ជាបញ្ញាវន្តខ្មែរមួយរូបដែលបានបញ្ចប់ការសិក្សានៅគ្រឹះស្ថានអប់រំល្បីឈ្មោះនៅបរទេស និងជាអ្នកដឹកនាំក្រសួងប្រកបដោយការគោរពម្នាក់ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏ជាបុគ្គលដ៏គួរឱ្យគោរពផងដែរពីសំណាក់យុវជនជំនាន់ក្រោយរបស់កម្ពុជា។
នៅក្នុងវេទិកាជាច្រើនសម្រាប់យុវជនកម្ពុជា ឯកឧត្តម ស៊ុន ចាន់ថុល តែងតែធ្វើការបង្ហាញពីគំនិតវិជ្ជមាននៃសង្គម និងការតម្រង់ទិសរបស់យុវជនកម្ពុជាឱ្យបានមើលឃើញពីសក្តានុពលខ្លួនឯង សក្តានុពលរបស់សង្គម និងវិធីសាស្ត្រដែលសង្គមអាចធ្វើបានដើម្បីជួយដល់សង្គមនាពេលបច្ចុប្បន្ននេះ។
នៅក្នុងសិក្ខាសាលាស្តីពីយុវជន នៅវិទ្យាស្ថានបច្ចេកវិទ្យានៅកម្ពុជាឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងថា ការចូលរួមក្នុងសកម្មភាពសង្គមជារឿងចាំបាច់ដែលយុវជនត្រូវធ្វើ។ យុវជនគ្រប់គ្នាមិនថាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក៏អាចចូលរួមនៅក្នុងសកម្មភាពសង្គមបាន ប្រសិនបើគេបានដឹងពីវិធីក្នុងការចូលរួម។ ការជួយសង្គមមិនចាំបាច់តែជួយដោយផ្ទាល់ ឬបង្កើតសកម្មភាពធំៗនោះទេ យុវជនគ្រប់គ្នាអាចធ្វើបាន ហើយសុទ្ធតែជាផ្នែកសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍ។
ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា៖ «យុវជនទាំងអស់សុទ្ធតែមានតម្លៃសម្រាប់ការជួយសង្គម ហើយសុទ្ធតែអាចជួយសង្គមបានគ្រប់ៗគ្នា។ មុននឹងសួរថា តើសង្គមបានជួយអ្វីដល់យើង យើងគួរសួរខ្លួនឯងជាមុនសិនថា យើងបានជួយអ្វីខ្លះហើយដល់សង្គម»។
ឯកឧត្តមបានបន្តទៀតថា ការធ្វើខ្លួនឱ្យល្អ ខិតខំប្រឹងប្រែងរៀនសូត្រ គោរពច្បាប់ឱ្យបានល្អ កុំបង្កបញ្ហាដល់សង្គម និងសកម្មភាពអភិវឌ្ឍន៍ខ្លួនឯងជាច្រើនទៀតសុទ្ធតែជាសកម្មភាពដែលយុវជនអាចជួយសង្គមបាន។ យុវជនអាចខិតខំប្រឹងប្រែងរៀនឱ្យពូកែ ហើយប្រើប្រាស់ចំណេះដឹងទៅបម្រើការងារនៅក្នុងសង្គមទៅតាមជំនាញរៀងៗខ្លួន នេះហើយជាការជួយសង្គម៕