្ភៈឆ្នាំ2020 ក៏បានរៀបចំសន្និសីទកាសែត ដើម្បីឱ្យប្រជាពលរដ្ឋបានយល់ដឹងកាន់តែច្បាស់ ជុំវិញការបង់ថ្លៃសេវាសំរាមថា តើប្រជាពលរដ្ឋត្រូវទៅបង់នៅកន្លែងណា? នៅទីណា? ហើយនីតិវិធីនឹងដំណើរការទៅបែបណា?ហើយអភិបាលរងរាជធានីភ្នំពេញ 2រូបបានធ្វើបទបង្ហាញដើម្បីឱ្យសាធារណជនទាំងអស់ និងប្រជាពលរដ្ឋបានយល់ជ្រួតជ្រាបពីនីតិវិធីនៃការបង់ថ្លៃសំរាមនេះ។
លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍ឱ្យដឹងថា៖«ក្នុងអំឡុងពេលអន្តរកាល គិតចាប់ពីថ្ងៃទី1 ខែមករា ឆ្នាំ2020 រហូតដល់ពេលបង្កើតបាន និងដាក់ឱ្យដំណើរការពេញលេញនូវប្រព័ន្ធគ្រប់គ្រងសំរាម និងសំណល់រឹងថ្មីក្នុងពេលឆាប់ៗខាងមុខ រាជរដ្ឋាភិបាលអនុញ្ញាតឱ្យក្រុមហ៊ុនស៊ីនទ្រី មានសិទ្ធិបន្តប្រតិបត្តិការ សម្អាត ប្រមូល និងដឹកជញ្ជូនសំរាម និងសំណល់រឹង ជាបណ្តោះអាសន្នសិន ប៉ុន្តែមិនមានសិទ្ធិក្នុងការប្រមូលថ្លៃសេវាសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម និងសំណល់រឹង តទៅទៀតទេ»។
លោកអភិបាលរងបានបញ្ជាក់ថា៖«ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ បានរក្សាស្ថានភាពចំពោះតម្លៃសេវាបច្ចុប្បន្ន ជាបណ្តោះអាសន្នសិន និងឱ្យប្រជាពលរដ្ឋប្រើប្រាស់អត្រាតម្លៃ សេវាប្រមូលសំរាម និងសំណល់រឹង ដែលបានបង់រួចហើយកាលពីខែតុលា ឆ្នាំ2019 ជាមូលដ្ឋាន ដើម្បីបន្តបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង ក្នុងអំឡុងពេលអន្តរកាលនេះ។
លោក ហួត ហៃ បានបន្តថា ដោយបងប្អូនគ្រាន់តែយកលេខកូដ ID ក្នុងវិក្កយបត្រភ្លើង ក្នុងខែតុលា ឆ្នាំ2019 ជាគោល គឺប្រជាពលរដ្ឋ គ្រាន់តែយកលេខកូដ នៅក្នុងវិក្កយបត្រភ្លើង ក្នុងខែតុលា ឆ្នាំ2019 ទៅប្រគល់ឱ្យភ្នាក់ងារវេរលុយ ដោយប្រាប់ថា មកបង់ថ្លៃសំរាម គេនឹងឆែកលេខកូដ របស់បងប្អូន ហើយតាមរយៈលេខកូដ ដែលបានឆែកឃើញ វានឹងចេញជាទិន្នន័យទឹកប្រាក់ដែលត្រូវបង់។
លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានថ្លែងថា ប្រជាពលរដ្ឋអាចបង់ថ្លៃសេវាសំរាម សម្រាប់ខែមករា (ថ្ងៃទី1 ខែកុម្ភៈឆ្នាំ2020)តាមរយៈធនាគារអេស៊ីលីដា ធនាគារឯកទេសវីង លីហួរ វេលុយ emoney pipay និងtrue money ដោយក្នុង 1ប្រត្តិបត្តិការ ចំណាយថ្លៃសេវាចាប់ពី 500៛ ទៅ 800៛ តែប៉ុណ្ណោះ ទៅតាមទំហំទឹកប្រាក់នៃការបង់ ប៉ុន្តែប្រជាពលរដ្ឋក៏អាចបង់ជាឆ្នាំក៏បាន ដោយមានភាពចំណេញច្រើន គឺអស់ថ្លៃសេវាតែម្តងប៉ុណ្ណោះ។
លោក កើត ឆែ ក៏បានបញ្ជាក់ដែរថា៖«ប្រជាពលរដ្ឋដែលត្រូវបង់ថ្លៃ សេវាប្រមូលសំរាមនៅក្នុងខែមករានេះ គឺគ្មានការប្រែប្រួលទេ គឺអនុវត្តតាមតារាងតម្លៃកាលពីខែតុលា ឆ្នាំ2019។ ក្នុងអំឡុង អន្តរកាល ប្រព័ន្ធបង់ប្រាក់សេវាប្រមូលសំរាមនេះ ចាប់បើកពីថ្ងៃទី1 ដល់ថ្ងៃទី15 ខែកុម្ភៈ ដូច្នេះប្រជាពលរដ្ឋដែលខកខានបង់ គឺចាត់ចូលជាបំណុលដែលត្រូវបង់នៅខែបន្ទាប់»។
លោកបន្តទៀតថា ការបង់សេវាសំរាម ពុំមែនជាការបង់ដោយស្ម័គ្រចិត្តទេ ព្រោះយើងជាអ្នកផលិតសំរាមត្រូវតែបង់ មិនអាចគេចវេះបានទេ។ ក្នុងករណីមិនបង់ យើងនឹងមានវិធានការ ឧទាហរណ៍ ម្ចាស់ភោជនីយដ្ឋានមិនបង់ គឺដកហូតការធ្វើអាជីវកម្ម ទាល់តែបង់ទើបប្រគល់សិទ្ធិឱ្យបន្តធ្វើអាជីវកម្មវិញ។ ប៉ុន្តែក្នុងអំឡុងពេលអន្តរកាលនេះ យើងក៏មិនទាន់អនុវត្តវិធានការច្បាប់នេះដែរ គឺទុកឱ្យគាត់មកបង់ប្រាក់សម្រាប់ថ្លៃសេវាប្រមូលសំរាម ប្រកបដោយមនសិការស្នេហាជាតិ ដើម្បីធានាឱ្យទីក្រុងយើងមានសោភណភាពស្រស់ស្អាត។
សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញបានបង្កើត«រដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹងរាជធានីភ្នំពេញ» ដែលមានភារកិច្ចទទួលបន្ទុកលើការគ្រប់គ្រងការផ្តល់សេវាប្រមូលសំរាម និងសំណល់រឹង។ ចំពោះការអនុវត្តប្រព័ន្ធបង់ប្រាក់ថ្មី តាមរយៈអេឡិចត្រូនិកនេះ បានធ្វើឡើងក្រោយពីរដ្ឋបាលរាជធានីភ្នំពេញទទួលបានសិទ្ធិ ក្នុងការធ្វើប្រតិបត្តិការអាជីវកម្មអន្តរកាលនៃការប្រមូលសំរាមនៅរាជធានីភ្នំពេញ ដោយរង់ចាំការដេញថ្លៃរបស់ក្រុមហ៊ុនប្រមូលសំរាមថ្មី។ រីឯការប្រមូលចំណូលថ្លៃសេវាប្រមូលសំរាម នៃប្រព័ន្ធគ្រប់គ្រងសំរាម និងសំណល់រឹងថ្មី មិនដាក់ក្នុងវិក្កយបត្រអគ្គិសនីទៀតទេ៕