ភ្នំពេញៈ ការផ្គត់ផ្គង់អគារការិយាល័យមានកំណើនខ្ពស់នៅឆ្នាំនេះ ដោយទំហំអគារការិយាល័យសរុបចំនួន 35,000ម៉ែត្រការ៉េ បានដាក់ចូលទីផ្សារនៅត្រឹមនៅដំណាច់ឆមាសទី1ឆ្នាំនេះ។
នាយិកាក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ CBRE Cambodia អ្នកនាងអាន សុធីតា បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី13 កក្កដានេះថា អគារការិយាល័យដែលបានផ្គត់ផ្គង់ចូលទីផ្សារមានកំណើន 12.50ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយមានទំហំការិយាល័យសរុបចំនួន 35,000ម៉ែត្រការ៉េ ហើយទំហំនៃការប្រើប្រាស់សរុបស្ថិតក្នុងរង្វង់ 75ទៅ76ភាគរយ នៃផ្ទៃក្រឡាសរុប។
អ្នកនាងបន្តថា “តម្រូវការប្រើប្រាស់អគារការិយាល័យមានការកើនឡើង ប៉ុន្តែដោយសារការផ្គត់ផ្គង់កើនឡើងខ្លាំងដែរ បានធ្វើឲ្យអត្រាប្រើប្រាស់រួមធ្លាក់ចុះបន្តិច ហើយតម្លៃនៃការជួលក៏មានការធ្លាក់ចុះបន្តិចផងដែរ”។ អ្នកនាងបន្តថា នៅឆ្នាំនេះក្រុមហ៊ុនភាគច្រើនបានពង្រីកទីផ្សាររបស់ពួកគេដែលធ្វើឲ្យតម្រូវការអគារការិយាល័យកើនឡើង ប៉ុន្តែភាគច្រើនជាក្រុមហ៊ុនក្នុងស្រុកច្រើនជាងក្រុមហ៊ុនបរទេស”។
លោក គុយ វ៉ាត អគ្គនាយកក្រុមហ៊ុន VUTRUST Group ដែលគ្រប់គ្រងអគារការិយាល័យចំនួន3នៅទីក្រុងភ្នំពេញបានថ្លែងថា ទីផ្សារការិយាល័យនៅតែមានភាពល្អប្រសើរ ពិសេសការិយាល័យកម្រិតB ដែលមានការពេញនិយមលើទីផ្សារ ព្រោះវាមានតម្លៃសមរម្យ និងស័ក្តិសមសម្រាប់ក្រុមហ៊ុនខ្នាតមធ្យម និងក្រុមហ៊ុនថ្មីៗដែលទើបបើកដំណើរការនៅលើទីផ្សារ ដោយសារពួកគេមិនចង់ចំណាយច្រើនលើសេវាកម្មជួលការិយាល័យនៅទីក្រុងភ្នំពេញ។ លោកបន្តថា ទន្ទឹមនឹងនោះការកើនឡើងនូវក្រុមហ៊ុនថ្មីៗ និងក្រុមហ៊ុនអន្តរជាតិថ្មីៗទើបចូលមកកម្ពុជា ពួកគេចាប់អារម្មណ៍លើអគារការិយាល័យកម្រិត B មុនពេលពួកគេពង្រីកក្រុមហ៊ុនកាន់តែធំហើយងាកទៅកាន់អគារការិយាល័យកម្រិត A៕