ឪពុកម្តាយ និងអាណាព្យាបាលជាច្រើននាក់អាចនឹងនៅមិនទាន់ដឹងខ្លួន ឬសង្កេតឃើញថាទង្វើ ឬរឿងដែលអ្នកអប់រំបង្រៀនដល់កូននោះ ក្លាយជាការធ្វើបាបគេទាំងដោយត្រង់ និងទាំងប្រយោលបែបយល់មិនដល់ទៅវិញ ដូច្នេះយើងនាំគ្នាមកមើលថា តើមានទង្វើណាខ្លះដែលអ្នកមិនគួរនាំយកទៅបង្រៀន ឬប្រើជាមួយកូនរបស់អ្នក?
1.កុំយកក្តីស្រមៃកាលពីនៅក្មេងរបស់អ្នកមកដាក់ធ្វើជាគោលដៅឱ្យកូនដើរតាម
គ្រប់គ្នាមានក្តីស្រមៃដែលអាចនឹងដូច និងមិនដូចគ្នា កូនរបស់អ្នកក៏អីុចឹងដែរ គេអាចនឹងមានក្តីស្រមៃ និងការនឹកគិតរបស់គេ ការនាំក្តីស្រមៃរបស់អ្នកមកធ្វើជាគោលដៅឱ្យកូនធ្វើតាមនោះជារឿងមួយដែលខុស ធ្វើឱ្យកូនមានអារម្មណ៍ទើសទាល់ និងអាចនឹងធ្វើឱ្យគេត្រូវទ្រាំធ្វើនូវអ្វីដែលគេមិនចូលចិត្តនោះអស់មួយជីវិត។
2.ប្រៀបធៀបកូនជាមួយក្មេងដទៃជាប្រចាំ
ការប្រៀបធៀបកូនខ្លួនឯងជាមួយក្មេងដទៃគ្រប់ពេលវេលា មិនថាក្នុងផ្នែកណាក៏ដោយ នឹងធ្វើឱ្យគេមានអារម្មណ៍ថារងសម្ពាធ មានអារម្មណ៍ថាខ្លួនឯងមានចំណុចអន់ មានអារម្មណ៍ថាឪពុក-ម្តាយមិនស្រឡាញ់គេ តែទៅស្រឡាញ់អ្នកដទៃខ្លាំងជាង ធ្វើឱ្យគេមានអារម្មណ៍ទន់ជ្រាយ និងសម្តែងអាការចេញមកក្នុងបែបតតាំង។
3.រៀនគួរពិសេសច្រើនហួសពេក
ត្រឹមត្រូវហើយការរៀនគួរពិសេស ឬការរៀនជំនាញពិសេស ជារឿងដែលល្អ តែត្រូវសួរពីការស្ម័គ្រចិត្តអំពីកូនជាមុនសិន មិនមែនឱ្យគេគិតតែពីរៀនរហូតគ្មានពេលសម្រាក ឬធ្វើអ្វីផ្សេងនោះឡើយ។ ចូរកុំលួចពេលវេលាក្នុងជីវិតរបស់កូនទៅ ដោយកូនមិនយល់ព្រមឱ្យសោះ។
4.ការពារកូនជ្រុលពេក ប្រៀបដូចកែវក្នុងកញ្ច្រែងថ្ម
ការថែរក្សាការពារកូនជារឿងដែលឪពុកម្តាយគួរតែធ្វើ តែត្រូវការពារគេបែបផ្លូវកណ្តាល រឿងខ្លះត្រូវតែបណ្តោយឱ្យគេរៀនយល់ដឹងដោយខ្លួនឯង ឱ្យគេស្គាល់ចាញ់ និងឈ្នះ និងចេះកែខៃបញ្ហាដោយខ្លួនឯងមុននឹងស្រែកសុំការជួយពីអ្នកដទៃ។ អ្នកមិនអាចការពារកូនបានគ្រប់ពេលវេលា រហូតដល់ចុងបញ្ចប់នៃជីវិតរបស់គេបានឡើយ ដូច្នេះរឿងដែលល្អបំផុតគឺ ឱ្យគេចេះថែរក្សា ការពារខ្លួនឯងពីសង្គមដែលសាហាវឃោរឃៅនេះឱ្យបានដោយខ្លួនឯង។
5.មើលឃើញអ្វីដែលកូនស្រឡាញ់ អ្វីដែលកូនចូលចិត្តថា ជារឿងឥតប្រយោជន៍
ចំណង់ចំណូលចិត្ត និងភាពជំនាញថ្នឹករបស់មនុស្សយើងមិនដូចគ្នាទេ កូនរបស់អ្នកក៏អីុចឹងដែរ ការដែលគេមានភាពជំនាញថ្នឹក ឬចូលចិត្តធ្វើរឿងអ្វីមួយជាពិសេសនោះ អ្នកគួរតែបណ្តោយឱ្យគេរៀនយល់ដឹង និងធ្វើនូវរឿងនោះ តែបើស្ថិតនៅក្នុងវ័យរៀន ឬអំឡុងពេលដែលមិនសមរម្យក៏អាចនឹងប្រាប់គេ ឬអធិប្បាយពន្យល់គេដោយហេតុផល មិនមែនហាមប្រាមដាច់ខាត ឬមើលងាយ-មើលថោកលើអ្វីដែលកូនគិតភ្លាមៗនោះទេ។
6.ឱ្យដៃកូន
កូនអ្នកចេះធ្វើត្រូវបាន ក៏ច្បាស់ជាចេះធ្វើខុសបានដូចគ្នា អ្នកមានតួនាទីចង្អុលណែនាំបង្ហាញឱ្យគេបានរស់នៅក្នុងជីវិតដែលត្រឹមត្រូវតាមគន្លងធម៌។ ការឱ្យដៃកូន ឬពន្យុះកូនឱ្យធ្វើនូវអ្វីដែលមិនត្រឹមត្រូវ ឬកាន់ជើងកូនក្នុងរឿងដែលមិនសមរម្យជំនួសឱ្យការបង្ហាត់បង្រៀន ឬដាស់តឿននឹងធ្វើឱ្យគេបានចិត្ត និងមិនខ្លាចក្រែង ឬលែងចេះកោតគោរពអ្នកណាជាដើម។
6 ចំណុចខាងលើដែលបានរៀបរាប់មកនេះលោកឪពុកអ្នកម្តាយសម័យថ្មីគួរតែចៀសវាង និងមិនគួរមើលរំលងឡើយ ដើម្បីជីវិត និងអនាគតដ៍ល្អរបស់កូនៗនាពេលអនាគត៕