អាសន្នរោគ Wuhan (Corona) ប្រទេសចិន កំពុងធ្វើឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យឧស្សាហកម្មនៃប្រទេសនេះ។
រដ្ឋាភិបាលចិនថ្មីៗនេះ បានបង្ខំចិត្តប្រកាសដាក់ចេញនូវវិធានការមិនធម្មតាមួយ ដើម្បីជួយទប់ស្កាត់ការរាល ដាលនៃមេរោគរលាកសួតនេះ ដោយហាមមិនឱ្យក្រុមហ៊ុនទាំងឡាយធ្វើសកម្មភាពឡើងវិញនៅមុនថ្ងៃទី22 កុម្ភៈ ឆ្នាំ2020 ដូច្នេះ បុគ្គលិកនៃក្រុមហ៊ុនទាំងអស់នឹងបានឈប់សម្រាកបន្ថែម3ថ្ងៃទៀត ក្រោយពិធីបុណ្យចូលឆ្នាំចិន។
លើសពីនេះ អាជ្ញាធរនៃតំបន់មួយចំនួន ថែមទាំងបានដាក់បទបញ្ជាឱ្យក្រុមហ៊ុនទាំងអស់ ផ្អាកដំណើររហូតដល់ថ្ងៃទី9កុម្ភៈ ឆ្នាំ2020 លើកលែងតែក្រុមហ៊ុនដែលផ្ដល់សេវាកម្មសំខាន់ៗ ដូចជាក្រុមហ៊ុនទឹក ភ្លើង ឬផ្សារទំនើប។
បទបញ្ជាខាងលើ មិនត្រឹមតែប៉ះពាល់ដល់ក្រុមហ៊ុនក្នុងស្រុកនោះទេ តែវាប៉ះពាល់ដល់បណ្ដាក្រុមហ៊ុនបរទេសដែលរកស៊ីជាមួយចិន ពិសេសគឺនៅក្រុងសៀងហៃ។
តំបន់ Suzhou នៃប្រទេសចិន ដែលជាមជ្ឈមណ្ឌលបច្ចេកវិទ្យាដ៏ធំមួយ ស្ថិតនៅភាគពាយព្យនៃក្រុងសៀងហៃ កាលពីថ្ងៃចន្ទកន្លងទៅបានចេញបទបញ្ជា ហាមមិនឱ្យក្រុមហ៊ុនទាំងអស់ ធ្វើសកម្មភាពឡើងវិញនៅមុនថ្ងៃទី8មិនា ឆ្នាំ2020 នេះបើតាមការផ្សាយរបស់ទូរទស្សន៍ជាតិចិន។ នៅតំបន់នេះ មានក្រុមហ៊ុនយ៉ាងតិច 1,500 ក្នុងនោះក៏មានក្រុមហ៊ុនធំៗរបស់ជប៉ុន ដូចជា Panasonic និង Kobe Steel ផងដែរ។
ទន្ទឹមនិងនេះ អាជ្ញាធរនៃតំបន់ផ្សេងៗមួយចំនួនទៀតក៏បានចេញបទបញ្ជាប្រហាក់ប្រហែលគ្នានេះដែរ។ អាជ្ញាធរខេត្ត Shandong និង Shanxi ក៏បានហាមបុគ្គលិកបម្រើការឱ្យក្រុមហ៊ុនទាំងឡាយក្នុងខេត្តទាំងពីរនេះ ត្រឡប់មកធ្វើការវិញ ដោយរង់ចាំបទបញ្ជាថ្មី។
Foxconn ដែលជារោងចក្រផលិតទូរស័ព្ទឆ្លាតវៃក្នុងខេត្ត Shandong បានសម្រេចឱ្យបុគ្គលិកឈប់សម្រាកបន្ថែម3ថ្ងៃពីលើថ្ងៃសម្រាករដូវចូលឆ្នាំចិន ពោលគឺបានសម្រេករហូតដល់ថ្ងៃទី3កុម្ភៈ ឆ្នាំ2020 យូរជាងជិតមួយសប្ដាហ៍ បើធៀបនឹងគម្រោងដំបូង។
ចំណែកនៅឯក្រុង Wuhan វិញ អាជ្ញាធរបានសម្រេចចិត្តដាក់បម្រាមគោចរ ហើយមធ្យោបាយធ្វើដំណើរសាធារណៈភាគច្រើនត្រូវផ្អាកដំណើរការ។ រីឯក្រុមហ៊ុនផលិតរថយន្តនានាវិញ ក៏ត្រូវកែសម្រួលសង្វាក់ផលិតកម្ម ដើម្បីសម្របខ្លួនទៅនឹងបម្រាមគោចរនេះផងដែរ៕
ប្រភព៖ សារព័ត៌មានបរទេស