ភ្នំពេញ៖ បរិមាណអង្ករនាំចេញក្នុងរយៈពេល6ខែដើមឆ្នាំ2017នេះមានចំនួន 288,562តោន ដែលមានកំណើន 20,472 តោន កើនឡើងប្រមាណជា 7.60% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ2016។ ប៉ុន្តែយ៉ាងណានោះ ការនាំអង្ករចេញប្រចាំខែមិថុនា ឆ្នាំ2017 មានការថយចុះប្រមាណជា9.40% ធៀបនឹងខែមិថុនា ឆ្នាំ2016 នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
អង្ករគ្រប់ប្រភេទដែលនាំចេញរយៈពេល6ខែ ឆ្នាំ2017 មានបរិមាណ 151,088តោន ស្មើនឹង 52.36%។ អង្ករសគ្រប់ប្រភេទមានចំនួន103,780តោន ស្មើនឹង35,69% និងអង្ករចំហុយមានចំនួន33,694តោន ស្មើនឹង11.68%។ ក្នុងចំណោមអង្ករទាំងនោះ អង្ករក្រអូបចម្រុះមានបរិមាណនាំចេញ69,299តោន ស្មើនឹង24.02% អង្ករផ្ការំដួល/ផ្កាម្លិះមាន 73,011តោន ស្មើនឹង 25.30%។
សូមជម្រាបថា ក្នុងរយៈពេល 6ខែដើមឆ្នាំ2017នេះ អង្ករកម្ពុជាបាននាំចេញទៅកាន់ទិសដៅ 56ប្រទេស ក្នុងនោះប្រទេសចិនឈរលំដាប់លេខ1 មានចំនួន 94,720តោន ប្រទេសបារាំងលំដាប់ទី2 មានចំនួន 37,321តោន ប្រទេសប៉ូឡូញលំដាប់ទី3 មានចំនួន 25,639 តោន ហើយប្រទេសអង់គ្លេសឈរលំដាប់លេខ4 មានចំនួន 21,269តោន។ ចំណែកក្រុមហ៊ុននាំអង្ករចេញពីកម្ពុជាមានចំនួនសរុប72ក្រុមហ៊ុនដែលនាំមុខគេដោយក្រុមហ៊ុន Cristal Rice ក្រុមហ៊ុន Baitang Kampuchea និងក្រុមហ៊ុន Apsara Rice ជាដើម៕