
ថ្មីៗនេះ ស្រាប់តែគេឃើញតារាសម្ដែងវ័យក្មេង គីម ផាន់ណាវីត បង្ហាញមុខជាថ្មីម្ដងទៀតនៅក្នុងចង្កោមសិល្បៈ បន្ទាប់ពីលោកបានសម្ញំបាត់មុខអស់មួយរយៈធំ។ កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ នេះ លោកបានប្រកាសវិលមកក្ដោបទីផ្សារសម្ដែងម្ដងទៀត ដែលជាបំណងប្រាថ្នាមួយនៅក្នុងថ្ងៃខួបកំណើតឆ្នាំ2020 នេះដែរ។
លោក គីម ផាន់ណាវីត ប្រាប់អ្នកសារព័ត៌មានថា ចាប់ពីពេលនេះតទៅ លោកនឹងទទួលការងារសិល្បៈឱ្យពេញទំហឹងមិនឈប់បាត់មុខទៀតទេ បន្ទាប់ពីលោកសម្រេចចិត្តព្យួរចោលការសិក្សាផ្នែកទីផ្សារត្រឹមឆ្នាំទី២ ដោយលោកបញ្ជាក់ថា ដើម្បីមានពេលរកលុយ និងសាងកេរ្តិ៍ឈ្មោះនៅក្នុងពិភពសម្ដែង។ ក្នុងនោះលោកក៏ត្រៀមបើកហាងផាប់ និងហាងលក់អាហារបន្ទាប់ពីបញ្ចប់ពិធីខួបកំណើតផងដែរ ដើម្បីមានចំណូលទប់នឹងការងារសិល្បៈ។
តារាសម្ដែងវ័យក្មេងនៅទ្រនំក្លាស៊ីករូបនេះទើបតែបានថតបញ្ចប់រឿង«មន្តស្នេហ៍នាងដារីយ៉ា»ដែលជារឿងភាគថ្មីរបស់ផលិតកម្ម ត្រៀមនឹងដាក់បញ្ចាំងនៅTVK ខណៈដែលក្នុងពេលនេះលោកក៏មានឱកាសថតMV និង បទចម្រៀងឱ្យផលិតកម្មហង្សមាសជាដើម ដែលធ្វើឱ្យលោកមើលឃើញពីការឈានឡើងក្នុងសិល្បៈ។ ដោយឡែកក្នុងពិធីខួបរបស់លោក គេឃើញមានវត្តមានតារាថ្មីៗជាច្រើនរូប ដោយតារាល្បីៗ ក៏មានវត្តមានចូលរួមមិនតិចនាក់ផងដែរ៕
























