តម្លៃមូលបត្រក្នុងផ្សារហ៊ុនចិនបានដាំក្បាលចុះភ្លាមៗ បន្ទាប់ពីបើកទ្វារឡើងវិញនៅព្រឹកនេះ (3កុម្ភៈ) ក្រោយឈប់សម្រាកក្នុងរដូវបុណ្យចូលឆ្នាំចិន។
នៅក្នុងការជួញដូរដំបូង សន្ទស្សន៍របស់ Shanghai Composite និង Shenzhen Composite សុទ្ធតែបានធ្លាក់ថ្លៃជិត 8,7%។ បច្ចុប្បន្ន ការធ្លាក់តម្លៃនេះគឺនៅត្រឹម 8%។
ការវិវដ្ដនៅក្នុងផ្សារហ៊ុនចិន ត្រូវបានអ្នកវិនិយោគតាមដានយ៉ាងយកចិត្តទុកដាក់ ដោយសារតែប្រទេសនេះ ត្រូវអូសបន្លាយចំនួនថ្ងៃឈប់សម្រាករដូវបុណ្យចូលឆ្នាំ ព្រោះតែអាសន្នរោគរលាកសួតកូរ៉ូណា។ គិតមកដល់ព្រឹកនេះ មេរោគកូរ៉ូណា បានសម្លាប់មនុស្សចំនួន 362នាក់ ក្នុងនោះមានអ្នកស្លាប់361 នៅឯប្រទេសចិន។ ចំនួនករណីឆ្លងមេរោគនេះ ក៏កើនដល់ 17,373នាក់ នៅទូទាំងពិភពលោក។
គណៈកម្មការមូលបត្រចិន កាលពីម្សិលមិញបានប្រកាសនៅលើទំព័រ People Daily ថា ខ្លួនជឿជាក់ថា អាសន្នរោគនេះ គ្រាន់តែបង្កផលប៉ះពាល់ក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ ដើម្បីជួយដល់ក្រុមហ៊ុននានា គណៈកម្មការមូលបត្រចិន នឹងអំពាវនាវអ្នកវិនិយោគឱ្យពន្យាកាលបរិច្ឆេទ និងពិចារណាទៅលើការប្រើប្រាស់វិធីនានាដើម្បីកាត់បន្ថយការភ័យខ្លាចនៅក្នុងទីផ្សារ។
ធនាគារជាតិចិន កាលពីម្សិលមិញក៏បានប្រកាសថា នឹងបញ្ចេញប្រាក់ 1,200ពាន់លានយន់ (173ពាន់លានដុល្លារអាមេរិក) ទៅក្នុងទីផ្សារ។ នេះគឺជាវិធីមួយក្នុងចំណោមវិធានការទាំង 30 ដែលចិនបានប្រកាសឱ្យដឹងកាលពីចុងសប្ដាហ៍មុន ក្នុងបំណងពង្រឹងសេដ្ឋកិច្ចឡើងវិញ ខណៈវាកំពុងដាំក្បាលចុះដោយសារឥទ្ធិពលនៃអាសន្នរោគកូរ៉ូណា។
ក្រុមអ្នកសេដ្ឋកិច្ចបានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់ចិន អាចនឹងមានឱនភាពក្រោម 5% ក្នុងត្រីមាសនេះ ខណៈដែលត្រីមាសកន្លង សេដ្ឋកិច្ចចិនបានដាំក្បាលចុះ 6%។ អ្នកសេដ្ឋកិច្ចខ្លះ ថែមទាំងព្យាករណ៍ថា ឱនភាពនេះអាចនឹងនៅតែបន្តក្នុងត្រីមាសទីពីរខាងមុខ៕
ប្រភព៖ សារព័ត៌មានបរទេស