បើយើងបានរស់នៅក្នុងផ្ទះដែលផ្តល់នូវអារម្មណ៍ដូចរស់នៅជាមួយនឹងធម្មជាតិគ្រប់ពេលវេលា មានផ្ទៃមេឃ មានដើមឈើ ឬផ្ទៃទឹកហ៊ុមព័ទ្ធជុំវិញនោះ ប្រហែលជាល្អមិនស្ទើរទេមើលទៅ… ព្រោះវានឹងធ្វើឱ្យយើងអារម្មណ៍ស្រស់ថ្លា ត្រជាក់ត្រជុំតែ… តើយើងនឹងលើកយកធម្មជាតិមកដាក់ចូលក្នុងផ្ទះយ៉ាងម៉េចបានទៅ? ដូច្នេះសូមសាកល្បងមើលពីវិធីល្អៗ6យ៉ាង ដែលនឹងធ្វើឱ្យលោកអ្នកមានអារម្មណ៍ថា មានធម្មជាតិបង្កប់ខ្លួននៅគ្រប់ចំណុចនៅក្នុងផ្ទះ ដូចខាងក្រោមនេះ…។
1. តុបតែងដោយវត្ថុពីធម្មជាតិ
ដូចជាគ្រឿងសង្ហារិម តុ ទូ កៅអីដែលធ្វើពីផ្តៅ និងរបស់របរដែលធ្វើពីដើមឬស្សីនិងឈើ-ល- សូមសាកល្បងជ្រើសយកឧបករណ៍ប្រើប្រាស់ដែលធ្វើពីវត្ថុធាតុដើមទាំងអស់នេះមកតុបតែងផ្ទះម្តងមើល៍ ព្រោះវាអាចនឹងធ្វើឱ្យលោកអ្នកមានអារម្មណ៍ធូរស្រាល ពេលបានឃើញរបស់របរពីធម្មជាតិទាំងនោះយ៉ាងមិនគួរឱ្យជឿ។2. ប្រើពណ៌ដែលជាធម្មជាតិ
ពណ៌បៃតងធ្វើឱ្យនឹកឃើញដើមឈើ វាលស្មៅ។ ពណ៌ពងក្រសា គឺផ្ទៃមេឃ និងទឹកសមុទ្រ។ ពណ៌លឿង ផ្តល់នូវអារម្មណ៍ស្រស់ថ្លាដូចព្រះអាទិត្យដែលកំពុងបញ្ចេញពន្លឺនិងបុប្ផាដែលរីកស្រស់ស្រាយ ដូច្នេះចូរសាកល្បងប្រើពណ៌ទាំងអស់នោះតុបតែងនៅលើជញ្ជាំង វាំងនន មាត់បង្អួច និងគ្រែរបស់លោកអ្នក… វាអាចនឹងធ្វើឱ្យអ្នកស្នាក់នៅមានអារម្មណ៍ដូចបាននៅជាមួយធម្មជាតិគ្រប់ពេលវេលា។3. កម្រាលក្តារឈើធម្មជាតិ
មិនថាតែក្តារឈើស្រល់ ឬបន្ទះឫស្សីឡើយ ទាំងអស់នេះគេនិយមយកមកក្រាលផ្ទះ ព្រោះធ្វើឱ្យមានអារម្មណ៍ថា កក់ក្តៅ និងមានអារម្មណ៍ដូចដើរនៅលើធម្មជាតិយ៉ាងពិត។4. ប្តូរបរិយាកាសក្នុងផ្ទះឱ្យទៅជាមជ្ឈមណ្ឌលស្ប៉ាយ៉ាងល្អ
ក្លិនឈើក្រអូប និងក្លិនផ្កា គឺជាក្លិនដ៏ក្លាសស៊ិក 2យ៉ាងដែលជួយឱ្យមានអារម្មណ៍ធូរស្រាល ស្រួលខ្លួនឡើងបាន។ សំឡេងខ្យល់ ភ្លៀង និងរលកសមុទ្រ ក៏ជាស្ប៉ាពីធម្មជាតិដ៏ល្អបំផុតដែលនឹងធ្វើឱ្យរាងកាយ អារម្មណ៍ និងផ្លូវចិត្តរបស់យើងបានធូរស្រាលឡើងដែរ។ បច្ចុប្បន្ន យើងអាចលើកយកអ្វីទាំងអស់នោះ មកដាក់នៅក្នុងផ្ទះបានហើយ គ្រាន់តែរកពពួកធូបឬទៀនក្រអូបមកអុជបញ្ចេញក្លិនក្រអូប ឬបើកសំឡេងទឹករលកសមុទ្រ សំឡេងភ្លៀងធ្លាក់ចេញពីប្រព័ន្ធ Youtube ក៏ធ្វើឱ្យយើងមានអារម្មណ៍ដូចនៅជាមួយធម្មជាតិបានបាត់ទៅហើយ។5. បើកបង្អួចទទួលយកខ្យល់អាកាសបរិសុទ្ធ
ខ្យល់អាកាសជាបច្ច័យសំខាន់បំផុតរបស់ជីវិតមនុស្ស ហើយខ្យល់អាកាសបរិសុទ្ធពីធម្មជាតិ ក៏ជាអ្វីដែលល្អបំផុតដូចគ្នាដែរ។ សាកល្បងកាត់បន្ថយការប្រើម៉ាស៊ីនត្រជាក់ ហើយបើកបង្អួចដើម្បីឱ្យខ្យល់អាកាសបរិសុទ្ធពីធម្មជាតិ ចូលមកក្នុងបន្ទប់ម្តង នោះអ្នកនឹងមានអារម្មណ៍ស្រស់ថ្លា និងថែមទាំងមានផលល្អចំពោះសុខភាពទៀតផង។6. បន្លែ ផ្លែឈើល្អៗពីធម្មជាតិ
ការតុបតែងផ្ទះមួយវិធីទៀតដែលគួរឱ្យចាប់អារម្មណ៍ដែរនោះគឺ ការតុបតែងដោយរបស់ហូបចុក បើអ្នកប្រើប្រាស់ផ្លែឈើដែលមានពណ៌ស្រស់ៗ ដូចជា ក្រូចថ្លុង ចេកណាំវ៉ា ផ្លែប៉ោម ល្ហុងទុំ-ល- ដែលស្ថិតនៅក្នុងកញ្ច្រែងយ៉ាងស្អាត ដាក់នៅលើតុលម្អ បូកជាមួយក្លិនក្រអូបៗរបស់ផ្លែឈើទាំងនោះផង វានឹងធ្វើឱ្យលោកអ្នកមានអារម្មណ៍ភ្លឺថ្លា រាងកាយស្រស់ស្រាយជាក់ជាមិនខាន៕