វគ្គបណ្តុះបណ្តាលស្តីពីបច្ចេកវិទ្យា5G ដែលរៀបចំឡើងដោយបណ្ឌិត្យសភាបច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មាននៃសាធារណរដ្ឋប្រជាមានិតចិន(ហៅកាត់ថា CAICT)សម្រាប់មន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ត្រូវបានធ្វើឡើងកាលពីថ្ងៃទី6 ដល់ថ្ងៃទី10 ខែមករា ឆ្នាំ2020 កន្លងទៅនៅទីក្រុងប៉េកាំង ត្រូវបានបិទបញ្ចប់ហើយក្រោមអធិបតីភាពរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
វគ្គបណ្តុះបណ្តាលនេះ គឺធ្វើឡើងក្នុងគោលបំណងចែករំលែកនូវបទពិសោធដល់មន្ត្រីនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ស្តីអំពីគោលនយោបាយសម្រាប់ការគាំទ្រការអភិវឌ្ឍបច្ចេកវិទ្យា 5G និងធ្វើបច្ចុប្បន្នភាពចុងក្រោយនៃបទពិសោធអំពីការដាក់ពង្រាយ 5G របស់សាធារណរដ្ឋប្រជាមានិតចិន និងបណ្តាប្រទេសមួយចំនួនទៀត។
ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍ថា៖“បច្ចេកវិទ្យា5G គឺជាហេដ្ឋារចនាសម្ព័ន្ធឌីជីថលដ៏សំខាន់ ក្នុងការកសាងបណ្តាញតភ្ជាប់ដ៏ពេញលេញ និងវៃឆ្លាតនៅក្នុងប្រទេសកម្ពុជា ហើយរាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាជំរុញឱ្យមានផែនទីបង្ហាញផ្លូវនៃការរៀបចំប្រព័ន្ធ5G (5G roadmap)និងចាប់ផ្តើមដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងឆ្នាំ2020 នេះ”។
ឯកឧត្តមបានបន្តថា៖“នៅប៉ុន្មានខែខាងមុខ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC)នឹងធ្វើការលើការរៀបចំផែនទីបង្ហាញ ផ្លូវ សម្រាប់បច្ចេកវិទ្យា 5G (5G roadmap) និងប្តេជ្ញាជំរុញការអភិវឌ្ឍប្រព័ន្ធ 5G នៅឆ្នាំ2020 សម្រាប់ប្រទេសកម្ពុជា។
ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងភាពចាស់ទុំនៃខ្សែចង្វាក់ឧស្សាហកម្ម 5G នឹងមិនត្រឹមតែជំរុញការផ្លាស់ប្តូរ និងការធ្វើឱ្យឧស្សាហកម្មបែបប្រពៃណីមានភាពប្រសើរឡើងប៉ុណ្ណោះទេ តែថែមទាំងចូលរួមបង្កើតមុខជំនួញថ្មីៗ ជាច្រើនទៀតផងដែរ”។
ឯកឧត្តមបានបញ្ជាក់ថា៖“បច្ចេកវិទ្យា5G បានក្លាយជាកម្លាំងថាមពលថ្មីមួយទៀត ដែលអាចឱ្យយើងអាចទាញយកនូវបដិវត្តន៍ឧស្សាហកម្មជំនាន់ទី4 និងជាកត្តាជំរុញមួយក្នុងការសម្រេចចក្ខុវិស័យដែលបានដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រែក្លាយព្រះរាជាណាចក្រកម្ពុជាយើង ទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ2050 ”។
គួរបញ្ជាក់ផងដែរថា CAICT គឺជាវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រ ស្ថិតក្រោមក្រសួងឧស្សាហកម្ម និងព័ត៌មានវិទ្យាចិន (MIIT)។ CAICT បាននិងកំពុងផ្តល់នូវការគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធសាស្ត្រ ផែនការ គោលនយោបាយ ស្តង់ដា ការសាកល្បង និងវិញ្ញាបនបត្រសម្រាប់ការអភិវឌ្ឍវិស័យបច្ចេកវិទ្យា និងព័ត៌មាន និងកម្មវិធីព័ត៌មានវិទ្យានៅក្នុងប្រទេសចិន។
តាមរយៈការបណ្តុះបណ្តាលរយៈពេល 5ថ្ងៃកន្លងមកនេះ ក៏បានលើកឡើងនូវប្រធានបទជាច្រើនដូចជា យុទ្ធសាស្ត្រនៃបច្ចេកវិទ្យា 5G និងការអភិវឌ្ឍឧស្សាហកម្មជាសកល និងសម្រាប់ប្រទេសចិនប្រធានបទស្តីអំពីស្តង់ដា និងបច្ចេកវិទ្យា 5G ការចែករំលែកហេដ្ឋារចនាសម្ព័ន្ធ5G ផែនការ និងការគ្រប់គ្រងវិសាលគមន៍ (Spectrum) សន្តិសុខអុីនធើណិតនៃប្រព័ន្ធ 5G សេវាកម្ម និងកម្មវិធីផ្សេងៗនៃបច្ចេកវិទ្យា5G។ល។ ក្រៅពីនោះ វគ្គបណ្តុះបណ្តាលក៏មានការចូលរួមពីតំណាងក្រុមហ៊ុន China Unicom និង China Telecom ដើម្បីចែករំលែកនូវបទពិសោធរបស់ពួកគេ អំពីការដាក់ពង្រាយប្រព័ន្ធ 5G ជាផ្លូវការនៅក្នុងប្រទេសចិនផងដែរ។
ឯកឧត្តម សុខ ពុទ្ធិវុធ ក៏បានជួបពិភាក្សាការងារជាមួយលោក Lu Jianwen អគ្គនាយករងនៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងឧស្សាហកម្ម និងព័ត៌មានវិទ្យាចិន (MIIT) លោកស្រី Wang Zhiqin អនុប្រធាននៃ CAICT និងលោក Victor Zhang អគ្គនាយកបច្ចេកទេសនៃក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា ដែលនេះជាកិច្ចពិភាក្សាស៊ីជម្រៅស្តីអំពីគំរូនៃការអភិវឌ្ឍបច្ចេកវិទ្យា5G នៅកម្ពុជាតាមទស្សនៈនៃក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានចិន (MIIT) បណ្ឌិត្យសភាបច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មានចិន(CAICT) និងក្រុមហ៊ុន Huawei។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងគណៈប្រតិភូបានអញ្ជើញទស្សនកិច្ចមជ្ឈមណ្ឌលពិព័រណ៍ R&D (Executive Briefing Center) នៃក្រុមហ៊ុន Huawei នៅទីក្រុងប៉េកាំង។ ក្រុមហ៊ុន Huawei បានបង្ហាញនូវផលិតផល និងដំណោះស្រាយចុងក្រោយ នៃប្រព័ន្ធ5G និងបទបង្ហាញស្តីអំពីបទពិសោធនៃបច្ចេកវិទ្យា5G សម្រាប់ទីផ្សារពិភពលោក។
នៅក្នុងពេលទស្សនកិច្ចនោះ គណ:ប្រតិភូកម្ពុជាបានស្វែងយល់ពីការប្រើប្រាស់បច្ចេកវិទ្យា 5G នៅក្នុងវិស័យផ្សេងៗ ដូចជា ទីក្រុងឆ្លាតវៃ ការអប់រំឆ្លាតវៃសុខាភិបាលឆ្លាតវៃ សន្តិសុខសណ្តាប់ធ្នាប់ និងវិស័យផ្សេងៗទៀតដែលបច្ចេកវិទ្យានេះនឹងជួយដល់ការបង្កើនប្រសិទ្ធភាពការងារ និងគុណភាពនៃជីវិតនាពេលអនាគត និងជាពិសេស គឺការចាប់ផ្តើមពន្លឿនដំណើរការបច្ចេកវិទ្យា5G សម្រាប់កម្ពុជានៅឆ្នាំ2020 នេះ៕