ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍បានថ្លែងថា កម្ពុជាមានធនធានមនុស្សធ្វើការងារក្នុងវិជ្ជាជីវៈទេសចរណ៍ចំនួន 500នាក់ អាចធ្វើការងារនៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ានបាន។
រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោក ថោង ខុន បានថ្លែងឲ្យដឹងកាលពីដើមសប្តាហ៍នេះថា ធនធានមនុស្សកម្ពុជា 500នាក់ ដែលមានជំនាញវិជ្ជាជីវៈទេសចរណ៍ត្រូវបានបញ្ជូលឈ្មោះទៅកាន់ការិយាល័យកណ្តាលអាស៊ាននៅទីក្រុងហ្សាការតានៃប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីពួកគេបានទទួលការវាយតម្លៃពីគុណវុឌ្ឍិការងារពីរដ្ឋាភិបាលរួចមក។ លោកបន្តថា មិនថាតែធនធានមនុស្សកម្ពុជានោះទេ នៅប្រទេសផ្សេងទៀតក៏មានការបញ្ជូនឈ្មោះទៅកាន់ការិយាល័យកណ្តាលអាស៊ាននេះផងដែរ ក្នុងករណីប្រទេសណាត្រូវការ ពួកគេនឹងយកធនធានមនុស្សចេញពីទីនោះ។
លោកបានបន្តថា ធនធានមនុស្សកម្ពុជាទាំង 500នាក់នោះ ពួកគេអាចធ្វើការនៅគ្រប់បណ្តាប្រទេសក្នុងតំបន់អាស៊ានបាន ប្រសិនជាប្រទេសណាមួយត្រូវការ ហើយពួកគេនឹងទទួលបានប្រាក់ខែច្រើនជាងធ្វើការងារនៅប្រទេសរបស់ខ្លួន។
ទាក់ទងនឹងការព្រួយបារម្ភពីការដែលប្រទេសដទៃមកដណ្តើមការងារប្រជាជនកម្ពុជានោះ លោករដ្ឋមន្រ្តីបានពន្យល់ថា មេដឹកនាំនៃបណ្តាប្រទេសក្នុងតំបន់អាស៊ានបានចុះកិច្ចព្រមព្រៀងទទួលយកធនធានមនុស្សពីប្រទេសក្នុងតំបន់លើជំនាញមួយចំនួនរួចហើយ ហើយប្រទេសនីមួយៗគឺអាចទទួលយកអ្នកជំនាញពីប្រទេសនានាក្នុងតំបន់ត្រឹម10ភាគរយនៃចំនួនធនធានមនុស្សដែលពួកគេត្រូវការប៉ុណ្ណោះ ដូច្នេះមិនចាំបាច់មានការព្រួយបារម្ភនោះទេ៕