ក្រុមអ្នកស្រាវជា្រវបានបង្កើតផែនទីមួយដើម្បីបង្ហាញអំពីទិន្នន័យនៃចំនួនករណីឆ្លងមេរោគ Corona និងតំបន់ដែលរងការរាតត្បាតនៃមេរោគនេះ ដោយយោងទៅតាមរបាយការណ៍ពីប្រភពព័ត៌មានគួរជាទីទុកចិត្ត។
ក្រុមមន្ត្រីចិនបានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារមេរោគ Corona ដែលមានប្រភពពីតំបន់ Wuhan បានកើនឡើងដល់ 106នាក់ និងចំនួនអ្នកឆ្លងមេរោគនេះក៏កើនដល់ជាង 4500នាក់។ ដោយមើលឃើញភាពចាំបាច់ ក្រុមអ្នកស្រាវជ្រាវមកពីសកលវិទ្យាល័យ Johns Hopkins បាននាំគ្នាបង្កើតផែនទីដើម្បីតាមដានស្ថានការណ៍នៃការវិវដ្ដរបស់មេរោគ និងដើម្បីបង្ហាញអំពីទិន្នន័យនានាទាក់ទិននឹងអាសន្នរោគនេះ ដោយប្រើប្រាស់ទិន្នន័យដែលបានមកពីមជ្ឈមណ្ឌលគ្រប់គ្រង និងទប់ស្កាត់រោគឆ្លងនៃប្រទេសចិន និងបណ្ដាប្រទេសក្នុងពិភពលោក រួមនិងអង្គការសុខភាពពិភពលោក។ល។
នៅពេលមានរបាយការណ៍ថ្មី ផែនទីនេះនឹងធ្វើបច្ចុប្បន្នភាពអំពីចំនួនករណីឆ្លង និងករណីស្លាប់ រួមនិងអ្នកជម្ងឺដែលបានជាសះស្បើយ ទៅតាមពេលវេលាជាក់ស្ដែង (Real Time)។ ចំនុចក្រហមគឺបង្ហាញពីទីកន្លែងដែលមានអ្នកឆ្លងរោគ។ ទំហំនៃចំនុចក្រហម គឺស្មើនឹងចំនួនអ្នកឆ្លងមេរោគ។ នៅពេលចុចទៅលើចំនុចក្រហម វានឹងបង្ហាញព័ត៌មាននៃតំបន់ ពេលវេលានៃការធ្វើបច្ចុប្បន្នភាព និងប្រភពព័ត៌មាន។ នៅផ្នែកខាងលើ ជ្រុងខាងឆ្វេង គឺជាមុខងារពង្រីក និងបង្រួមទីតាំង ដើម្បីងាយស្រួលក្នុងការពិនិត្យមើលទិន្នន័យ។
មកដល់បច្ចុប្បន្ន ចំនួនប្រទេសដែលបានប្រកាសថាបានរកឃើញអ្នកជំងឺរលាកសួត Corona គឺចំនួន16ប្រទេស បូករួមទាំងកោះតៃវ៉ាន់។
នៅប្រទេសចិន យ៉ាងហោចណាស់មានមនុស្សជាង33លាននាក់ រងផលប៉ះពាល់ពីអាសន្នរោគនេះ បន្ទាប់ពីវាបានឆ្លងរាលដាលខ្លាំងនាំឱ្យអាជ្ញាធរចេញបម្រាមគោចរនៅទីក្រុង Wuhan និងបណ្ដាទីក្រុងជាច្រើនផ្សេងទៀតដែលនៅក្បែរៗតំបន់ Wuhan នេះគឺមិនទាន់និយាយដល់ផលប៉ះពាល់ទៅលើប្រជាជននៃបណ្ដាប្រទេសក្នុងពិភពលោក។
ប្រភព៖ ព័ត៌មានបរទេស