ការមិនសូវសើច អាកប្បកិរិយាអវិជ្ជមាន ឬការមិនហ៊ានបង្ហាញឱ្យគេឃើញនូវសមត្ថភាពរបស់ខ្លួនឯង ជាដើម សុទ្ធតែជាចំណុចដែលអាចរារាំងលោកអ្នក មិនឱ្យទៅដល់តំបន់ជោគជ័យ ឬមិនអាចក្លាយជាអ្នកមានបានទាំងអស់។
ខាងក្រោមនេះ គឺជាយោបល់របស់សេដ្ឋី 10រូបដែលចេញមកពីប្រភពអ្នកក្រ ស្ដីអំពីសកម្មភាពប្រចាំថ្ងៃដែលអាចដឹកនាំឱ្យមនុស្សឈានដល់ភាពជោគជ័យបាន។
មិនហ៊ានបង្ហាញខ្លួន ឬមិនហ៊ានបង្ហាញពីបំណងក្នុងការធ្វើអ្វីមួយ
“មិនបង្ហាញខ្លួន គឺជាកំហុសដែលគេតែងជួបប្រទះរាល់ថ្ងៃ ហើយវាអាចរាំងខ្ទប់លោកអ្នក មិនឱ្យងើបមុខរួច។ ការហ៊ានបង្ហាញខ្លួនម្ដងហើយម្ដងទៀត វាទាមទារឱ្យមានភាពជឿជាក់លើខ្លួនឯង និងការព្យាយាម ប៉ុន្តែវាក៏បង្កើតបានជាវិន័យល្អមួយដែរ។ អ្នកនឹងមិនអាចមានអ្វីៗតាមចិត្តប្រាថ្នាបានទេ បើអ្នកមិនស្វែងរកវិធីដើម្បីចាប់យកវា” នេះ ជាមតិរបស់ Grant Cardone ស្ថាបនិក Capital ដែលជាក្រុមហ៊ុនអចលនទ្រព្យដ៏ធំមួយដែលមានតម្លៃ 750លានដុល្លារអាមេរិក។
ភាពខ្ជិលច្រអូស
អតីតប្រធានក្រុមហ៊ុន Walt Disney លោក Michael Ovitz បាននិយាយថា៖ “អ្នករាល់គ្នាងាយនឹងមានទម្លាប់ខ្ជិលច្រអូសណាស់។ ប៉ុន្តែ ដើម្បីទទួលបានលទ្ធផលល្អ យើងត្រូវតែធ្វើការ។ ខ្ញុំត្រូវបានឪពុកម្ដាយបង្ហាត់បង្រៀនថា ខ្ញុំអាចធ្វើអ្វីៗបានទាំងអស់ ឱ្យតែធ្វើដោយការព្យាយាម និងផ្ដោតទៅលើតែគោលដៅនោះ។ ខ្ញុំអាចនឹងធ្វើការហួសកម្លាំង ប៉ុន្តែនោះ គឺជាអ្វីដែលត្រូវតែធ្វើ”។
អាកប្បកិរិយាអវិជ្ជមាន
“នៅពេលខ្ញុំជ្រើសរើសបុគ្គលិកណាម្នាក់ ឬសហការជាមួយអ្នកជំនួញណាម្នាក់នៅក្នុងកម្មវិធី Shark Tank ខ្ញុំតែងស្វែងរកចំណុចមួយ គឺអាកប្បកិរិយាវិជ្ជមានរបស់គេ។
ខ្ញុំធ្លាប់គិតថា ខ្ញុំអាចផ្លាស់ប្ដូរមនុស្សម្នាក់ដែលមានអាកប្បកិរិយាអវិជ្ជមាន ប៉ុន្តែចុងក្រោយខ្ញុំបានត្រឹមតែបញ្ឈប់គាត់ពីការងារប៉ុណ្ណោះ។ គ្រាន់តែមានមនុស្សអវិជ្ជមានម្នាក់ក្នុងចំណោមក្រុមមនុស្សដែលមានសុភមង្គល 10នាក់ គឺវាអាចទាញទម្លាក់មនុស្សមួយក្រុមនោះបាន។ ផ្ទុយទៅវិញ វាមិនមានអ្វីដែលអាចរារាំងមនុស្សម្នាក់ដែលហ៊ាននិយាយថា៖ “យើងអាចធ្វើបាន” នោះទេ។
ទោះជាស្ថិតក្នុងអំឡុងពេលជួបការលំបាកបំផុត អ្នកត្រូវតែលើកទឹកចិត្តខ្លួនឯង និងរក្សាអាកប្បកិរិយាវិជ្ជមាន បើទោះមានរឿងអ្វីកើតឡើងលើសពីការលំបាកក៏ដោយ។ នេះគឺជាសម្ដីរបស់លោក Barbara Corcoran ស្ថាបនិកក្រុមហ៊ុន Corcoran និងជាវិនិយោគិននៃកម្មវិធី Shark Tank។
ប្រើពេលវេលាច្រើន ដើម្បីធ្វើការសម្រេចចិត្ត
“ច្រើនឆ្នាំមកនេះ ខ្ញុំទទួលបានបទពិសោធមួយ គឺពេលខ្លះ យើងត្រូវការព័ត៌មានត្រឹមតែ 40 ទៅ70% ប៉ុណ្ណោះដើម្បីធ្វើការសម្រេចចិត្ត ព្រោះបើសិនជាត្រូវការភាពប្រាកដប្រជាដ៏ល្អឥតខ្ចោះនោះ យើងអាចនឹងបាត់បង់ឱកាស ដូច្នេះចូរជឿជាក់លើវិចារណញ្ញាណរបស់អ្នក រួចធ្វើការសម្រេចចិត្ត ហើយអនុវត្ត”។
នេះគឺជាមតិរបស់សេដ្ឋី Shaun Rawls ជាស្ថាបនិក និងជាអគ្គនាយកនៃក្រុមហ៊ុន Rawls of Keller Williams ដែលរកបានចំណូលជាង 4ពាន់លានដុល្លាររៀងរាល់ឆ្នាំ។
មិនចេះសើច
ថាមពលនៃការសើច ឬញញឹម កំពុងត្រូវបានគេវាយតម្លៃទាប។ ស្នាមញញឹមមួយដែលប្រកបដោយភាពកក់ក្ដៅ ស្មោះត្រង់ នឹងបង្កើតបាននូវភាពជឿជាក់ភ្លាមៗ នេះគឺជាគ្រឹះនៃការធ្វើជំនួញ។ ការសើច ឬញញឹម វាមិនត្រឹមតែបង្កើនថាមពលវិជ្ជមានទៅ
លើអ្វីដែលអ្នកកំពុងបង្ហាញនោះទេ តែវាក៏ជួយឱ្យអ្នកមើលទៅជាមនុស្សងាយរាប់អាន និងងាយជិតស្និទ្ធ។
ខាងលើនេះជាសម្ដីរបស់លោក Parker ជាស្ថាបនិក និងជា CEO នៃ Holly Parker Team ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ Douglas Elliman ធ្លាប់រកបានចំណូល 8ពាន់លានដុល្លារ។
ចាប់នេះចាប់នោះ មិនឆ្ពោះត្រង់ណា
ចូរជ្រើសយកអ្វីមួយដែលអ្នកស្រឡាញ់ និងពូកែជាងអ្វីៗផ្សេងទៀត…។ មានមនុស្សច្រើនរាប់មិនអស់ដែលមានគំនិតល្អចំនួន 1,000ប្រការ ហើយពួកគេមិនបានចាប់ផ្ដើមធ្វើតាមគំនិតល្អណាមួយសោះ។ ជំនួសមកវិញ ពួកគេបែរជាចូលរួមការងាររបស់អ្នកផ្សេងទៅវិញ។
បើសិនជាអ្នកមិនមែនជាមេធាវី ចូរកុំធ្វើខ្លួនឱ្យដូចជាមេធាវី។ នេះជាសម្ដីរបស់ James Daily ជាសហស្ថាបនិកនៃក្រុមហ៊ុន Daily Law Group។
មិនកត់ត្រារំឭកការងារសំខាន់
Dennis Najjar ជាសហស្ថាបនិកនៃ AccountingDepartment.com (សេវាកម្មគណនីស្រមោលសម្រាប់ក្រុមហ៊ុនតូចៗ) បានឱ្យដឹងថា៖ “ជាអ្នកជំនួញម្នាក់ ខ្ញុំតែងតែទទួលជោគជ័យដោយការអនុវត្តតាមគោលការណ៍មួយគឺ បង្កើតផែនការ និងរៀបចំអ្វីៗដែលខ្ញុំមានគម្រោងនឹងធ្វើ។ អ្នកនឹងមិនមានបញ្ហាទាក់ទិននឹងការចងចាំរាល់កិច្ចការដែលអ្នកត្រូវធ្វើទេ បើសិនអ្នកកត់ត្រាវាទុក”។
ធ្វើតាមអ្នកជោគជ័យ
ការដែលមានគំរូសម្រាប់ឱ្យធ្វើតាម គឺជារឿងមួយល្អ ដើម្បីអាចគេចចេញពីបញ្ហាដែលយើងដឹងថា នឹងកើតឡើង ប៉ុន្តែមានការពិតមួយដែលយើងត្រូវដឹង៖ បើវិធីនេះមានប្រសិទ្ធភាពជាមួយអ្នកផ្សេង វាមិនសំខាន់ទេ តែសំខាន់ គឺវាមានប្រសិទ្ធភាពជាមួយអ្នកដែរ ឬអត់?។ បើអ្នកពាក់អាវ-កវែងរាល់ថ្ងៃ អ្នកក៏នឹងមិនអាចក្លាយជា Steve Jobs បានដែរ…(ព្រោះ Steve Jobs ចូលចិត្តពាក់អាវយឺត-កមូលដៃវែង)។ នេះជាសម្ដីរបស់ Luke Freiler ជាសហស្ថាបនិក និងជា CEO នៃក្រុមហ៊ុន Centercode ដែលជាអ្នកផ្ដល់សេវាផ្ទៀងផ្ទាត់អតិថិជន។
ព្យាយាមគ្រប់គ្រងរាល់បញ្ហា
បើសិនអ្នកចង់ឱ្យខ្លួនឯងទៅដល់គោលដៅ ចូរបោះបង់គំនិតមួយដែលយល់ថា “គ្រប់យ៉ាងស្ថិតក្នុងការគ្រប់គ្រង”។
CEO របស់ក្រុមហ៊ុន Review Home Warranties លោក Alon Rajić បានថ្លែងថា ៖ ជួនកាល អ្នកគ្រាន់តែទទួលយកការពិតនៃស្ថានភាពណាមួយ ហើយសម្រេចចិត្ត រួចបែងចែកពេលវេលាសម្រាប់អ្វីដែលអ្នកអាចបង្កើតបានភាពខុសប្លែកពីគេ នោះអ្នកនឹងជោគជ័យ។
មិនហក់ចូលទៅក្នុងអ្វីដែលអ្នកមិនទាន់ស្គាល់
ការបង្កើតក្រុមហ៊ុនមួយ ឬហាងមួយដោយខ្លួនឯង វាទាមទារការធ្វើការងារនោះឱ្យអស់ពីចិត្ត។ ចូរចាកចេញពីតំបន់សុវត្ថិភាពរបស់អ្នក ហើយចូរកុំខ្លាចនឹងការប្រយុទ្ធជាមួយគូប្រជែងដែលមានកម្លាំងស្មើនឹងអ្នក។ បញ្ហាអាក្រក់បំផុតអាចនឹងកើតឡើង ប៉ុន្តែប្រការនេះ មិនមែនមានន័យថា អ្នកមិនអាចទទួលបានបទពិសោធសោះនោះទេ។ ដូច្នេះ យ៉ាងហោចណាស់ក៏អ្នកទទួលបានបទពិសោធខ្លះៗ ដើម្បីជាមេរៀនសម្រាប់ការរកស៊ីបន្តទៀតដែរ។ នេះគឺជាគំនិតរបស់ James Sixsmith ជាស្ថាបនិក និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន Trade Context និងជាសហស្ថាបនិកនៃក្រុមហ៊ុន SpeedUp Trader ផងដែរ៕
ប្រភព៖ សារព័ត៌មានបរទេស