យោងតាមសារព័ត៌មានថៃ Teenee ចេញផ្សាយប៉ុន្មានម៉ោងមុននេះបានអះអាងថា អភិបាលក្រុងវូហាន សារភាពថា រដ្ឋបាលក្រុងរបស់លោកបានលាក់បាំងព័ត៌មានអំពីការផ្ទុះឡើងពីវីរុសថ្មីនេះពីសាធារណជន ដែលទីក្រុងត្រូវបានបំផ្លាញដោយវីរុសដ៏កាចសាហាវ។
លោក Zhou Xianwang បានសារភាពថា ក្រុមរបស់គាត់មិនបានបញ្ចេញព័ត៌មានអំពីស្ថានភាពនេះទាន់ពេលទេ ទីក្រុងកំពុងជួបនូវការឆ្លងវីរុសពីមនុស្សទៅមនុស្សនៅទំហំដ៏ធំបំផុត។ លោកក៏បានប្រកាសលាលែងពីតំណែង និងទទួលកំហុសដែលមិនបានបើកបង្ហាញឱ្យដឹងពីព័ត៌មាននៃការរាតត្បាតវីរុសនេះជាមុនក្នុងតំណាក់កាលដំបូងទាំងស្រុង។
ការលាតត្រដាងនេះបានកើតឡើង បន្ទាប់ពីលោក Zhou បានបង្ហើបឱ្យដឹងថា ប្រជាជនវូហានប្រហែល ៥លាននាក់បានចាកចេញពីទីក្រុង មុនពេលវាត្រូវបានបិទកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ ទន្ទឹមនឹងនេះ គិតត្រឹមព្រឹកថ្ងៃពុធនេះ ចិនជាចំណុចផ្ទុះនៃ វីរុសផ្លូវដង្ហើមកូរ៉ូណាប្រភេទថ្មី (Coronavirus ឬ 2019n-CoV) ដែលមានមនុស្សស្លាប់ ១៣២នាក់ និងឆ្លងជិត ៦,០០០នាក់ ថៃក៏មានអ្នកឆ្លងច្រើនផងដែររហូតដល់ទៅ ១៤នាក់៕