ក្មេងៗទោះជាអាយុប៉ុន្មានក៏ដោយ ចេះនិយាយហើយ ឬមិនទាន់ចេះនិយាយក៏ដោយ លោកឪពុកអ្នកម្តាយគួរតែចេះសង្កេតមើលអាការកូនឱ្យបានថា តើមានអ្វីខុសប្រក្រតីឬទេ? កុំចាំរហូតដល់កូនហារមាត់ប្រាប់នោះ ព្រោះរឿងខ្លះត្រូវតែសង្កេតមើល និងប្រញាប់កែបញ្ហាភ្លាមមុននឹងអ្វីៗហួសពេលកែ។ ខាងក្រោមនេះគឺជាអាការ12យ៉ាងរបស់កូន ដែលលោកឪពុកអ្នកម្តាយមិនគួរព្រងើយកន្តើយ។
1. កូនមើលទៅរាងមានអារម្មណ៍ធុញថប់តានតឹង សោកសៅ អាចនឹងគ្មានអាការគ្រុនក្តៅ ឬមិនស្រួលខ្លួនឱ្យឃើញក៏ដោយ តែកូនអាចនឹងបង្ហាញអាការតាមរយៈទឹកមុខ ឬមើលទៅឃើញហាក់ដូចជាកំពុងគិតពីអ្វីម្យ៉ាងគ្រប់ពេលវេលា បើសិនជាឃើញបែបនេះហើយ ឪពុកម្តាយមិនគួរមើលរំលង ឬព្រងើយកន្តើយឡើយ ត្រូវប្រញាប់នាំទៅប្រឹក្សាជាមួយគ្រូពេទ្យភ្លាមៗល្អជាង។
2. ឡើងកម្តៅខ្ពស់ សីតុណ្ហភាពប្រក្រតីរបស់ក្មេងនឹងស្ថិតនៅក្នុងកម្រិត 36-37.5អង្សាសេលសៀស សម្រាប់ក្មេងដែលមានអាយុទាបជាង 6ខែ បើមានសីតុណ្ហភាពក្នុងកម្រិត 37.6-38.4អង្សាសេលសៀសនោះ គឺមានន័យថា ឡើងកម្តៅខ្ពស់ហើយ ចំណែកក្មេងអាយុច្រើនជាង6ខែឡើង បើសិនលើស 38.5អង្សាសេលសៀស មានន័យថា កម្តៅខ្លួនឡើងខ្ពស់ហើយ ត្រូវរកវិធីបញ្ចុះកម្តៅ និងប្រញាប់នាំទៅមន្ទីរពេទ្យភ្លាម។
3. ក្តៅខ្លួនជាប់ៗគ្នាអត់បាត់រយៈពេល 3ថ្ងៃឡើងទៅ ដោយញ៉ាំថ្នាំ និងជូតខ្លួនហើយ តែអាការនៅតែមិនល្អប្រសើរឡើងនោះ ត្រូវប្រញាប់នាំទៅជួបគ្រូពេទ្យជាបន្ទាន់។
4. គ្រុនក្តៅខ្លួន និងមានអាការផ្សេងទៀតរួមជាមួយផង ដូចជា ឈឺក្បាល មានឡើងកន្ទួលរមាស់នៅលើរាងកាយ ឈឺ-ក អាការបែបនេះត្រូវតែប្រញាប់ទៅជួបលោកគ្រូពេទ្យជាបន្ទាន់។
5. មានឡើងកន្ទួលក្រហមតាមខ្លួនប្រាណ និងមានអាការរាលដាលកាន់តែខ្លាំងឡើង ឬមានអាការហើមឡើងក្រហមត្រង់បរិវេណដែលមានឡើងកន្ទួល និងមានអាការដកដង្ហើមមិនស្រួល រាងស្ទះៗជាដើមនោះ កុំបង្អង់យូរ ត្រូវប្រញាប់នាំទៅមន្ទីរពេទ្យភ្លាម។
6. មានពងបែកឡើងតាមខ្លួនប្រាណក្នុងលក្ខណៈខុសប្រក្រតី ដែលមិនធ្លាប់មានកន្លងមក ត្រូវប្រញាប់យកកូនទៅឱ្យគ្រូពេទ្យពិនិត្យជាបន្ទាន់ ព្រោះអាចកើតរោគមហារីកស្បែកបាន។
7. កូនតូចយំរករឿងខ្លាំង ព្រោះឈឺក្បាលបែបទាន់ហន់ភ្លាមៗ ឬអាចឈឺពោះផ្នែកខាងស្តាំចុះមកក្រោម អាចជាអាការរបស់ខ្នែងពោះវៀន ឬបើឈឺពោះហើយមានក្អួតផងនោះ អាចបណ្តាលមកពីអាការរលាកក្រពះ បើរឹតតែមានឈាមចេញមកជាមួយផងនោះ ត្រូវតែប្រញាប់នាំទៅមន្ទីរពេទ្យជាប្រញាប់។
8. ឈឺក្បាល និងក្អួត អាចជាអាការចាប់ផ្តើមដំបូងរបស់រោគម៉ៃក្រេន តែបើមានអាការធ្ងន់ធ្ងរខ្លាំងជាងនោះ អាចបណ្តាលមកពីរោគផ្សេងទៀត អាការបែបនេះក៏ត្រូវតែប្រញាប់នាំកូនទៅមន្ទីរពេទ្យដែរ។
9. បរិមាណទឹកនោមថយចុះ ស្ងួតមាត់ បន្ទូលក្បាល (បង្ហើយ) ផតចុះ ក្អួត រាក អាការទាំងនេះអាចបណ្តាលមកពីសភាវខ្វះជាតិទឹក បើឃើញកូនមានអាការបែបនេះ ត្រូវតែប្រញាប់នាំកូនទៅមន្ទីរពេទ្យជាបន្ទាន់។
10. ហើមមុខ ហើមខ្លួន ក្អួត ឬមានឡើងរមាស់ អាការនេះអាចបណ្តាលមកពីកើតប្រតិកម្មចាញ់នឹងរបស់អ្វីមួយ បើធ្ងន់ធ្ងរត្រូវនាំទៅជួបគ្រូពេទ្យភ្លាម។
11. ចេញឈាមច្រើនពេក មិនថាតែស្នាមរបួសតូច ឬធំនោះទេ បើឃាត់ឈាមហើយ ឈាមនៅតែហូរចេញមកមិនឈប់ ចូរប្រញាប់នាំកូនទៅមន្ទីរពេទ្យភ្លាម។
12. បបូរមាត់ឡើងស្លេក ខៀវជាំ ដកដង្ហើមអាក់ៗ និងដកដង្ហើមតាមមាត់ អាចជាអាការមានប្រតិកម្មនឹងរបស់អ្វីម្យ៉ាង ឬអាចបណ្តាលមកពីជំងឺដែលពាក់ព័ន្ធនឹងប្រព័ន្ធដកដង្ហើម ឬរោគសួត ក៏ជាអាការត្រូវប្រុងប្រយ័ត្ន និងត្រូវនាំទៅមន្ទីរពេទ្យជាបន្ទាន់ដែរ។
អាការរបស់កូន ដែលបានរៀបរាប់មកខាងលើនេះ លោកឪពុកអ្នកម្តាយមិនគួរព្រងើយកន្តើយជាដាច់ខាត ព្រោះអាការមួយចំនួននោះអាចនិយាយបានថា សុទ្ធតែជាសញ្ញារបស់ជំងឺធ្ងន់ធ្ងរផ្សេងៗទាំងអស់៕