អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចេញសេចក្តីប្រកាសព័ត៌មានកាលពីពេលថ្មីៗនេះ(ថ្ងៃទី9 ខែមករា ឆ្នាំ2020)ដោយបានលើកឡើងពីភាពវិជ្ជមាននៃចំណាត់ការរបស់ក្រសួងកសិកម្ម ក្នុងការកាត់បន្ថយចំនួនក្រុមហ៊ុន និងចំនួនកូតានាំចូលមាន់រស់ពីបរទេសមកកាន់កម្ពុជា។
អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានបញ្ជាក់ថា ចាប់ពីដើមឆ្នាំ2019 អគ្គនាយកដ្ឋាន
សុខភាពសត្វ បានពិនិត្យឃើញថា កសិករ សហគមន៍ និងក្រុមហ៊ុនចិញ្ចឹមសត្វនៅកម្ពុជា បានជួបប្រទះនឹងបញ្ហាធ្លាក់ចុះតម្លៃមាន់រស់យ៉ាងគំហុក ពោលគឺថ្លៃដើមផលិតក្នុង1គីឡូក្រាម ត្រូវចំណាយអស់ 5,000រៀល តែចំពោះការលក់ចេញមាន់រស់បានតម្លៃត្រឹមតែ 4,800រៀលប៉ុណ្ណោះក្នុង 1គីឡូក្រាម។
អគ្គនាយកដ្ឋាននេះបានបន្តថា ដោយមើលឃើញពីសភាពការណ៍នេះ ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានកាត់បន្ថយចំនួនក្រុមហ៊ុន និងចំនួនកូតានាំចូលមាន់រស់ពីបរទេស មកកាន់កម្ពុជាពីចំនួន 13ក្រុមហ៊ុន មកនៅត្រឹមចំនួន 7ក្រុមហ៊ុនវិញ និងចំនួននាំចូលពីមុន 44,000ក្បាលក្នុង 1ថ្ងៃ មកនៅត្រឹមតែ 1,7000ក្បាលប៉ុណ្ណោះក្នុង 1ថ្ងៃ។
អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានបញ្ជាក់ទៀតថា លទ្ធផលដែល ទទួលបានក្រោយពីការកាត់បន្ថយចំនួនក្រុមហ៊ុន និងចំនួនកូតានាំចូលបក្សីពីបរទេស មានជាអាទិ៍៖
* តម្លៃមាន់រស់ បានកើនឡើងវិញល្អប្រសើរ ពី 6,900 -7,400រៀលក្នុង 1គីឡូក្រាម។
* អ្នកចិញ្ចឹមបក្សី ប្រជាជន ក្រុមហ៊ុនចិញ្ចឹមបក្សី និងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានគាំទ្រ និងកោតសរសើរចំពោះចំណាត់ការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលើការកាត់បន្ថយចំនួនក្រុមហ៊ុន និងចំនួនកូតានាំចូលមាន់រស់ពីបរទេសមកកម្ពុជានេះ។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានប្រាប់កាសែតឡារ៉ែនពាណិជ្ជថា លោកសូមគាំទ្រ និងកោតសរសើរចំពោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលបានកាត់បន្ថយចំនួនក្រុមហ៊ុន និងកូតាមាន់សាច់រស់នាំចូលពីបរទេស ដើម្បីលើកទឹកចិត្តដល់ផលិតកម្មចិញ្ចឹមមាន់ក្នុងស្រុកគ្រប់រូបភាព ក្នុងការរក្សាបានតុល្យភាពតម្លៃ មិនប៉ះពាល់ដល់អ្នកចិញ្ចឹម និងជួយរក្សាកម្លាំងពលកម្ម និងកាត់បន្ថយការចំណាកស្រុក។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានមានប្រសាសន៍ថា៖“ការកាត់បន្ថយមាន់សាច់រស់នាំចូលពីបរទេស ជាការត្រឹមត្រូវហើយ ព្រោះផលិតកម្មចិញ្ចឹមសត្វមាន់ និងជ្រូកក្នុងស្រុក កំពុងតែជួបនូវបញ្ហាជំងឺប៉េស្តជ្រូកអាហ្វ្រិកថ្មីៗនេះ បានខាតបង់ កសិករក៏ងាកមកចិញ្ចឹមមាន់វិញម្ដង។
ដូច្នេះក្រសួងបានគិតគូរដល់កសិករហើយ ប៉ុន្តែសាច់មាន់ឡើងថ្លៃ មិនមែនដោយសារតែការកាត់បន្ថយការនាំចូលទេ គឺមាន់ប្រទេសជិតខាងក៏ឡើងថ្លៃដែរ តែបើយើងមិនកាត់បន្ថយទេ ពេលចុះថ្លៃ គេនឹងនាំចូលមកគំហុក ដើម្បីសម្លាប់កសិករយើង”។
លោកប្រធានសមាគម ដែលមានគំនិតគាំពារនិយម ចូលចិត្តលើកស្ទួយដល់អ្នកចិញ្ចឹមក្នុងស្រុកបានបញ្ជាក់ថា នេះក៏ជាសំណូមពររបស់សមាគមមួយដែរសម្រាប់ទីផ្សារតម្លៃមាន់បច្ចុប្បន្នបើយើងឱ្យតម្លៃថ្លៃពេក វាក៏ប៉ះពាល់ដល់អ្នកហូប អ្នកទិញដែរ។ កត្តាសំខាន់ឱ្យចំណេញទាំងអស់គ្នា ចំណេញទាំងអ្នកចិញ្ចឹម ទាំងអ្នកហូប។
លោក ស្រ៊ុន ពៅ ក៏បានបន្តទៀតដែរថា ចំណុចមួយទៀតនោះ គឺការចិញ្ចឹមមាន់របស់កសិករបានដំណើរការល្អ តែយើងខ្វះពូជមាន់ឱ្យកសិករយើង នេះក៏ជាបញ្ហាមួយដែរ។
លោក ស្រ៊ុន ពៅ ក៏បានឱ្យដឹងទៀតដែរថា៖“បើគិតពីតម្លៃរបស់មាន់ស្រែ នៅពេលមានរដូវបុណ្យទាន ឬចូលឆ្នាំចិនជាដើម ជាការពិត វាថ្លៃជាងថ្ងៃធម្មតា នេះជាប្រពៃណីទៅហើយ។
សម្រាប់មាន់ស្រែថ្លៃ 25,000៛/1kg ឬខ្ពស់ជាងនេះ តែការចិញ្ចឹមរបស់វា ត្រូវប្រើរយៈពេលវែងរហូតដល់ទៅ 6 – 7ខែឯណោះ។ សម្រាប់មាន់សាច់រស់វិញ ថ្លៃជាង 6,400៛/1kg គឺចុះបន្តិចហើយ(ប្រែប្រួលតាមប្រទេស
ជិតខាង)តែការចិញ្ចឹមត្រូវការរយៈពេលតែជាង 40ថ្ងៃទេ។ ឯសម្រាប់មាន់ 3សាសន៍វិញ ចិញ្ចឹមដល់ទៅជាង 3ខែ។ តម្លៃប៉ុណ្ណឹងនៅលើទីផ្សារ គឺល្អ”។
លោក ពៅ ក៏បានថ្លែងបន្តទៀតថា៖“បច្ចុប្បន្ន យើងមានតម្រូវការសត្វមាន់នៅក្នុងប្រទេសកម្ពុជាទាំងមូលមានប្រមាណ 12-13ម៉ឺនក្បាលក្នុង 1ថ្ងៃ ហើយការនាំចូលសព្វថ្ងៃមានប្រមាណពី 4-5ម៉ឺនក្បាល។ ដូច្នេះបានន័យថា ការផ្គត់ផ្គង់ក្នុងស្រុកបានជាង 6-7ម៉ឺនក្បាលដែរ។ តែបើឱ្យនាំចូលច្រើន វាធ្វើឱ្យប៉ះពាល់ដល់កសិករយើង”។
លោកប្រធានសមាគម បានលើកឡើងថា៖“បើសិនណាជាយើងកាត់បន្ថយទាំងអស់បាន លុះត្រាណាតែក្នុងស្រុក យើងចិញ្ចឹម និងអាចផ្គត់ផ្គង់បាន។
បើយើងគិត 4ម៉ឺនក្បាលក្នុង 1ថ្ងៃ ហើយមាន់1ក្បាលមានតម្លៃ 5ដុល្លារនោះយើងនឹងទទួលបាន 20ម៉ឺនដុល្លារក្នុង 1ថ្ងៃ ហើយយើងអាចរកឃើញតួលេខក្នុង 1ខែ ហើយយើងរកឃើញផលចំណេញជារួមដល់ឆ្នាំទៀតផង។ ដូច្នេះបើយើងអាចជំរុញឱ្យកសិករចិញ្ចឹមបាន នោះយើងនឹងទទួលបានផលចំណេញ និងកាត់បន្ថយបាននូវការចំណាកស្រុកផងដែរ”។
តែទោះជាយ៉ាងណាក្តី លោកប្រធានសមាគម បានបញ្ជាក់ថា៖ “តួលេខនៃការផ្គត់ផ្គង់ទីផ្សារនៅពេលរដូវបុណ្យទាន ដូចជាចូលឆ្នាំចិន-វៀតណាម មានតម្រូវការមាន់ច្រើន និងមាន់ស្រែអាចមានតម្រូវការច្រើនជាង តែវាបន្ថយចំនួនមាន់សាច់ទៅវិញ។ ពោលគឺ ការផ្គត់ផ្គង់តម្រូវការប្រជាជន អាចគ្រប់គ្រាន់ ព្រោះអ្នកចិញ្ចឹមគេបានត្រៀមសម្រាប់តម្រូវការនេះជាមុនរួចរាល់។ ចំនួនមានតួលេខដដែល គឺប្រមាណជាង 13ម៉ឺនក្បាល (ដោយកើនចំនួនមាន់ស្រែ តែថយតម្រូវការមាន់សាច់)”។ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ក៏បានអំពាវនាវផងដែរចំពោះអ្នកដែលចិញ្ចឹមជ្រូក និងចិញ្ចឹមមាន់ ដែលធ្វើការ
ផ្គត់ផ្គង់សាច់ក្នុងទីផ្សារ ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលក្នុងពេលកន្លងមក ធ្លាប់កើតមាន និងជំងឺផ្តាសាយបក្សី ត្រូវតែធ្វើជីវៈសុវត្ថិភាពជាប្រចាំនៅទីតាំង និងកន្លែងចិញ្ចឹម ដើម្បីការគ្រប់គ្រងបានល្អប្រសើរ ចៀសផុតពីស្ថានភាពនៃការរាលដាលនៃជំងឺឆ្លងបក្សី និងជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ៕